លោក សុខ សំណាង ជំនួយការសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា និងលោក Kim Jin Ho តំណាងអង្គការ Global Life Sharing ប្រចាំនៅប្រទេសកម្ពុជា បានដឹកនាំក្រុមការងារដើម្បីចុះទៅពិនិត្យមើលទីតាំងគម្រោងបង្កើតមជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោ ស្ថិតនៅក្នុងបវេណមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បី​ផ្តល់ជំនួយសាងសង់មជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោនេះ។

ក្រោយពីបានចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនៅក្នុងមន្ទីរពេទ្យ កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២២ ទាំង លោក សុខ សំណាង លោក Kim Jin Ho សុទ្ធតែបានឃើញពីតម្រូវការដ៏ចាំបាច់របស់ប្រជាជនដែលមកទទួលសេវាកម្មផ្នែកស្តារកាយសម្បទានៅក្នុងមន្ទីរពេទ្យនេះ។រូបភាព៖​ ហ្វេសប៊ុក លោក សុខ សំណាង ជំនួយការសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា

លោក Kim Jin Ho តំណាងអង្គការGlobal Life Sharing ប្រចាំនៅប្រទេសកម្ពុជា បានអរគុណភាគីខាងមន្ទីរពេទ្យ ដែលបានផ្តល់ឱកាសដល់ក្រុមការងារចុះពិនិត្យ និងគាំទ្រចំពោះគម្រោងផ្តល់ជំនួយរបស់អង្គការ Global Life Sharing ក្នុងការបង្កើតមជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោ ហ៊ុន សែន។

លោក Kim Jin Ho សន្យានឹងនាំយកនូវអ្វីដែលបានពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំ ដើម្បីដាក់ជូនទៅស្នាក់ការកណ្តាលរបស់អង្គការ Global Life Sharing នៅក្នុងប្រទេសកូរ៉េខាងត្បូង។

លោក វេជ្ជបណ្ឌិត ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានជម្រាបជូនប្រតិភូចុះពិនិត្យថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋដែលមកទទួលសេវាកម្មនេះ នៅក្នុងមន្ទីរពេទ្យមានការកើនឡើងខ្ពស់ ស្របពេលដែលអគារបច្ចុប្បន្ន ដែលទទួលការព្យាបាលស្តារកាយសម្បទា មានទំហំតូចចង្អៀតខ្លាំង និងមិនសូវមានសម្ភារទំនើប មិនសមស្របនឹងតម្រូវការ។ លោក ងី ម៉េង បន្តថា ប្រជាពលរដ្ឋដែលមកទទួលសេវាកម្មនេះនៅក្នុងមន្ទីរពេទ្យខ្មែរ-សូវៀត ភាគច្រើនសុទ្ធតែប្រជាជនក្រីក្រ។

កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២២ ប្រភូនិងក្រុមកាងារសម្របសម្រួលនិងតំណាងអង្គការ Global Life Sharing របស់កូរ៉េខាងត្បូង ដែលដឹកនាំដោយលោក សុខ សំណាង ជំនួយការសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និង លោក ជា ធីរិទ្ធ ជំនួយការសម្តេចតេជោនាយករដ្ឋមន្រ្តី ព្រមទាំងលោក Kim Jin Ho តំណាងអង្គការGlobal Life Sharing ប្រចាំនៅប្រទេសកម្ពុជា បានជួបពិភាក្សាជាមួយលោកស្រី​ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅទីស្តីការក្រសួងសុខាភិបាល ដើម្បីពិភាក្សាលើគម្រោងផ្តល់ជំនួយសាងសង់មជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោនេះផងដែរ។

ក្នុងជំនួបនេះ លោកស្រី​វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ក្នុងនាមក្រសួងសុខាភិបាលកម្ពុជា លោកជំទាវមានសេចក្តីត្រេកអរ និងស្វាគមន៍ចំពោះអង្គការ Global Life Sharing ដែលមានគ្រោងផ្តល់ជំនួយដល់កម្ពុជាក្នុងការបង្កើតនូវមជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោ ហ៊ុន សែន ។ លោកជំទាវ ចាត់ទុកគម្រោងនេះថា មានសារសំខាន់បំផុតសម្រាប់ជួយប្រជាជនកម្ពុជា និងក្នុងការអភិវឌ្ឍវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា ហើយក្រសួងសុខាភិបាលត្រៀមខ្លួនជានិច្ចដើម្បីសហការជាមួយអង្គការ Global Life Sharing ក្នុងការអនុវត្តគម្រោងនេះ ឲ្យបានជោគជ័យ។

បើតាមលោក ជា ធីរិទ្ធ ជំនួយការសម្តេចតេជោនាយករដ្ឋមន្រ្តី គម្រោងផ្តល់ជំនួយរបស់អង្គការ Global Life Sharing នៃសាធារណៈរដ្ឋកូរ៉េខាងត្បូង ក្នុងការបង្កើតមជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោនេះ ត្រូវបានទទួលការស្វាគមន៍ពីសម្តេចតេជោនាយករដ្ឋមន្រ្តី ហើយសម្តេចលើកទឹកចិត្តឲ្យក្រុមការងារអនុវត្តគម្រោងនេះ បានជោគជ័យនិងឆាប់រហ័ស ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋកម្ពុជា។

សូមបញ្ជាក់ថា នៅដើមខែ សីហា ឆ្នាំ ២០២២ ខាងមុខនេះ លោក Kim Jung Nam នាយកផ្នែកសហប្រតិបត្តិការ នៃអង្គការ Global Life Sharing នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ដោយគ្រោងនឹងជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធភាពនៃព្រះរាជាណាចក្រកម្ពុជា និងមានការចុះហត្ថលេខាលើការផ្តល់ជំនួយរបស់ពេល ៥ ឆ្នាំ ដល់ព្រឹទ្ធកម្ពុជា ក្នុងទំហំទឹកប្រាក់ ១០ លានដុល្លារផងដែរ។ ជាមួយគ្នានេះ ក្នុងពេលបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា លោក Kim Jung Nam ក៏នឹងបញ្ជាក់ពីគម្រោងផ្តល់ជំនួយនៃការបង្កើតមជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោ ហ៊ុន សែន ផងដែរ។

អង្គការ Global Life Sharing ជាអង្គការមនុស្សធម៌មួយ នៃប្រទេសកូរ៉េ ដែលជួយឧបត្ថម្ភគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្នែកវេជ្ជសាស្ត្រ និងវិស័យអប់រំនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ជុំវិញពិភពលោក៕