រូបភាព៖ TKY Farm

ទុរេន ជាផ្លែឈើកម្រដែលគេចាត់ទុកជាស្តេចផ្លែឈើ វាមានប្រភពនៅភាគខាងត្បូងប្រទេសម៉ាឡេស៊ី ហើយវាជាប្រភេទផ្លែឈើដែលមានតម្លៃនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ សាច់ទុរេនមានជីវជាតិខ្លាំងណាស់ ហើយជាប្រភពសំខាន់នៃកាបូនអ៊ីត្រាត វីតាមីន និងសារធាតុរ៉ែ។

នៅកម្ពុជាខេត្តកំពតគឺជាខេត្តមួយក្នុង​ចំណោម​ខេត្ត​ផ្សេងទៀត​ដែលដាំដុះ​ទុរេន ល្បីល្បាយលើដំណាំទុរេន ដែលមានរសជាតិផ្អែមឆ្ងាញ់ប្រកបដោយក្លិនក្រអូបឈ្ងុយ និងមានតម្លៃខ្ពស់។

ដើម្បីដាំឱ្យទទួលបានទិន្នផលខ្ពស់កសិករត្រូវ ជ្រើសរើសទីកន្លែង ដែលមានរយៈកម្ពស់ធៀបនឹងផ្ទៃសមុទ្រពី ០-៦៥០ ម៉្រែត ជម្រាលដីពី១-៣% តែមិនឱ្យលើស១៥% ត្រូវនៅជិតប្រភពទឹក ដីមិនដក់ទឹក ដីទួលជម្រាល និងមានប្រព័ន្ធគមនាគមន៍ល្អ ក្នុងការងាយស្រួលក្នុងការដឹកជញ្ជូន។

លក្ខណៈដី

ដីល្បាយខ្សាច់លាយល្បាប់ឥដ្ឋ ដែលមានប្រភពមកពីប្រភេទដីបាសាល់ និងក្រានីតមានសារធាតុសរីរាង្គច្រើន និងរក្សាសំណើមបានល្អ។ មិនមានប្រភពមេរោគរលួយឬស។ ដីស្រទាប់លើត្រូវមានជម្រៅចាប់ពី៥០ សង់ទីម្រ៉ែតឡើងទៅ PH ដីចន្លោះពី៦​ទៅ៧។

អាកាសធាតុ

ត្រូវមានពន្លឺចាប់ពី៤០ ទៅ៥០ភាគរយ​ និងមានសីតុណ្ណភាពពី២០ ទៅ៣០ អង្សាសេ និងបរិមាណទឹកភ្លៀងចាប់ពី១៥០០ ទៅ២៥០០ មីលីម្រ៉ែត ក្នុងមួយឆ្នាំ។

ត្រូវមានប្រភពទឹកស្អាត មិនពុលក្រខ្វក់ មិនមានសារធាតុជូរ និងប្រៃ និងត្រូវមានប្រឡាយរំដោះទឹក។ វាមិនធន់នឹងដីហាប់ណែន ឬគ្មានអុកស៊ីសែន ត្រូវរក្សាសំណើមដីជានិច្ច និងតម្រូវការទឹកចាំបាច់នៅពេលដើមទុរេនចេញផ្កា និងដំណាក់កាលក្តិប។

ការជ្រើសរើសពូជ

បច្ចុប្បន្នពូជទុរេនសំខាន់ៗ ដែលមានទីផ្សារ មានដូចជា ពូជម៉ាន់ថង ឳខាក់ និងចាន់នី។​កសិករត្រូវជ្រើសរើសពូជទុរេន ដែលអាចបន្សំាទៅនឹងអាកាសធាតុ មានសុខភាពល្អធន់នឹងជំងឺរលួយឬស គល់ ប្រព័ន្ធឬសមិនរមួល មានស្លឹកច្រើន និងពណ៌ប៉ៃតងចាស់។

ចំពោះលទ្ធផលដែល្អបំផុត ត្រូវដាំកូនដែលធំល្មម ហើយបានថែរក្សាក្នុងថ្នាលបណ្តុះកូនច្រើនជាងមួយឆ្នាំ។

ការរៀបចំដីដាំ

កសិករត្រូវរកទីតាំងដីដែលខ្ពស់ ត្រូវពង្រាយដីឱ្យរាបស្មើ ប្រសិនបើជាតំបន់ដីខ្ពង់រាប ដែលធ្លាប់ដាំដើមឈើពីមុនមិនត្រូវភ្ជរទេ។ បើជាតំបន់នោះទំនាបត្រូវលើករងឱ្យបានកម្ពស់ពី៨០​ទៅ១២០សង់ទីម៉្រែតរួចជីករណ្តៅនៅចំកណ្តាលរង។

រូបភាព៖ លោក វេង សាខុន

ការបង្កាត់ពូជ

ការពង្រីកពូជទុរេនមានវិធីសាស្ត្រច្រើនដូចជា ការបណ្តុះគ្រាប់ ការបំបៅមែក ការផ្សាំដោយតមែក។ ការបណ្តុះគ្រាប់​ ឬផ្សាំមែកមិនសូវប្រើទេ គឺគេនិយមការផ្សាំដោយ តមែកច្រើនជាង ព្រោះវាមិនក្លាយ ឆាប់ឱ្យផ្លែ និងផ្តល់ទិន្នផលខ្ពស់។

វិធីសាស្ត្រដាំ

កសិករត្រូវជីករណ្តៅទំហំ ៥០​x៥០x៥០ សង់ទីម្រ៉ែត និងយកថង់ប្ទាស្ទិកចេញ និងដាំកូនឱ្យាបានខ្ពស់ពីដីប្រហែល១០សង់ទីម៉្រែត ដោយរក្សាកុំឱ្យបែកដីកន្ទោង។ លុបរណ្តៅដោយយកដីស្រទាប់លើដាក់ក្នុងបាតរណ្តៅ និងស្រទាប់ក្រោមដាក់ផ្នែកខាងលើ ដោយបង្ហាប់ដីឱ្យបានណែនល្មម និងជួ្រយដី និងធ្វើកំពែងជារៀងរាល់ឆ្នាំ។

ការថែទាំទុរេន

កូនទុរេនមិនអាចធន់នឹងកម្តៅថ្ងៃ និងខ្យល់ខ្លាំងបាននោះទេ ដូច្នេះចាំបាច់ត្រូវធ្វើម្លប់ ឬគម្របឱ្យវា។ ម្លប់ចាប់ពី៣០ ទៅ៥០ភាគរយ ចំពោះកូនទុរេននៅក្រោមកម្ពស់ដើមប្រហែល១ម៉្រែត និងអាចកាត់បន្ថយនៅក្រោមពន្លឺថ្ងៃពេញលេញចាប់ពីអាយុ១ឆ្នាំឡើងទៅ។ អាចប្រើគម្របធម្មជាតិ​ ដូចជាធាងដូង ធាងស្លឹកចាក និងអាចប្រើសំណាញ់ការពារពន្លឺថ្ងៃ។

សម្អាតស្មៅនៅជុំវិញគល់ ត្រូវធ្វើឱ្យបានទៀងទាត់នៅពេលដាក់ជី។ការកម្ចាត់ស្មៅចង្រៃ ជាកត្តាសំខាន់ណាស់សម្រាប់ឈើហូបផ្លែគ្រប់ប្រភេទ ជាពិសេសសម្រាប់ដំណាំទុរេន។ ស្មៅជាប្រភពនៃកាដណ្តើមស្រូបយកជីជាតិ ជាជម្រកនៃពួកមេរោគ និងសត្វចង្រៃ។

កសិករត្រូវគម្របគល់ដោយប្រើចំបើង ឬស្មៅស្ងួត និងកាកសំណល់រុក្ខជាតិកម្រាស់ប្រហែល១០ សង់ទីម៉្រែត បន្ទាប់ពីរដូវវស្សា នៅដំណាក់កាលកូនតូច បន្ទាប់ពីដាំរហូតដល់ធំអាយុ៣ឆ្នាំ។

កសិករត្រូវដាក់ជីបំប៉នដើមលើដំណាំទុរេនឱ្យឆាប់ចេញផ្កា ដោយការដាក់ជីនេះត្រូវធ្វើឡើងរយៈពេល២ខែ បន្ទាប់ពីការដាក់ជីលើកទី១ ដើម្បីជម្រុញឱ្យទុរេនឆាប់ចេញផ្កា។

សត្វល្អិត និងជំងឺសត្វល្អិតចង្រៃដែលបំផ្លាញដំណាំទុរេនច្រើនជាងគេ មានដូចជាខ្ញុង ដង្កូវចោះមែក ដង្កូវចោះផ្លែ ចៃ និងចៃពណ៌ត្នោត។

ចំពោះវិធានការកម្ចាត់ ត្រូវប្រើថ្នាំគីមី ដែលបញ្ជាក់យ៉ាងច្បាស់ ពីអត្រាប្រើប្រាស់ និងប្រភេទសត្វល្អិត ដែលនឹងត្រូវកម្ចាត់។

ការតាក់តែងមែក

ក្រោយពីដាំរយៈពេល១ទៅ៥​ឆ្នាំ ត្រូវធ្វើការតាក់តែងមែកដោយរក្សាទុកដើមមេនៅផ្នែកកណ្តាល។ តាក់តែងមែក ដែលងាប់បាក់ មានជំងឺ ឬគ្មានប្រយោជន៍ចេញ ដើម្បីចៀសវាងការស្រូបជីវជាតិ ឆ្លងពពួកមេរោគផ្សិត និងជម្រកសត្វល្អិត។

កសិករក៏ត្រូវតែងផ្លែផងដែរ ព្រោះដើម្បីគ្រប់គ្រងផ្លែឱ្យសមស្របទៅនឹងទំហំ និងសុខភាពដើម ដែលអាចចិញ្ចឹមផ្លែបានល្អ។

ការប្រមូលផល

នៅប្រទេសម៉ាឡេ+ស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន គេទុកឱ្យទុំជ្រុះសិនទើបគេប្រមូលផល តាមប៉ុន្តែនៅកម្ពុជាគេប្រមូលផលនៅដំណាក់កាលទុំស្រគាល ដោយទុកឱ្យបានរយៈពេល៣ ទៅ៤ថ្ងៃ ទើបផ្លែទុរេនទុំល្អ និងមានគុណភាពឆ្ងាញ់សម្រាប់បរិភោគ។ ដំណាំទុរេនអាចចាប់ផ្តើមឱ្យផលដំបូងបន្ទាប់ពីដាំឆ្នាំទី៣ និងទី៤ បន្ទាប់ពីដាំ។

អ្នកជំនាញ​កសិកម្ម បាន​ឱ្យដឹង​ថា ដំណាំ​ទុរេន​គឺដំណាំ​ត្រូ​វការ​​ជំនះតស៊ូ​ខិតខំប្រឹងប្រែង​ខ្លាំងទាំង​បច្ចេក​ទេស​ និងធនធាន​ ​ទើប​ហុច​ផលមកជាទីពេញចិត្ត​។

លោក យី ស៊ីណាត នាយក​ប្រតិបត្តិកក្រុមហ៊ុន​ TKY Farm បាន​វិនិយោគ​លើចម្ការទុរេន​លើផ្ទៃដីជាង១៦០ហិកតា នៅក្នុង​ខេត្តព្រះ​វិហារ ប្រាប់ខ្មែរណាស់​ថា ចម្ការ​ទុរេនរបស់​លោក​បាន​ដាំដុះ​លើ​ប្រភេទ​ដីស​ដែល​វាមិន​ល្អឥតខ្ចោះ​នោះទេ​សម្រាប់ដំណាំ​ប្រភេទ​នេះ​ ប៉ុន្តែ​កត្តាមនុស្ស​ដែល​បាន​ខិត​ខំ​តស៊ូ​ប្រឹងប្រែងជំនះជាមួយ​វា​ ដូច្នេះ ​លទ្ធផល​បង្ហាញ​មកគឺ​​ទទួល​បាន​ជោគជ័យ​ ដោយ​ក្នុង​ឆ្នាំ​២០២២ ចម្ការ​លោកប្រមូល​ផល​បាន​ជាង​៣០០តោន​កើនឡើងទ្វេដកបើធៀបនឹង​ឆ្នាំមុន។​

លោកធ្វើការប្រៀបធៀបដូច្នេះថា៖«ដី​ប្រៀប​ដូចជា​ឆ្នាំងបាយមួយអីចឹង បើយើង​ដាក់ទឹក​ ដាក់​អង្ករ​ដាំវា​​នឹង​ក្លាយជា​បាយ​ ហើយ​ប្រសិន​បើយល​​ឆ្នាំង​ដដែល​ ដាក់ទឹក បន្លែ ​ត្រី សាច់ ទៅ​វានឹង​ក្លាយជាសម្លរ​ អីចឹង​ខ្ញុំ​ចង់និយាយថា​ ​ដីឱ្យ​តែសមស្របសម្រាប់​រុក្ខាជាតិ​អាច​រស់នៅ​បាន​ យើង​អាច​ដាំ​ដំណាំទុរេន​បានហើយ​​ ប៉ុន្តែអ្វី​ដែល​ដឹកនាំ​វា​ឲ្យក្លាយជាបាយ ឬសម្លរគឺកត្តា​មនុស្ស​។ វារួម​ផ្សំទាំង​ដី និង​បរិយាកាស ហើយ​មនុស្ស​កាន់តែសំខាន់»។

លោក ស៊ីណាត បន្ថែម​ថា ចម្ការ​លោក​ប្រើប្រាស់​បច្ចេក​ទេស​គឺសុទ្ធសឹងជាកូន​ខ្មែរដែល​បាន​ទៅ​រៀន​សូត្រ​នៅ​ប្រទេស​ថៃ​ដោយ​បាន​ពាំនាំ​យកចំណេះដឹង​មក​ធ្វើ​នៅ​ស្រុក​ខ្មែរ​​។ ទាក់ទងនឹង​បច្ចេកទេស ពួកគេនឹង​ក្លាយ​ជនបង្គោល​កក្នុង​ការ​​បណ្តុះបណ្តាលធនធានមនុស្ស​ខ្មែរ​ក្នុងស្រុកបន្តទៀត ពិសេស​ជនជាតិភាគតិច​ កួយ​ ជាដើម​។

លោក​បន្ថែមថា ដំណាំទុរេន កត្តាទឹក​គឺជារឿង​សំខាន់ ​រុក្ខជាតិ​ទុរេន​ត្រូវការទឹក​ច្រើន​និង​​ត្រូវ​មានប្រភព​ទឹកគ្រប់គ្រាន់។

​លោកមានប្រសាសន៍ថា៖«ខាងខ្ញុំ​គ្រាន់តែ​ស្រះ​ធំ​ដែល​មាន​អំណោយផលពីធម្មជាតិ​គឺស្រះ​មួយមានទំហំ​មិនក្រោម​១០ហិកតា​នោះទេ​ ដែល​ជាប្រភព​ទឹក​សំខាន់សម្រាប់​ទុរេន​។ ស្រះទាំងអស់​មានចំនួន ៣ ស្រះ ក្នុងនោះ ពីស្រះមានទំហំប្រហែល ១០ហិកតា និង​មួយស្រះទៀត​មានទំហំ​ប្រហែល​៥ហិកតា។ យើង​ស្តារស្រះជារៀងរាល់ឆ្នាំ​»៕ ប្រភព៖ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​