ក្រុមហ៊ុន ធីខេ& ឌី មេនូហ្វេកធឺរីង(TK&D Manufacturing) មានសមត្ថភាពផលិតទុយោ១លានដើម ក្នុង១ថ្ងៃ។ រូបភាព៖ ផ្តល់ឱ្យដោយលោក ហ៊ួត រិទ្

ក្រុមហ៊ុន ធីខេ& ឌី មេនូ​ហ្វេក​ធឺរីង​(TK&D Manufacturing) ជាសហគ្រាស​ក្នុងស្រុក​ផលិត​កែវ​ក្រដាស និង​បំពង់បឺត​ កែច្នៃ​ពីវត្ថុធាតុ​ដើមពី​​អង្ករ ពោត​ និង​ដំឡូងមី​ មានផែនការ​នាំចេញ​ទៅកាន់ទីផ្សារ​អន្តរជាតិ​ជា​លើក​ដំបូងក្នុង​រយៈពេល​ដ៏​ខ្លីខាង​មុខ​នេះ​​។​

ក្រុមហ៊ុន TK&D មាន​ទីតាំង​រោងចក្រ​នៅ​ឃុំ​បឹងកន្ទួត​ ស្រុក​ក្រគរ​ ខេត្ត​ពោធិ៍សាត់​ នៅ​លើ​ផ្ទៃ​ជាង​ ២​ហិកតា ជាមួយ​នឹង​ទុនវិនិយោគ​ជាង​៥​លានដុល្លារ​។​

លោកស្រី ទិត សុខុម ម្ចាស់ក្រុមហ៊ុន TK&D ប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី២៥ កក្កដានេះថា បច្ចុប្បន្ន បំពង់បឺតផលិតពីម្សៅអង្ករកំពុងដាក់លក់នៅតាមផ្សារទំនើបម៉ាក្រូ សាខាក្រុងភ្នំពេញ សាខាខេត្តសៀមរាប ផ្សារស្នាដៃម៉ែ និងតាមហាងកាហ្វេមួយចំនួនទៀត នៅក្នុងរាជធានីភ្នំពេញ។

លោកស្រីថ្លែងដូច្នេះថា៖«ផលិតផល​យើង​ គេទើបតែស្គាល់បណ្តើរៗ និយាយទៅយើងអត់ទាន់បានចែកចាយទៅទូលំទូលាយ ដូច្នេះ មួយចំនួនមិនស្គាល់ទេ ហើយមួយចំនួនបានស្គាល់ បានប្រើប្រាស់ ហើយចាប់ផ្តើមមានការគាំទ្របណ្តើរៗហើយ ប៉ុន្តែបើចង់ឱ្យទូលំទូលាយដូចទុ​យោប្លាស្ទិកតែម្តងអត់ទេ បានន័យថា យើងទើបតែចាប់ផ្តើមប្រូម៉ូត(promote)ទេ»។

លោកស្រីបន្តថា TK&D បានចាប់ផ្តើមដំណើរការចង្វាក់​ផលិតកម្ម​នៅខែកញ្ញា ឆ្នាំ២០២១ ដោយ​មិនទាន់បានដំណើរការពេញលេញនោះទេពោលគឺ​ទើប​បាន​ដំណើរការរយៈពេល៣ ខែចុងក្រោយនេះប៉ុណ្ណោះ ដោយ​ផ្តោតសំខាន់ទីផ្សារ​ក្នុងស្រុក​ជាមួយ​នឹង​ហាងកាហ្វេប្រេនៗ។

រូបភាព៖ ហ្វេសប៊ុក TK&D Paper And Plastic

លោកស្រីថ្លែងថា៖«ផលិតផលរបស់យើងចង់ផ្តោតសំខាន់ដាក់លក់ទៅខាងហាងកាហ្វេ តាមម៉ាត តាមផ្សារទំនើបមួយចំនួន ដែលពួកគាត់ទាំងអស់នេះជាទីផ្សារចម្បងរបស់យើង។ ជាពិសេសតាមហាងកាហ្វេប្រេនៗ»។

លោកស្រី​ អះអាងថា ទន្ទឹមនឹង​នេះ TK&D កំពុង​រៀប​ចំ​ការ​នាំចេញបំពង់បឺតទៅទីផ្សារអន្តរជាតិ មានដូចជា អាមេរិក អូស្ត្រាលី និងជប៉ុន ឆាប់ៗនេះ ។ លោកស្រីបន្ថែមថា ផលិតផលទុយោបឺត​របស់​ក្រុមហ៊ុន​ TK&D ផលិតចេញម្សៅអង្ករលាយជាមួយ ម្សៅពោត និងដំឡូងមី​ ដែលគ្មានសារធាតុគីមីនោះទេ។

លោកស្រីថ្លែងដូច្នេះថា៖«និយាយទៅយើងបឺតហើយ វាអត់ងាយទន់ដូចទុយោក្រដាសនោះទេ ក្រដាសយើងបឺតតិច វាទន់ដាក់ចូលទឹកកក ប៉ុន្តែទុយោយើងអត់ទន់ទេ ហើយបានតែជាមួយទឹកត្រជាក់ទេ បើទឹកក្តៅ វារីកហើយ។ បច្ចុប្បន្ន វត្ថុធាតុដើមវា យកមកពីក្រៅប្រទេស មានតែអង្ករទេ ដែលយើងយកពីក្នុងស្រុក ព្រោះខាងខ្ញុំអត់ទាន់មានម៉ាស៊ីនធំ សម្រាប់ចម្រាញ់វត្ថុធាតុដើមហ្នឹងបាន ដូចជាពោត និងដំឡូង មិនទាន់ធ្វើបាន ប៉ុន្តែយើងនឹងមានម៉ាស៊ីនងហ្នឹងឆាប់ៗ»។

រូបភាព៖ ផ្តល់ឱ្យដោយលោក  ហ៊ួត រិទ្ធី

មូលហេតុដែលលោកស្រីចាប់អារម្មណ៍ផលិតបំពង់បឺតនេះឡើង ដើម្បី​ចូលរួមកាត់បន្ថយបញ្ហាសំរាមនៅកម្ពុជា និងចង់ផ្តល់ការងារឱ្យប្រជាពលរដ្ឋខ្មែរ​ដើម្បី​បង្កើន​ប្រាក់ចំណូល។សព្វថ្ងៃ TK&D មានបុគ្គលិកសរុប​ជាង១០០នាក់។

លោកស្រីថា ការផលិតបំពង់បឺតអង្ករនេះ ជួបប្រទះបញ្ហាពិបាកប្រកួតប្រជែងជាមួយ ទីផ្សារបំពង់បឺតប្លាស្ទិក ប៉ុន្តែទោះជាយ៉ាងណា បច្ចុប្បន្នក៏មានហាងមួយចំនួនមាននិន្នាការគិតគួរដល់បរិស្ថាន ហើយគាត់ក៏បានគិតថានឹងប្រើប្រាស់ផលិតផល​ដែលអាចជំនួសប្លាស្ទិកបាន។

បច្ចុប្បន្ន បំពង់បឺតលក់រាយក្នុង​តម្លៃ ២,៥​ដុល្លារ​ក្នុង​១កញ្ចប់​ដែល​មាន​បំពង់បឺត​ចំនួន​៥០ដើម។

រោងចក្រ​របស់​ TK&D មានសមត្ថភាពផលិតបំពង់បឺត​ពីម្សៅអង្ករនេះ ចំនួន១លានដើម ក្នុង១ថ្ងៃ ខណៈកន្លងមក បំពង់បឺតផលិតពីម្សៅអង្ករដែលមាននៅលើទីផ្សារក្នុងស្រុកខ្មែរ គឺសុទ្ធតែនាំចូលពីប្រទេសជិតខាង៕

រូបភាព៖ ហ្វេសប៊ុក TK&D Paper And Plastic