សិក្ខាសាលានេះត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកក្កដា ជាភាសាខ្មែរ និងភាសាអង់គ្លេសដោយគ្រូជំនាញល្បីក្នុងស្រុកដែលមានបទពិសោធន៍ក្នុងការបណ្តុះបណ្តាល។រូបភាព៖ ព្រីនស៍ ហូលឌីង គ្រុប

យោងតាមរបាយការណ៍ទស្សនវិស័យទីផ្សារការងាររបស់សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ ៩៣% នៃនិយោជកបានលើកឡើងថា ជំនាញទន់ដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចចិត្តជ្រើសរើសបុគ្គលិករបស់ពួកគេ។ ដើម្បីបង្កើនសក្តានុពលនៃអាជីពការងាររបស់និស្សិតអាហារូបករណ៍ ចេន ហ្ស៊ី ទាំង ២០នាក់នៃ​មូលនិធិ ព្រីនស៍ បានសហការជាមួយក្រុមហ៊ុនប្រឹក្សាអភិវឌ្ឍន៍ទេពកោសល្យ Grow4Growth រៀបចំសិក្ខាសាលាបណ្តុះបណ្តាលជំនាញទន់រយៈពេល ៣ថ្ងៃ ដើម្បីលើកកម្ពស់ការអភិវឌ្ឍខ្លួន ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងជំនាញក្នុងការគិតពិចារណាទៅកាន់និស្សិត។

សិក្ខាសាលានេះត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកក្កដា ជាភាសាខ្មែរ និងភាសាអង់គ្លេសដោយគ្រូជំនាញល្បីក្នុងស្រុកដែលមានបទពិសោធន៍ក្នុងការបណ្តុះបណ្តាល។

នៅថ្ងៃដំបូងនៃវគ្គបណ្តុះបណ្តាល និស្សិតបានសិក្សា និងអភិវឌ្ឍសក្តានុពលរបស់ពួកគេដោយបានពង្រឹងនូវការស្គាល់អំពីខ្លួនឯង ដឹងពីគោលដៅរបស់ខ្លួន និងវិធីសាស្រ្តសម្រាប់ការលើកទឹកចិត្តខ្លួនឯង។ ថ្ងៃទីពីរនៃវគ្គបណ្តុះបណ្តាល និស្សិតរបស់យើងបានទទួលការបំប៉នចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីឱ្យពួកគេអាចគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួននាពេលបច្ចុប្បន្ន និងអនាគតដោយជោគជ័យ ខណៈដែលថ្ងៃចុងក្រោយនៃវគ្គបណ្តុះបណ្តាលបានផ្តោតទៅលើការអភិវឌ្ឍជំនាញក្នុងការគិតប្រកបដោយភាពច្នៃប្រឌិត និងជំនាញវិភាគ ដែលជួយឱ្យពួកគេត្រៀមខ្លួនរួចជាស្រេចសម្រាប់បញ្ហាប្រឈមនានាក្នុងអំឡុងពេលសិក្សារបស់ពួកគេ។

លោក Gabriel Tan នាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងរបស់ ព្រីនស៍ ហូលឌីង គ្រុប បានមានប្រសាសន៍ថា ការសិក្សាពេញមួយជីវិត ជំនាញវិភាគ និងជំនាញហិរញ្ញវត្ថុផ្ទាល់ខ្លួន គឺរឹតតែមានសារៈសំខាន់សម្រាប់និស្សិតសាកលវិទ្យាល័យដែលកំពុងស្វែងរកអនាគតដ៏ល្អមួយ ហើយមូលនិធិព្រីនស៍ មានសេចក្តីរីករាយក្នុងការសហការជាមួយ Grow4Growth ដើម្បីធានាឱ្យបានថា សិស្សនិសិត្សរបស់យើងទាំងអស់បានរៀបចំខ្លូនរួចរាល់សម្រាប់អនាគតរបស់ខ្លួន។

លោកថ្លែងដូច្នេះថា៖«ជំនាញនានា ក៏ដូចជាជំនាញវិភាគដែលតម្រូវឱ្យមានដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០ បានបង្ហាញឱ្យឃើញថាសិស្សនិស្សិតមិនអាចពឹងផ្អែកលើការសិក្សាក្នុងសាលាតែមួយមុខនោះទេ»។

លោកស្រី Kim Tol Tan ស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Grow4Growth Consultant  មានប្រសាសន៍ថា៖«ការអភិវឌ្ឍន៍សមត្ថរបស់បុគ្គលគ្រប់រូប គឺជាបេសកកម្មរបស់យើង ហើយយើងមានកិត្តិយសក្នុងការធ្វើសហការជាមួយ មូលនិធិ ព្រីនស៍ និងនិស្សិតអាហារូបករណ៍ ចេន ហ្ស៊ី ដែលពួកគាត់បានបង្ហាញពីឆន្ទៈ និងសក្តានុពលរបស់ខ្លួនក្នុងអំឡុងពេលសិក្ខាសាលា»។

លោកស្រីថ្លែងទៀតថា៖«យើងមានកិត្តិយសដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សមត្ថភាពរបស់យុវជនកម្ពុជាយើងឲ្យមានអនាគតភ្លឺស្វាង»។

កម្មវិធីអាហារូបករណ៍របស់ មូលនិធិព្រីនស៍(មូលនិធិសប្បុរសធម៌របស់ ព្រីនស៍ ហូលឌីង គ្រុប) គឺអាហារូបករណ៍ ចេន ហ្ស៊ី (ដែលដាក់ឈ្មោះតាមអ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប) មានគោលបំណងផ្តល់ទាំងជំនួយក្នុងការសិក្សា និងបទពិសោធន៍ការងារដល់និស្សិត ដោយធានាថាពួកគេទទួលបានការអប់រំដែលមានគុណភាព ក៏ដូចជាឱកាសក្នុងការដកបទពិសោធការងារស្ដង់ដាអន្តរជាតិ៕