បុរសអាយុ៤១ឆ្នាំ កំពុងចាក់វ៉ាក់សាំងការពារជំងឺអុតស្វា នៅក្នុងទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០២២។ រូបភាព៖ AP

អេស្ប៉ាញបានរាយការណ៍ករណីស្លាប់ទី២ដោយសារជំងឺអុតស្វា កាលពីថ្ងសៅរទី៣០កក្កដា បន្ទាប់ពីករណីស្លាប់ទី១ ត្រូវបានរាយការណ៍កាលពីថ្ងៃសុក្រ។

អេស្ប៉ាញជាប្រទេសទី២ បន្ទាប់ពីប្រេស៊ីល ដែលបានរាយការណ៍មានអ្នកស្លាប់ដោយសារជំងឺអុតស្វា ដែលស្ថិតនៅក្រៅតំបន់អាហ្វ្រិក។ យោងតាមរបាយការណ៍ពីអង្គការសុខភាពពិភពលោកពីថ្ងៃទី២២កក្កដា គឺមានអ្នកស្លាប់ដោយសារជំងឺអុតស្វានេះ តែ៥នាក់ប៉ុណ្ណោះ ហើយអ្នកទាំងនោះ គឺសុទ្ធតែស្ថិតនៅតំបន់អាហ្វ្រិក។

អង្គការសុខភាពពិភពលោក បានឱ្យដឹងថា មានករណីឆ្លងជំងឺអុតស្វាជាង១ម៉ឺន៨ពាន់នាក់ ត្រូវបានរកឃើញនៅទូទាំងពិភពលោកគិតចាប់តាំងពីដើមខែឧសភាមក ប៉ុន្តែករណីទាំងនោះគឺស្ថិតនៅក្រៅទ្វីបអាហ្រ្វិក។ អេស្ប៉ាញ ជាប្រទេសអឺរ៉ុបដែលរងការវាយប្រហារខ្លាំងជាងគេជំងឺអុតស្វា គឺមានករណីឆ្លងសរុបចំនួន៤,២៩៨នាក់ ក្នុងនោះអ្នកឈឺធ្ងន់សម្រាកនៅមន្ទីរពេទ្យ១២០នាក់ និងស្លាប់ពីរនាក់។

បណ្ដាញសារព័ត៌មានអេស្ប៉ាញបានរាយការណ៍ថា ករណីស្លាប់ទី១ គឺបណ្ដាលមកពីជំងឺរលាកខួរក្បាល ដែលមានការជាប់ពាក់ព័ន្ធនឹងការឆ្លងវីរុសអុតស្វា ខណៈអ្នកស្លាប់នៅក្នុងប្រទេសប្រេស៊ីល ក៏ត្រូវបានគេរាយការណ៍ថា បានបណ្ដាលមកពីមូលហេតុជំងឺរលាកខួរក្បាលដូចគ្នា និងប្រព័ន្ធការពាររាងកាយចុះខ្សោយ៕