រូបឯកសារ៖ អនុរដ្ឋមន្ត្រី​​​ការបរទេស​អាមេរិក​អ្នកស្រី Wendy Sherman ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិសេស​មួយ​របស់​បណ្ដា​មេដឹកនាំ​អាស៊ាន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២២។

វ៉ាស៊ីនតោន — អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក​ស្រី​ Wendy Sherman​ និង​ឯកអគ្គរដ្ឋទូត​អាមេរិកប្រចាំ​ប្រទេសអូស្ត្រាលី​ លោក​ស្រី Caroline Kennedy គ្រោង​បំពេញ​ទស្សនកិច្ចនៅក្នុង​ប្រទេស Solomon Islands ដែលជាកន្លែង​ដែលឪ​ពុក​របស់​លោកស្រីទាំង​ពីរ​នាក់ ធ្លាប់បាន​ចូលរួមប្រយុទ្ធ​នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី២​ ហើយ​ពេលនេះ​ សហរដ្ឋអាមេរិក កំពុង​ប្រកួត​ប្រជែងដើម្បី​ឥទ្ធិពល​ជា​មួយ​ប្រទេស​ចិន​ ដែល​ជាគូប្រជែងជា​យុទ្ធសាស្ត្រ​របស់​ខ្លួន។

លោក​ស្រី​ Sherman និង​គណៈប្រតិភូរបស់​លោក​ស្រី​ នឹង​ចូលរួមក្នុង​ពិធីរំលឹក​ខួប​ទី​៨០​ឆ្នាំនៃការវាយ​ប្រយុទ្ធ​នៅ​លើ​កោះ​ Guadalcanal នៅ​ក្នុង​អំឡុង​ពេលនៃ​ដំណើរ​ទស្សនកិច្ច​ចាប់​ពី​ថ្ងៃ​ទី​៦​ ដល់​ថ្ងៃ​ទី​៨​ខែ​សីហាខាង​មុខ ហើយ​ក៏​មាន​គម្រោងជួបជាមួយក្រុម​មន្ត្រី​ជាន់​ខ្ពស់​នៃ​ប្រទេស​កោះ​មួយ​នេះ ដើម្បីគូស​បញ្ជាក់ពី​ចំណង​មិត្តភាព​ស្ថិត​ស្ថេរ​យូរអង្វែង រវាង​សហរដ្ឋអាមេរិកនិង​ប្រទេស​ Solomon Islands ក៏​ដូច​ជា​ការ​បើក​សម្ពោធ​ស្ថានទូត​អាមេរិកក្នុង​រដ្ឋធានី Honiara ផង​ដែរ។​ នេះ​បើតាម​មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​ការបរទេស​មួយ​រូប​ ដែល​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​កក្កដា។

លោក​ស្រី Sherman​ នឹង​ជា​មន្ត្រី​ជាន់​ខ្ពស់អាមេរិក​ចុងក្រោយ ​ដែល​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅតំបន់ប៉ាស៊ីហ្វិក​មួយ​នេះ ខណៈដែលរដ្ឋាភិបាលក្រុង​វ៉ាស៊ីនតោន​ កំពុង​បង្កើន​កិច្ចប្រឹងប្រែង​ ដើម្បីទប់​ទល់​នឹង​ឥទ្ធិពល​ផ្នែក​ការទូត​របស់ប្រទេស​ចិន។

ចំណែក​លោកស្រី Kennedy ឪពុករបស់​លោកស្រី​គឺ​អតីត​ប្រធានាធិបតី​អាមេរិកលោក John F. Kennedy ដែល​ត្រូវ​បាន​គេ​ធ្វើ​ឃាតនោះ ធ្លាប់​បាន​ចូលរួម​នៅ​ក្នុង​យុទ្ធនាការនៅ​ក្នុង​ប្រទេស​Solomon Islands ក្នុង​នាមជា​ប្រធាន​ក្រុមនាវា​ល្បាតនៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី២​។​ គណៈប្រតិភូ​របស់​លោក​ស្រី Sherman នឹង​រួម​មាន​លោក​ឧត្តម​សេនីយ៍ឯក Stephen Sklenka នៃ​កង​ម៉ារីន​ ដែល​ជាមេបញ្ជាការ​រងនៃ​សេនាធិការ​ឥណ្ឌូប៉ាស៊ីហ្វិក​របស់អាមេរិក​ និងលោក​ឧត្តមសេនីយឯក Stephen Rudder​ ដែល​ជាមេបញ្ជាការ​នៃ​កងទ័ព​ម៉ារីនអាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក។

មន្ត្រីក្រសួង​ការបរទេស​អាមេរិក​បាន​និយាយ​ថា ដំណើរ​ទស្សនកិច្ចនោះ ក៏នឹង​ជា​ការ​ចាប់​អារម្មណ៍ផ្ទាល់ផង​ដែរ​របស់​លោក​ស្រី Sherman​ ដែល​ឪពុក​របស់​លោក​ស្រីគឺ​លោក Mal Sherman ​ធ្លាប់ធ្វើ​ជា​កង​ទ័ព​ម៉ារីន​អាមេរិក ​ហើយ​រង​របួស​ក្នុង​ការ​ប្រយុទ្ធ​នៅ​លើក​កោះ Guadalcanal​ ក្នុង​ប្រទេស Solomon Islands ដែល​មាន​ការ​ប្រយុទ្ធគ្នា​រវាង​កងកម្លាំងសហរដ្ឋអាមេរិក​និងសម្ព័ន្ធ​មិត្ត​ ជា​មួយនិង​កងទ័ព​ជប៉ុនក្នុង​ខែសីហាឆ្នំាំ១៩៤២។​

ការ​ប្រយុទ្ធគ្នា​ដែល​មាន​រយៈពេល​៦​សប្តាហ៍​នោះ​ បាន​កត់​សម្គាល់​ពី​ការ​ចាប់​ផ្តើមនៃប្រតិបត្តិការ​វាយលុក​ ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ នៅ​ក្នុងមហា​សមុទ្រ​ប៉ាស៊ីហ្វិក​ ដែលជា​ការ​បង្ហាញនូវ​សារៈសំខាន់ជា​យុទ្ធសាស្រ្ត​នៃ​ប្រទេស​ដែន​កោះ Solomons​ ដែល​មាន​រហូត​មក​ដល់​សព្វថ្ងៃនេះ។ ​

នៅ​ក្នុង​រដ្ឋធានី​ Honiara​ នៃ​ប្រទេស Solomon Islands លោក​ស្រី Sherman នឹងថ្លែង​សុន្ទរកថានៅ​ក្នុង​ពិធី​មួយដែលនឹង​ត្រូវ​រៀប​ចំ​ឡើង​ដោយ​សហរដ្ឋអាមេរិក នៅ​តំបន់ Skyline Ridge ​ដែល​ជា​ទីតាំងនៃ​វិមាន​រំលឹក​គុណដល់​កង​ទ័ព​អាមេរិក​នៅ​លើ​កោះ Guadalcanal និង​ក្នុង​ពិធី​មួយនៅ​ស្តូប​រំលឹក​គុណ Bloody Ridge ដែលនឹង​ត្រូវ​រៀប​ចំ​ឡើង​ដោយ​ប្រទេស Solomon Islands ផង​ដែរ។​ លោក​ស្រី​ក៏​នឹង​ចូល​រួម​នៅ​ក្នុង​ពិធី​រំលឹក​គុណមួយចំនួន​ទៀត​ផង​ដែរ​ ដែល​នឹងត្រូវ​រៀប​ចំ​ឡើង​ដោយ​ភាគី​ប្រទេស​Solomon Islands និង​ជប៉ុន​ ដែល​ពេល​នេះគឹ​ជាសម្ព័ន្ធដ៏​ជិតស្និទ្ធរបស់​អាមេរិក​នោះ៕