
ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ បានបើកវគ្គបណ្តុះបណ្តាលដល់សិក្ខាកាមប្រមាណ ១០០នាក់ដែលជាអ្នកដឹកជញ្ជូនតាមម៉ូតូ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបើកបរ។
វគ្គបណ្តុះបណ្តាលនេះបានរៀបចំឡើងក្នុងគោលបំណងបង្កើនសមត្ថភាពយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់ក្រុមអ្នកដឹកជញ្ជូនដែលផ្តល់សេវាដឹកជញ្ជូនចំណីអាហារតាមរយៈម៉ូតូក្នុងគោលដៅលុបបំបាត់ការបំពានច្បាប់ចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរក្សាសុវត្ថិភាពក្នុងពេលបើកបរ។
វគ្គបណ្តុះបណ្តាលនេះរៀបចំក្រសួងសាធារណការនិងដឹកជញ្ជូន និងសហការដោយក្រុមហ៊ុន Nham24 ជាក្រុមហ៊ុនផ្ដល់សេវាដឹកជញ្ជូន និងបញ្ជាទិញម្ហូបអាហារអនឡាញឈានមុខគេមួយនៅកម្ពុជា។

វគ្គបណ្តុះបណ្តាលនេះបង្ហាត់បង្ហាញដោយផ្ទាល់ពីមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក។រូបភាព៖ ហ្វេសប៊ុក ក្រសួងសាធារណការនិងដឹកជញ្ជូន
លោក សុខុម វីរផល អគ្គនាយករងនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ថ្លែងក្នុងកម្មវិធីនេះថាវគ្គបណ្តុះបណ្តាលស្ដីពីចំណេះដឹងដែលអ្នកបើកបរទោចក្រយានយន្ត ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ត្រីចក្រយានយន្ត ត្រូវយល់ដឹងពីសុជីវធម៌ក្នុងការបើកបរ ច្បាប់ចរាចរណ៍ និងសញ្ញាចរាចរណ៍ផ្លូវគោក ដោយការបង្ហាត់បង្ហាញដោយផ្ទាល់ពីមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក។
លោក សុខុម វីរផល និយាយថា សិក្សាមួយរបស់សាកលវិទ្យាល័យឡុនដុន បានរកឃើញថា មាន ៤៧% នៃអ្នកដឹកជញ្ជូនចំណីអាហារបើកលើសល្បឿនកំណត់ក្រោមសំពាធពីការទទួលកុម្ម៉ងទិញ ដែលជាហេតុធ្វើឱ្យក្រុមអ្នកដឹកជញ្ជូនងាយរងគ្រោះថ្នាក់ចរាចរណ៍។
លោកថ្លែងដូច្នេះថា៖«ការបណ្តុះបណ្តាលនេះបានធ្វើបទបង្ហាញសំខាន់ៗទៅលើ មាត្រាសំខាន់ៗនៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សញ្ញាចរាចរណ៍ផ្លូវគោក សិទ្ធិអាទិភាពនៅផ្លូវប្រសព្វ ការត្រួតពិនិត្យយានជំនិះ និងការផ្ទុកទំនិញ និងបច្ចេកទេសនិងសុវត្ថិភាពក្នុងការបើកបរ»។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) ប្រចាំប្រទេសកម្ពុជា ប្រាប់សារព័ត៌មានខែ្មរណាស់នៅថ្ងៃព្រហស្បត្តិ៍ថា តាមរយៈផ្តល់វគ្គបណ្តុះបណ្តាលនេះនឹងជួយពង្រឹងការយល់ដឹងទៅដល់អ្នកបើកបរដឹកជញ្ជូនទំនិញ។
លោកមានប្រសាសន៍ថា៖«អ្វីដែលក្រសួងសាធារណការនិងដឹកជញ្ជូនគាត់បានធ្វើខ្ញុំសូមគាំទ្រ ហើយខ្ញុំសុំឱ្យការបើកវគ្គនេះត្រឹមជូនអ្នកដឹកជញ្ជូនដល់ Nham24គឺគ្រប់ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ពិសេសអ្នកដែលប្រឈមនឹងគ្រោះថ្នាក់ឧទារណ៍ដូចជា សិស្សានុសិស្ស កម្មករ និងកសិករ ធ្វើមិញឱ្យពួកគាត់បានយល់ពីទាំងទ្រឹស្តីផ្នែកច្បាប់ ផ្នែកវិធានចរាចរណ៍»។
លោក បញ្ញា កត់សម្គាល់ថា ឥរិយាបទអ្នកបើកបរដឹកជញ្ជូនមួយចំនួន ដែលមើលឃើញហាក់ដូចជាមិនបានគោរពច្បាប់នោះទេ មានអ្នកខ្លះបំពានភ្លើងសញ្ញាចរាចរណ៍ អ្នកខ្លះបើកបរក្នុងល្បឿនមួយប្រឈមនឹងការគ្រោះថ្នាក់ដែលអាចបង្កគ្រោះថ្នាក់ដល់ខ្លួននិងអ្នកដទៃ។
លោកថ្លែងដូច្នេះថា៖«ដូច្នេះសូមឱ្យខាងក្រុមហ៊ុនមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ពិសេសត្រូវមានវិធានការក្នុងករណីគាត់បើកបរបង្កគ្រោះថ្នាក់ត្រូវទទួលពិន័យពីក្រុមហ៊ុន។វាល្អហើយ ការដឹកជញ្ជូនអីវ៉ាន់បញ្ញើររបស់ប្រជាពលរដ្ឋកុម្ម៉ង់តាមអេបធ្វើមិញបានទាន់ពេល តែត្រូវអនុលោមតាមច្បាប់ដែរ»។
លោកមានប្រសាសន៍ថា៖«ក្រុមហ៊ុនគួរតែដាក់លេខទូរសព្ទទំនាក់ទំនងប្រសិនបើឃើញអ្នកបើកបររបស់គាត់មានអរិយាបថបើកបរបំពានច្បាប់ ដើម្បីឱ្យសាធារណជនរាយការណ៍ដល់ក្រុមហ៊ុនក្នុងការចាត់វិធានការទៅអ្នកបើកបររបស់គាត់។ប្រសិនធ្វើបានបែបនេះ ខ្ញុំគិតថាកាន់តែប្រសើរ ព្រោះគោលមិនត្រឹមតែឱ្យគាត់យល់ដឹងនោះទេគឺប្រែក្លាយពីការយល់ដឹងមកអនុវត្តជាក់ស្តែង ដើម្បីយើងបង្ការគ្រោះថ្នាក់ក្នុងចំណោមបុគ្គិលរបស់យើង ក៏ដូចជា ការពារប្រជានពលរដ្ឋផ្សេងទៀតដែលគាត់ធ្វើដំណើរតាមដងផ្លូវ»។
លោក វីរផល ថ្លែងទៀតថា យោងតាមអង្គការ UNDP និងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងមួយថ្ងៃគិតជាមធ្យមមានមនុស្ស៥នាក់បានស្លាប់ និងរងរបួស ១០ នាក់ដោយគ្រោះថ្នាល់ចរាចរណ៍ ហើយគ្រោះថ្នាក់នេះបានធ្វើឱ្យកម្ពុជាខាតបង់ផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ ២,៥% ទៅ៣%ក្នុងមួយឆ្នាំ។ ចំណែកឯ ការកកស្ទះចររាចណ៍វិញ ធ្វើឱ្យខាតបង់ប្រាក់ប្រមាណ ៧២ លានដុល្លាក្នុងមួយឆ្នាំ៕
- ARDBចុះកិច្ចព្រមព្រៀងកម្ចីជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ៣ដើម្បីផ្តល់កម្ចីដល់កសិករខ្នាតតូច - នៅថ្ងៃទី 15/08/2022
- សណ្ឋាគារ SUN & MOON Riverside ជ្រើសរើសផ្លេតហ្វម INTELITY ដើម្បីរួមបញ្ចូលបច្ចេកវិទ្យាសម្រាប់គាំទ្រភ្ញៀវ - នៅថ្ងៃទី 15/08/2022
- បញ្ចប់កម្មវិធី CAVAC៖ ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជាប្រគល់ជំនួយរថយន្ត៤គ្រឿងដល់ក្រសួងកសិកម្ម - នៅថ្ងៃទី 13/08/2022