រថយន្តដឹកជញ្ជូន​អ្នកដំណើរសាធារណ​របស់រដ្ឋាបាលរាជធានីភ្នំពេញ​។រូបភាព​៖ហ្វេសប៊ុក រដ្ឋបាលរាជធានីភ្នំពេញ

ក្រុមហ៊ុន ​VISA ​Inc​ ជា​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ទូទាត់​សាច់​ប្រាក់​តាម​ប្រព័ន្ធ​ ឌីជីថល​ឈាន​មុខ​គេ​ក្នុង​ពិភព​លោក​ និង​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​កំពុង​សិក្សា​លទ្ធភាព​ក្នុងភាពជា​ដៃគុ​ដើម្បី​ផ្តល់​ជម្រើស​ទូទាត់​សេវា​សាធារណៈ​ដល់​ប្រជាជន​ក្នុង​វិស័យ​សាធារណការ​និង​ដឹក​ជញ្ជូន​ ស្រប​ពេល​ការ​ទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​កំពុង​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នៅ​កម្ពុជា​។

ការ​បង្ហាញ​លទ្ធភាព​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅក្នុង​ជំនួបពិភាក្សា​រវាង​មន្រ្តីក្រសួងសាធារណការនិង​ដឹកជញ្ជូន​ជាមួយ​តំណាង​ក្រុមហ៊ុន VISA និងតំណាង​ពី​ធនាគារ​កម្ពុជា​សាធារណៈ​ កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២២ ​នៅ​ទីស្តី​ការ​ក្រសួង​។

ក្រសួងសាធារណការនិង​ដឹកជញ្ជូន​ជាមួយ​តំណាង​ក្រុមហ៊ុន VISA និងតំណាង​ពី​ធនាគារ​កម្ពុជា​សាធារណៈ​ កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២២ ​នៅ​ទីស្តី​ការ​ក្រសួង​។ រូបភាព៖ ហ្វេសប៊ុក រសួងសាធារណការនិង​ដឹកជញ្ជូន​

លោក ​ហ៊ាង ​សុទ្ធាយុត្តិ​ តំណាង​អគ្គ​នាយក​ដ្ឋាន​បច្ចេក​វិទ្យា​ និង​ទំនាក់​ទំនង​សាធារណៈ​ នៃ​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន ​បាន​ដឹក​នាំ​ក្រុម​ការងារ​ ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​VISA​ និង​ធនាគារ​កម្ពុជា​សាធារណៈ​ដើម្បី​ពិនិត្យ​លទ្ធភាព​លើការ​សហការ​តភ្ជាប់​ប្រព័ន្ធ​ទូទាត់​ប្រាក់​ លើ​សេវា​សាធារណៈ​ របស់​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន​។

លោក​បាន​ឱ្យ​ដឹង​ទៀត​ថា​៖«​ជំនួប​ពិភាក្សានេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​បង្កើត​កិច្ច​សហការ​រវាង​ក្រុម​ហ៊ុន​ VISA​និង​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន​ ក្នុង​ការ​ផ្ដល់​ជម្រើស​ទូទាត់​សេវា​សាធារណៈ​ ជូន​បង​ប្អូន​ប្រជាពល​រដ្ឋ ​នៅ​កម្ពុជា ​ដើម្បី​រួម​ចំណែក​ជំរុញ​សេវា​សាធារណៈ​ឲ្យ​បាន​ឆាប់​រហ័ស ​តម្លាភាព ​និង​ប្រសិទ្ធ​ភាព​ខ្ពស់​»។

នៅ​ក្នុង​ការ​សិក្សា​អំពី​អាកប្ប​កិរិយាការ​ទូទាត់​របស់​អ្នក​ប្រើ​ប្រាស់​ឆ្នាំ​២០២១​  ក្រុម​ហ៊ុន ​Visa​ បង្ហាញ​ពីទិដ្ឋ​ភាព​នៃ​ការ​ទូទាត់​ដែល​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់​រហ័ស​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ជាមួយ​នឹង​ការ​បោះ​បង់​សាច់​ប្រាក់ទៅ​ជា​ជម្រើស​ឌីជីថល​វិញ​។​នេះបើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ Visa​ បាន​ផ្សាយ​កាល​ពី​ខែ​ មិថុនា​ ឆ្នាំ​នេះ​។

ការ​សិក្សា​នេះ​ បង្ហាញ​ថា ​១៤% ​នៃ​អ្នក​ប្រើប្រាស់​នៅ​អាស៊ី​អាគ្នេយ៍​បច្ចុប្បន្ន​មិន​ប្រើប្រាស់​សាច់​ប្រាក់​ទេ ​ហើយ​និន្នាការ​នេះ​ត្រូវ​បាន​នាំ​មុខ​ដោយ​អ្នក​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ​៣៦%​។

ការ​សិក្សា​នេះ​បញ្ជាក់​ថា​៖​«កាបូប​អេឡិច​ត្រូនិច ​(e-wallets) ​និង​កាត ​(cards)​គឺ​ច្រើន​លើស​លុប​នៅ​លើ​ទីផ្សារ​។ ​ពួក​វា​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ប្រជា​ជន​កម្ពុជា​ប្រហែល ​៤ ​នាក់​ក្នុង​ចំណោម​១០​នាក់​សព្វ​ថ្ងៃ​នេះ ​ហើយ ​១៤%​នៃ​ប្រជាជន​មាន​ទាំង​ កាបូប​អេឡិច​ត្រូនិច​ និង​កាត​»។

អ្នក​ស្រី ​ជុំ ​ម៉ូនីកា ​ អ្នក​គ្រប់​គ្រង​ក្រុមហ៊ុន​ Visa ​ប្រចាំ​ប្រទេស​កម្ពុជា ​បានឱ្យដឹង​ថា​៖​«ប្រជាជន​កម្ពុជា​កំពុង​ទទួល​យក​ការ​ទូទាត់​តាម​ឌីជីថល​យ៉ាង​ឆាប់​រហ័ស​ ដោយ​ពេញ​ចិត្ត​នឹង​ភាពងាយ​ស្រួល ​និង​សុវត្ថិភាព​ដែល​ពួក​គេ​ទទួល​បាន​។ ​Visa​ កំពុង​ផ្តល់​ជូន​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​នូវ​ដំណោះ​ស្រាយ​ និង​ការ​យល់​ដឹង​ ដើម្បី​ស្វែង​រក​ការ​បោះ​ជំហាន​របស់​ពួក​គេ​នៅ​ក្នុង​សេដ្ឋ​កិច្ច​ឌីជីថល​ដែល​កំពុង​រីក​ចម្រើន​របស់​កម្ពុជា​»៕