ក្រសួង​ប្រៃសនីយ៍​និង​ទូរគមនាគមន៍​កម្ពុជា​បានប្តេជ្ញាវិនិយោគ​លើ​បង្គោលអង់តែន​សម្រាប់​ផ្តល់សេវាអ៊ិនធឺណិត និងសេវាទូរសព្ទ​កាន់តែប្រសើរឡើង​។រូបភាព៖ ក្រសួង​ប្រៃសនីយ៍ និងទូរគមនាគមន៍

ក្រុមហ៊ុន Nokia នៅ​ថ្ងៃទី ២៨ ខែកក្កនេះ បានប្រកាសថា ក្រុមហ៊ុន SINET ដែលជាក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតឈានមុខគេរបស់ប្រទេសកម្ពុជា បានជ្រើសរើសក្រុមហ៊ុន Nokia ដើម្បីដាក់ឱ្យប្រើប្រាស់នូវដំណោះស្រាយ XGS Passive Optical Network (PON) របស់ខ្លួន ដើម្បីដោះស្រាយតម្រូវការដែលកំពុងកើនឡើងសម្រាប់បណ្តាញអ៊ីនធឺណែតល្បឿនលឿនសម្រាប់​សហគ្រាស។

បើ​តាម​សេចក្តីប្រកាសព័តមាន​របស់​ក្រុមហ៊ុន Nokia បាន​ផ្សាយនៅ​ថ្ងៃព្រហស្បត្តិ៍នេះ​បាន​ឱ្យដឹងថា  បណ្តាញអុបទិកអកម្ម (PON) គឺជាប្រព័ន្ធដែលប្រើជាទូទៅដោយអ្នកផ្តល់សេវាបណ្តាញទូរគមនាគមន៍ ដែលនាំមកជូននូវខ្សែកាបអុបទិក និងផ្តល់សញ្ញាទាំងអស់ ឬភាគច្រើនទៅកាន់អ្នកប្រើប្រាស់ចុងក្រោយ។

សេចក្តីប្រកាសព័តមាន បន្តថា ដំណោះស្រាយ XGS-PON របស់ Nokia នឹងត្រូវបានដាក់ពង្រាយដំបូងនៅក្នុងរាជធានីភ្នំពេញ មុនពេលពង្រីកទៅកាន់ទីក្រុង និងតំបន់ផ្សេងទៀត។ នៅពេលដែលត្រូវបានដាក់ឱ្យប្រើប្រាស់ បណ្តាញដែលត្រៀមរួចជាស្រេចនាពេលអនាគតរបស់ SINET នឹងអាចដោះស្រាយតម្រូវការសម្រាប់សមត្ថភាពបន្ថែម និងគាំទ្រករណីប្រើប្រាស់ថ្មីៗ ដូចជាទីក្រុងឆ្លាតវៃ និង 5G backhauling ជាដើម។

សេចក្តីព័តមាន បន្ថែមថា ការដាក់ពង្រាយដែលរួមបញ្ចូលការធ្វើឱ្យប្រសើរឡើងខ្សែកាបអុកទិករបស់ក្រុមហ៊ុន Nokia ដែល​មានស្រាប់នៅតំបន់ដាច់ស្រយ៉ាល​នឹងត្រូវបញ្ចប់នៅឆ្នាំ ២០២២។

ដំណោះស្រាយរបស់ខែកាបអុកទិករបស់ Nokia បាន​ដំណើរការដោយបន្ទះឈីប Quillion របស់វា ដែលគាំទ្របច្ចេកវិទ្យា PON ចំនួនបីជំនាន់គឺ GPON, XGS-PON និង 25G PON ។ វាមានប្រសិទ្ធភាពថាមពលជាង ៥០% ជាងបន្ទះឈីបជំនាន់មុន ដែលអនុញ្ញាតឱ្យអ្នកផ្តល់សេវាកាត់បន្ថយការចំណាយប្រតិបត្តិការ។

លោក Diep Kong ប្រធានផ្នែកបច្ចេកទេសនៃក្រុមហ៊ុន SINET បាន​លើកឡើងនៅក្នុង​សេចក្តីប្រកាសព័ត៌មានថា នៅពេលដែលប្រព័ន្ធអេកូឌីជីថលកំពុង​រីករាលដាលយ៉ាង​ខ្លាំង​ សហគ្រាសត្រូវការភាពជឿជាក់លើបណ្តាញពិសេសមួយ រួមជាមួយនឹងល្បឿនលឿនបំផុត​។

លោក​ថ្លែងដូច្នេះថា៖«យើងប្តេជ្ញាផ្តល់បទពិសោធន៍បណ្តាញលំដាប់ពិភពលោកដល់អ្នកប្រើប្រាស់អាជីវកម្មរបស់យើង ដូច្នេះពួកគេអាចផ្តល់សេវាកម្មល្អបំផុតដល់អតិថិជនរបស់ពួកគេ។

លោក​បន្ថែមថា ក្រុមហ៊ុន Nokia បានទទួលការយល់ព្រមលើប្រភេទឧបករណ៍ XGS-PON ពីនិយតករទូរគមនាគមន៍កម្ពុជា ដែលបង្ហាញឱ្យឃើញពីគុណភាពនៃដំណោះស្រាយ និងការត្រៀមខ្លួនក្នុងការដាក់ពង្រាយក្នុងទីផ្សារប្រទេសកម្ពុជា។

លោក​មានប្រសាសន៍ថា៖«យើងកំពុងប្រើប្រាស់ដំណោះស្រាយ GPON របស់ Nokia រួចហើយ ហើយមានទំនុកចិត្តថាដំណោះស្រាយ XGS-PON ដែលត្រូវបានបញ្ជាក់ក្នុងវិស័យនេះនឹងអនុញ្ញាតឱ្យយើងផ្តល់នូវបទពិសោធន៍ប្លែកៗដល់សហគ្រាសក្នុងប្រទេសកម្ពុជា»។

លោក Ajay Sharma នាយក​ប្រចាំ​ប្រទេស​ថៃ និង​កម្ពុជា​នៅ​ក្រុមហ៊ុន Nokia ថ្លែងថា​​៖ យើង​មាន​ក្តី​រំភើប​ដែល​ក្រុមហ៊ុន SINET បាន​បញ្ជាក់​ឡើង​វិញ​នូវ​ទំនុក​ចិត្ត​របស់​ខ្លួន​ចំពោះ​ដំណោះស្រាយ​របស់​ក្រុមហ៊ុន។

លោក Ajay Sharma មានប្រសាសន៍ថា៖«ដំណោះស្រាយ XGS-PON ឈានមុខគេក្នុងឧស្សាហកម្មរបស់យើងនឹងអនុញ្ញាតឱ្យ SINET ធ្វើឱ្យប្រសើរឡើងនូវល្បឿន និងគុណភាពទាំងមូលនៃអ៊ីនធឺណិតសម្រាប់អ្នកប្រើប្រាស់សហគ្រាសរបស់ខ្លួន ដែលនឹងជួយឱ្យពួកគេបង្កើនប្រាក់ចំណូលរបស់ពួកគេ និងទាក់ទាញអតិថិជនថ្មី។ អ្នកប្រើប្រាស់សហគ្រាសនឹងទទួលបានអត្ថប្រយោជន៍ពីការកើនឡើងនៃសមត្ថភាពបណ្តាញ ល្បឿន និងភាពជឿជាក់»។

ដំណោះស្រាយ XGS-PON របស់ Nokia នឹងជួយ SINET ផ្តល់នូវបទពិសោធន៍អ្នកប្រើប្រាស់ដ៏ប្រសើរ ជាមួយនឹងសមត្ថភាពកាន់តែខ្ពស់ និងការផ្តល់ជូនសេវាកម្មកាន់តែប្រសើរឡើង ហើយ SINETនឹងអាចរក្សាការប្រកួតប្រជែងដោយជាអ្នកផ្តល់សេវាដំបូងគេដែលដាក់ពង្រាយសេវាកម្ម XGS-PON ជំនាន់ក្រោយក្នុងប្រទេសកម្ពុជា៕