គ្រឹះស្ថាន ខូរីច ម៉ាយក្រូហ្វាយនែន ម.ក​ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២សម្ពោធការិយាល័យកណ្តាលជាផ្លូវការ។រូបភាព៖ freshnews

គ្រឹះស្ថាន​ ខូរីច ​ម៉ាយ​ក្រូហ្វាយ​នែន ​ម.ក​ (CORICH ​MICROFINANCE ​PLC)​ នៅ​ថ្ងៃ​ទី​២៩​ ខែ​កក្កដា ​ឆ្នាំ២០២២​សម្ពោធ​ការិយាល័យ​កណ្តាល​ជាផ្លូវ​ការ​ដើម្បី​ផ្តល់​កម្ចី​ខ្នាតតូច​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុដែល​កំពុង​មានភាព​រីកចម្រើន​ឥត​ឈប់​ឈរ ។

គ្រឹះ​ស្ថាន ​ខូរីច​ ម៉ាយ​ក្រូហ្វាយនែន ​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ទទួល​បាន​ អាជ្ញា​បណ្ណ​ជា​ផ្លូវការ​ ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា ​(NBC)​ ដើម្បី​គាំ​ទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញ​វត្ថុ​ និង​សេដ្ឋ​កិច្ច​របស់​ប្រទេស​កម្ពុជា ​ហើយ​គ្រឹះស្ថាន ខូរីច​នឹង​ផ្ដល់​សេវាកម្ម​ ផលិត​ផល​ហិរញ្ញ​វត្ថុ​ និង​បច្ចេក​វិទ្យា​ហិរញ្ញ​វត្ថុ​ឌីជីថល​ផងដែរ។

លោក ​Kevin ​Tang​ អគ្គ​នាយក​គ្រឹះ​ស្ថាន​ ខូរីច​ ម៉ាយ​ក្រូហ្វាយ​នែន​ ថ្លែង​ថា​ គ្រឹះ​ស្ថាន​ ខូរីច ​នឹងផ្ដល់​ជូន​នូវ​ដំណោះ​ស្រាយ​ហិរញ្ញ​វត្ថុ​ថ្មីៗ​ ដើម្បី​បំពេញ​តម្រូវការ​ដើម​ទុន​ និង​គាំទ្រ​ដល់​ឧស្សាហកម្ម​ហិរញ្ញ​វត្ថុ​ និង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​កម្ពុជា​។

លោក​ថ្លែង​ដូច្នេះ​ថា​៖« ​គ្រឹះ​ស្ថាន ​ខូរីច​មាន​នូវ​គម្រោង​សេវាកម្ម​កម្ចី​ផលិត​ផល​ជា​ច្រើន​ដូចជា កម្ចី​ហិរញ្ញប្បទាន​ដីធ្លី​ កម្ចី​ឥណទាន​ខ្នាត​តូច​ផ្ទាល់​ខ្លួន​ និង​កម្ចី​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​សហគ្រាស​ធុន​តូច ​និង​មធ្យម​។ ​គ្រឹះ​ស្ថាន ​ខូរីច​ក៏​នឹង​បន្ត​មាន​ការ​យល់​ដឹង​ស៊ី​ជម្រៅ ​អំពី​តម្រូវការ​ដើម​ទុន​ និង​សេវា​កម្ម​ហិរញ្ញ​វត្ថុ​ សម្រាប់​ការ​ប្រើប្រាស់​ផ្ទាល់​ខ្លួន​ ឬ​ការ​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច​ និង​មធ្យម​»។

លោក​ យឹម ​លាត ​សមា​ជិក ​គណៈ​កម្មការ​សេដ្ឋ​កិច្ច​ ហិរញ្ញ​វត្ថុ ​ធនាគារ​ និង​សវន​កម្ម ​បានអបអរសារទរ ​ចំពោះ​ការ​បើក​ដំណើរ​ការ​ជា​ផ្លូវកា​រ របស់​គ្រឹះ​ស្ថាន ​ខូរីច ​ម៉ាយក្រូហ្វាយ​នែន ​ម.កដោយលោក​ថ្លែងថា​វត្ត​មាន​របស់​គ្រឹះស្ថាន ​ខូរីច​នឹង​នាំ​មក​នូវ​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ​ឌីជីថល​ថ្មី ​ទំនើប​មក​ពី​ក្រៅ​ប្រទេស​ជួយ​អភិវឌ្ឍន៍​ជំនាញ ​អាជីវកម្ម​ នៅ​ក្នុងប្រទេស​ស្របទៅ​នឹង​បដិវត្តន៍​ឧសហកម្ម​៤.០​នៃ​សេដ្ឋ​កិច្ច​បែប​ឌីជីថល​។

លោក​ថ្លែងថា៖«​ក្រៅ​ពីនេះ​ការ​ដាក់​សម្ពោធ​គ្រឹះស្ថាន​ ខូរីច​ ម៉ាយក្រូហ្វាយនែន ម.ក​ ក៏​នឹង​ចូល​រួម​ចំណែក​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា ​ក្នុង​ការ​ជំរុញ​វិស័យ​សេដ្ឋកិច្ច ​និង​ហិរញ្ញ​វត្ថុ​ឲ្យ​កាន់​តែមាន​ភាព​ជឿន​លឿន​ទៅ​មុខ​»។

ធនាគារ​ជាតិ​នៃកម្ពុជា បាន​ឱ្យដឹងថា គិត​ត្រឹម​ចុង​ឆមាសទី១ ​ឆ្នាំ​២០២២​ គ្រឹះ​ស្ថាន​ធនាគារ​និង​ហិរញ្ញ​វត្ថុ​ដែល​ស្ថិត​ក្នុង​ប្រព័ន្ធ​ធនាគារ​ រួម​មាន​៖ ​ធនាគារពាណិជ្ជ ​៥៨ ​ធនាគារ​ឯក​ទេស ​៩ ​ការិយាល័យ​តំណាង​ ៦​ គ្រឹះ​ស្ថាន​មីក្រូហិរញ្ញ​វត្ថុ​ទទួល​ប្រាក់​បញ្ញើ ​៥ ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​មិន​ទទួល​ប្រាក់​បញ្ញើ ​៨១ ​ក្រុម​ហ៊ុន​ភតិសន្យា​ហិរញ្ញ​វត្ថុ​ ១៧​ គ្រឹះ​ស្ថាន​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់​ ៣៣​ គ្រឹះ​ស្ថាន​ឥណ​ទាន​ជន​បទ​ ២២៦​ និង​អាជីវកម្ម​ប្តូរ​ប្រាក់​ ២.៨៧៤​៕