
ក្រុមហ៊ុន Kulara Water (គូឡារ៉ា វ៉ធើរ) ជាក្រុមហ៊ុនផលិតទឹករ៉ែធម្មជាតិ អូ គូលែន ឈានមុខគេនៅកម្ពុជា បានប្តេជ្ញាចិត្តបន្តអភិវឌ្ឍប្រកបដោយចីរភាព និងទំនួលខុសត្រូវសង្គមបន្ទាប់ពីឈ្នះពានរង្វាន់ថ្មីចំនួន២ សម្រាប់ជាការផ្តល់កត្តិយសដល់ គូឡារ៉ា វ៉ធើរ នៃកិច្ចខិតខំប្រឹងប្រែងចូលអភិវឌ្ឍន៍បៃតងក្នុងជីវកម្មជិត១ទសវត្សរ៍នៅកម្ពុជា។
កម្មវិធីពានរង្វាន់សហគ្រាសទទួលខុសត្រូវអាស៊ី(AREA)ឆ្នាំ២០២២ដែលរៀបចំដោយអង្គការ Enterprise Asia ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ភាពជាសហគ្រិនដែលមានទំនួលខុសត្រូវ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនចូលរួមក្នុងទំនួលខុសត្រូវរបស់ពួកគេ។

ក្រុមហ៊ុន Kulara Water បានដាំដើមឈើកម្របានជាង ១០ម៉ឺនដើមចាប់តាំងពីឆ្នាំ២០១៨មក។រូបភាព៖ផ្តល់ដោយ Kulara Water
លោកបណ្ឌិត Jacques Marcille នាយកប្រតិបត្តិ និងជាសហស្ថាបនិក Kulara Water ប្រាប់ខ្មែរណាស់តាមសារអេឡិចត្រូនិកនៅថ្ងៃចន្ទថា ពានរង្វាន់ទាំង២នោះ ដែល Kulara Water ទទួលបាន រួមមានពានរង្វាន់ «ភាពជាអ្នកដឹកនាំបៃតង-Green Leadership» និង ពានរង្វាន់«ភាពជាអ្នកដឹកនាំអាជីវកម្មប្រកបដោយការទទួលខុសត្រូវ-Responsible Business Leadership» ដែលបានផ្តល់កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។
ពានរង្វាន់«ភាពជាអ្នកដឹកនាំបៃតង»ផ្តល់ឱ្យ Kulara Water ទៅលើកម្មវិធីដាំដើមឈើឡើងវិញ និងការដាំឡើងវិញនូវប្រភេទដើមឈើដែលគំរាមកំហែងជិតផុតពូជដែលបានចាប់ផ្តើមនៅឆ្នាំ ២០១៨ ក្នុងភាពជាដៃគូឈានមុខគេជាមួយអង្គការមូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍ (ADF)។
កម្មវិធីដ៏មានមហិច្ឆិតារបស់ Kulara Water នេះបានដាំដើមឈើកម្របានជិត ១០ ៣០០០ ដើម ក្នុងរយៈពេលប្រហែល ៤ឆ្នាំ ក្នុងនោះ ឈើ ៩ ១៣៦ដើម បានដាំលើផ្ទៃដី ៤០,៥ហិកតាក្នុងតំបន់អភិរក្សរបស់ Kulara Water និងឈើ ៩២ ៩៣៥ដើម ត្រូវបានដាំក្នុងឧទ្យានជាតិភ្នំគូលែន។
កម្មវិធីនេះក៏បានរួមបញ្ចូលនូវសកម្មភាពលើកកម្ពស់ការយល់ដឹងដល់យុវជនជំនាន់ក្រោយអំពីការការពារបរិស្ថាន និងធនធានធម្មជាតិ ដោយមានការចូលរួមពីកុមារជិត ៦០០នាក់ មកពីសាលាបឋមសិក្សាចំនួន៣ ព្រមទាំងលោកគ្រូ អ្នកគ្រូចំនួន ២០នាក់ បានផ្តល់ជាប្រយោជន៍ផ្ទាល់ដល់ប្រជាពលរដ្ឋចំនួន ៤៣០គ្រួសារ និង អ្នកភូមិចំនួន ២ ១០០នាក់នៅតំបន់ភ្នំគូលែន។

បន្ទះស្រូបពន្លឺព្រះអាទិត្យជិត ៦ ៥០០ m2 ត្រូវបានដំឡើងដែលមានសមត្ថភាពផលិតថាមពលបៃតងសរុប ៦៥០ kWp សម្រាប់ប្រើប្រាស់នៅក្នុងក្រុមហ៊ុន Kulara Water។ រូបភាព៖ផ្តល់ដោយ Kulara Water
រីឯ ពានរង្វាន់«ភាពជាអ្នកដឹកនាំអាជីវកម្មប្រកបដោយការទទួលខុសត្រូវ»របស់ AREA បានផ្តល់កិត្តិយសដល់ដំណើរជីវិតអាជីពនៃការប្តេជ្ញាចិត្តរបស់បណ្ឌិត Jacques Marcille នាយកប្រតិបត្តិ និងជាសហស្ថាបនិក Kulara Water រួមទាំង លោក Bernard Forey ផងដែរ។
ដោយសហប្រតិបត្តិការឈានមុខជាមួយក្រុមហ៊ុន TotalEnergies ក្រុមហ៊ុន Kulara Water កំពុងវិវឌ្ឍន៍ខ្លួនទៅអនាគតជាមួយនឹងមហិច្ឆតាជាថ្មីទាក់ទងនិងស្វ័យភាពថាមពល ការកាត់បន្ថយដានកាបូន ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ទំនួលខុសត្រូវសង្គម និងកំណើនក្រុមហ៊ុន។
បន្ទះស្រូបពន្លឺព្រះអាទិត្យជិត ៦ ៥០០ m2 ត្រូវបានដំឡើង សម្រាប់សមត្ថភាពផលិតថាមពលបៃតងសរុប ៦៥០ kWp នៅនឹងកន្លែង និងកសិដ្ឋានបន្ទះស្រូបពន្លឺព្រះអាទិត្យក៏ត្រូវបានភ្ជាប់ទៅប្រព័ន្ធអាគុយផ្ទុកថាមពល ៨៩៦ kW ដែលប្រព័ន្ធនេះដំណើរការតាំងពីខែមករា ឆ្នាំ ២០២២។

នាំមុខនៅក្នុងទីផ្សារទឹករ៉ែធម្មជាតិ ក្រុមហ៊ុន Kulara Water បន្តកំណើនរបស់ខ្លួនដោយផ្អែកលើនុវត្តភាព និងទំនួលខុសត្រូវសង្គមជាកត្តាជំរុញដ៏សំខាន់នៃការអភិវឌ្ឍន៍។រូបភាព៖ផ្តល់ដោយ Kulara Water
លោកបណ្ឌិត Jacques Marcille បានឱ្យដឹងថា ក្រុមហ៊ុនបានប្តេជ្ញាចិត្តចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួនទៅកាន់គោលដៅនៃកំណើនប្រកបដោយនិរន្តរភាព ទើបតែបានបំពាក់រោងចក្រផលិតទឹករ៉ែធម្មជាតិរបស់ខ្លួននៅជើងភ្នំគូលែនជាមួយនឹងប្រព័ន្ធព្រះអាទិត្យកូនកាត់ដែលធានានូវឯករាជ្យភាពថាមពលរបស់ខ្លួន។
លោកថ្លែងទៀតថា៖«ប្រព័ន្ធប្រកបដោយភាពច្នៃប្រឌិតនេះ ដែលត្រូវបានរចនា ដំឡើង និងដំណើរការដោយក្រុមហ៊ុនTotalEnergies គឺជាប្រព័ន្ធដំបូងគេក្នុងប្រទេសកម្ពុជា។ Kulara Water បានអនុវត្តអាជីវកម្មត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងឧត្តមភាព ទំនួលខុសត្រូវសង្គម និង សមធម៌ ហើយមានបំណងជំរុញអ្នកដើរតួក្នុងតំបន់ផ្សេងទៀតអោយអនុវត្តអាជីវកម្មប្រកបដោយនិរន្តរភាព ដើម្បីផ្តល់ជាប្រយោជន៍ដល់មនុស្សជាតិចំនួនច្រើនបំផុត»។

ទឹករ៉ែធម្មជាតិ ម៉ាក អូ គូលែន គឺជាទឹករ៉ែធម្មជាតិដំបូងគេរបស់កម្ពុជាដែលទាញយកប្រភពរបស់វាពីភ្នំដ៏ពិសិដ្ឋបំផុតរបស់ប្រទេសកម្ពុជាត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០១៣។
កាលពីឆ្នាំ ២០១៩ ក្រុមហ៊ុន Kulara Water បានឈ្នះពានរង្វាន់អាជីវកម្មដែលមានការទទួលខុសត្រូវសង្គម(CSR)លើកទី១ពីសភាពាណិជ្ជកម្មអឺរ៉ុប និងពានរង្វាន់សហគ្រាសដែលមានទំនួលខុសត្រូវអាស៊ី(Asia Responsible Enterprise Awards)លើការវិនិយោគលើមនុស្សនៅឆ្នាំ២០២០។
ក្រៅពីក្រុមហ៊ុន Kulara Water កម្មវិធីពានរង្វាន់សហគ្រាសទទួលខុសត្រូវអាស៊ី(AREA)ឆ្នាំ២០២២ ក៏បានផ្តល់ពានរង្វាន់ដល់ក្រុមហ៊ុនវិនិយោគនៅកម្ពុជាចំនូន ២ ផ្សេងទៀត។
រួមមាន ក្រុមហ៊ុន Prince Holding Group ទទួលបានពានរង្វាន់សហគ្រាសទទួលខុសត្រូវអាស៊ី (AREA) ក្រោមកម្មវិធីអាហារូបករណ៍ Chen Zhi របស់ Prince Foundation និងក្រុមហ៊ុន Speedwind ឈ្នះពានរង្វាន់សហគ្រាសដែលមានទំនួលខុសត្រូវអាស៊ីសម្រាប់គំនិតផ្តួចផ្តើម ភាពទំនួលខុសត្រូវសង្គម(CSR)នៃកម្មវិធី Giving with Heart»របស់ខ្លួន៕
- ARDBចុះកិច្ចព្រមព្រៀងកម្ចីជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ៣ដើម្បីផ្តល់កម្ចីដល់កសិករខ្នាតតូច - នៅថ្ងៃទី 15/08/2022
- សណ្ឋាគារ SUN & MOON Riverside ជ្រើសរើសផ្លេតហ្វម INTELITY ដើម្បីរួមបញ្ចូលបច្ចេកវិទ្យាសម្រាប់គាំទ្រភ្ញៀវ - នៅថ្ងៃទី 15/08/2022
- បញ្ចប់កម្មវិធី CAVAC៖ ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជាប្រគល់ជំនួយរថយន្ត៤គ្រឿងដល់ក្រសួងកសិកម្ម - នៅថ្ងៃទី 13/08/2022