មេដឹកនាំក្រុមអាកៃដាលោក Ayman Al-Zawahiri ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកមួយពីក្រុមចារកម្មអាមេរិក(CIA) នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

មេដឹកនាំក្រុមអាកៃដាលោក Ayman Al-Zawahiri ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកមួយពីក្រុមចារកម្មអាមេរិក(CIA) នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមការប្រកាសរបស់លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក នៅក្នុងកម្មវិធីផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សនកាលពីយប់ថ្ងៃចន្ទ។

លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក បានប្រកាសពីការស្លាប់របស់លោក Al-Zawahiri នៅក្នុងកម្មវិធីផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សនកាលពីយប់ថ្ងៃចន្ទ។ រូបភាព៖ AP

លោក Al-Zawahiri ត្រូវ​បាន​គេ​សម្លាប់​កាល​ពី​ថ្ងៃ​អាទិត្យ នៅ​ក្នុង​ការ​វាយ​ប្រហារ​ដ៏​ធំ​បំផុត​ចំពោះ​ក្រុម​អាកៃដា ​ចាប់​តាំង​ពី​ស្ថាបនិកគឺលោក Osama bin Laden ត្រូវ​បាន​អាមេរិក​សម្លាប់​ក្នុង​ឆ្នាំ២០១១។ លោក ចូ បៃដិន បានប្រកាសថា នេះគឺជាការទទួលបានយុត្តិធម៌ ហើយមេដឹកនាំភេរវកររូបនេះលែងមានទៀតហើយ។

លោកបន្តថា ក្រុមអ្នកស៊ើបការណ៍បានរកឃើញគ្រួសាររបស់ Al Zawahiri នៅក្នុងរដ្ឋធានីកាប៊ុលនៅដើមឆ្នាំ២០២២នេះ ហើយលោកបញ្ជាក់ថា គ្មានជនស៊ីវិលឬសមាជិករបស់មេដឹកនាំភេរករអាកៃដារូបនេះ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនោះឡើយ។

លោក Al Zawahiri គឺកើតនៅក្នុងប្រទេសអេហ្ស៊ីប ជាគ្រូពេទ្យខាងវះកាត់ និងសាសនវិទូពូកែខាងទ្រឹស្ដី គឺជាអ្នកបានសម្របសម្រួលបើកការវាយប្រហារភេរវកម្មលើសហរដ្ឋអាមេរិកកាលពីខែកញ្ញាឆ្នាំ២០០១ ដែលបានសម្លាប់មនុស្សជិត៣ពាន់នាក់។

មន្រ្តីអាមេរិកសុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកសារព័ត៌មានថា ក្រុមCIA បានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ដោយបាញ់គ្រាប់មីស៊ីលអស់ចំនួន២គ្រាប់ ខណៈមេដឹកនាំភេរវកររូបនេះ កំពុងស្ថិតនៅយ៉ផ្ទះ។ អ្នកវិភាគមើលឃើញថា វត្តមានរបស់មេដឹកនាំអាកៃដានៅរដ្ឋធានីកាប៊ុល គឺបង្ហាញពីទំនាក់ទំនងជាមួយក្រុមតាលីបង់។

ក្រុមតាលីបង់បានបញ្ជាក់ពីការវាយប្រហាររបស់អាមេរិក នៅក្នុងរដ្ឋធានីកាប៊ុលនេះ និងបានថ្កោលទោសថា វាជាការរំលោភលើគោលការណ៍អន្តរជាតិ។ ប៉ុន្តែមន្ត្រីអាមេរិកបាននិយាយនៅមុននេះថា វត្តមានរបស់លោក al-Zawahiri មេដឹកនាំអាកៃដា នៅរដ្ឋធានីកាប៊ុល គឺជាការរំលោភយ៉ាងច្បាស់ នៃកិច្ចព្រមព្រៀងទីក្រុងដូហា(Doha) ដែលអាមេរិក និងពួកតាលីបង់បានចុះហត្ថលេខាជាមួយគ្នាក្នុងឆ្នាំ២០២០។

កិច្ចព្រមព្រៀងនោះ បានត្រួសត្រាយផ្លូវសម្រាប់ការដកកងកម្លាំងបរទេស ដែលដឹកនាំដោយសហរដ្ឋអាមេរិក ជាថ្នូរនឹងការធានាពីក្រុមតាលីបង់មិនអនុញ្ញាតឱ្យក្រុមភេរវកម្ម ដូចជាក្រុមអាល់កៃដា និងក្រុមអង្គការរដ្ឋឥស្លាម(ISIS) ប្រើប្រាស់ទឹកដីអាហ្វហ្គានីស្ថាន ធ្វើប្រតិបត្តិការ។ កងកម្លាំងអាមេរិកបានដកខ្លួនចេញមុនកាលបរិច្ឆេទកំណត់នៅថ្ងៃទី៣១សីហា នៅក្នុងអ្វីដែលបានក្លាយទៅជាសមយុទ្ធដ៏ច្របូកច្របល់ បញ្ចប់សង្រ្គាមដ៏យូរបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិកនៅអាហ្វហ្គានីស្ថាន៕