មនុស្ស​ដើរ​កាត់​បដា​មួយ​ដែល​ស្វាគមន៍​មុន​ការ​​មក​ដល់​របស់​ប្រធាន​រដ្ឋសភា​អាមេរិក​អ្នកស្រី Nancy Pelosi នៅ​ទី​ក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ កាល​ពី​ថ្ងៃ​អង្គារ​ទី​២ ខែ​សីហា ឆ្នាំ​២០២២។

ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង — គណៈប្រតិភូ​សភា​សហរដ្ឋ​អាមេរិក​ដែល​ដឹកនាំ​ដោយ​ប្រធាន​រដ្ឋសភា​អ្នកស្រី Nancy Pelosi បាន​ធ្វើ​ដំណើរទៅ​ដល់​កោះ​តៃវ៉ាន់​នៅ​យប់​ថ្ងៃ​អង្គារ​នេះ ដោយ​ប្រឆាំង​នឹង​ការ​ព្រមាន​របស់​ចិន។ កន្លង​មក ចិន​បាន​គំរាម​ថា​នឹង​ឆ្លើយតប​បែប​យោធា ប្រសិនបើ​អ្នកស្រី Pelosi ហ៊ាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​កោះ​តៃវ៉ាន់។

អ្នកស្រី Pelosi បាន​ធ្វើ​ដំណើរទៅ​ដល់​តៃវ៉ាន់​នៅ​ម៉ោង​ប្រមាណ ១០ និង ៤៤ នាទី​យប់ ម៉ោង​នៅ​តៃវ៉ាន់ ត្រូវ​នឹង​ម៉ោង​៩ និង​៤៤ នាទី​យប់​ថ្ងៃ​អង្គារម៉ោង​នៅ​កម្ពុជា។

គេ​រំពឹង​ថា អ្នកស្រី​នឹង​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​តៃវ៉ាន់​អ្នកស្រី Tsai Ing-wen និង​សមាជិក​សភា​ជាន់ខ្ពស់​តៃវ៉ាន់​ផ្សេង​ទៀត​នៅ​ថ្ងៃ​ពុធ​ស្អែក។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Zhao Lijian បាន​ព្រមាន​កាលពី​ថ្ងៃ​ចន្ទ​ថា យោធា​ចិន​នឹង​មិន «នៅ​ស្ងៀម» នោះ​ទេ ប៉ុន្តែ​នឹង​ចាត់ «វិធានការ​តបត​ខ្លាំងក្លា​ដើម្បី​ការពារ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​របស់​ប្រទេស​ចិន»។

កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ យន្តហោះ​ចម្បាំង​និង​នាវា​ចម្បាំង​ចិន​ជា​ច្រើន​គ្រឿង​បាន​ធ្វើ​ដំណើរ​ចូល​ទៅ​ជិត​ខ្សែ​បន្ទាត់​កណ្ដាល​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់។ នេះ​បើ​យោង​តាម​ប្រភព​ដែល​មិន​បញ្ជាក់​អត្តសញ្ញាណ​ដែល​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ដកស្រង់​សម្ដី។

ប្រភព​នេះ​បាន​បញ្ជាក់​ថា យន្តហោះ​ចម្បាំង​ចិន​បាន​ធ្វើ​ការ​ហោះហើរ​បែប​កលយុទ្ធ «បង្កហេតុ​ធ្ងន់ធ្ងរ» ដោយ​បាន​ហោះ «ប៉ះ» រយៈពេល​ខ្លី​លើ​ខ្សែ​បន្ទាត់​បែងចែក​មិន​ផ្លូវការ​នៃ​ព្រំប្រទល់​រវាង​ចិន​និង​តៃវ៉ាន់​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ និង​បាន​ហោះ​ត្រឡប់​ទៅ​វិញ។ ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​បន្ថែម​ថា តៃវ៉ាន់​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ទៅ​ពិនិត្យ​ស្ថានការណ៍៕