ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ ​(USAID)​ និងគម្រោងសហគ្រិននារីសកម្ម​ (WE Act) នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ បានរៀបចំ«សន្និសីទ​ថ្នាក់​ខេត្ត​លើក​កម្ពស់​ការចូល​រួមរបស់​អ្នក​ដឹក​នាំជាយុវជន និងសហគ្រិនស្ត្រីវ័យក្មេងជាមួយអាជ្ញាធរតំណាងរដ្ឋាភិបាល» ដែល​ជាកិច្ច​សន្ទនា​ក្នុងន័យ​ស្ថាបនារវាង​មន្ត្រីរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ ជាមួយអ្នកដឹកនាំជាយុវជននិងសហគ្រិនស្ត្រី នៅ​ខេត្ត​សៀមរាប​។

ក្នុងសន្និសីទនេះ មានអ្នកចូលរួមសរុប​ប្រហែល ៣០០នាក់ ទាំងអ្នកចូលរួមតាមប្រព័ន្ធអនឡាញ។រូបភាព៖​ផ្តល់​ឲ្យដោយសន្និសីទនេះ

សន្និសីទរៀប​ចំឡើង​ក៏​ ដើម្បីពិភាក្សា និង​ចែក​រំលែកបញ្ហាប្រឈមរបស់ពួកគេដែលបានរៀន និង​ការអនុវត្តល្អដែលទាក់ទងអំពីភាពជាពលរដ្ឋ និង​សហគ្រិនភាព នៅទូទាំងខេត្តគោលដៅរបស់ WE Act រួមមាន៖ ខេត្តសៀមរាប បាត់ដំបង កំពង់ចាម កំពត កែប និង​ខេត្តព្រះសីហនុ។

ក្នុងសន្និសីទនេះ មានអ្នកចូលរួមសរុប​ប្រហែល ៣០០នាក់ ទាំងអ្នកចូលរួមតាមប្រព័ន្ធអនឡាញ រួមមាន​អ្នក​ដឹក​នាំ​យុវជន សហគ្រិនស្ត្រីវ័យក្មេង និងដៃគូអង្គការក្រៅរដ្ឋាភិបាលដែលបាន​ធ្វើការរួម​គ្នាជា​មួយមន្ត្រី​រដ្ឋាភិបាល​លើបញ្ហា​ការគ្រប់គ្រងសំណល់រឹងនិងការគាំពារសង្គម។

អ្នកចូលរួមមកពី​ខេត្តផ្សេងៗ​គ្នាមាន​ឱកាសភ្ជាប់​ទំនាក់​ទំនង​គ្នាទៅវិញទៅមកក្នុងគោលបំណងដើម្បីរៀនពីការអនុវត្តល្អពីគ្នាទៅវិញទៅ​មកអំពីរបៀប​ដោះស្រាយ​បញ្ហា​សហគមន៍​រួមគ្នានៅពេលមានការសហការវិជ្ជមានជាមួយរដ្ឋាភិបាលមូលដ្ឋាន។

នៅក្នុង​សន្និសីទ យុវជន និងសហគ្រិនស្ត្រីវ័យក្មេងបានកំណត់បញ្ហាសំខាន់ៗ និងបានស្នើនូវសកម្មភាព និង​ដំណោះ​ស្រាយរួមគ្នា ដែលត្រូវបានបង្ហាញដល់តំណាងរដ្ឋាភិបាលមកពីខេត្តនីមួយៗ។ រូបភាព៖​ផ្តល់ឲ្យដោយ​ សន្និសីទនេះ

លោក អ៊ឹង គឹមលាង អភិបាលរងនៃគណអភិបាលខេត្តសៀមរាប បាន​មាន​ប្រសាសន៍​ក្នុងសុន្ទរក​ថាបើកកម្ម​វិធីថា​ តាម​រយៈ​កិច្ចសន្ទាន​នេះ សុទ្ធតែជាការរកឃើញនិងកិច្ចការ​ណែនាំល្អៗពីកិច្ចពិភាក្សាមួយនេះដោយលោក​លើកទឹកចិត្តយុវជន និងសហគ្រិននារីវ័យក្មេងឱ្យចូលរួមក្នុងកិច្ចការងារសង្គម ជា​ពិសេស​ពាក់ព័ន្ធនឹងការគ្រប់គ្រងកាកសំណល់រឹងនិងការគាំពារសង្គម។

លោក​ថ្លែងដូច្នេះថា៖«ខ្ញុំ​នឹង​យក​ប្រធាន​បទនេះ​សម្រាប់​​ការ​ស្រាវ​ជ្រាវ​បន្ថែម​ទៀតនៅថ្ងៃខាងមុខ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​សមរម្យ​សម្រាប់​ខេត្ត​សៀមរាប ហើយ​កិច្ចណែនាំ​ទាំងអស់នេះ ក៏អាចអនុញ្ញាតឲ្យ​អភិបាលខេត្ត​ទូទាំងប្រទេសកម្ពុជា​យកទៅ​ពិចារណាផងដែរ»។

លោក ជេម ក្រល នាយកប្រចាំតំបន់អាស៊ី អ៊ឺរ៉ុបរបស់អង្គការផេក មានប្រសាសន៍ថា «ខ្ញុំសង្ឃឹមថា ពួក​យើង​បាន​ចាប់​ផ្តើមបង្កើតមូលដ្ឋានគ្រឹះ ដែលសន្និសីទនេះអាចបន្ត ដើម្បីឱ្យយុវជន សហគ្រិនស្ត្រី ជនពិការ អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា នៅទូទាំងប្រទេសអាចបន្តមានជោគវាសនា ដែល​ពួកគាត់​អាចមក​ចូលរួមកិច្ច​សន្ទនា​ក្នុង​ន័យ​ស្ថាបនា​ជា​មួយសមភាគីរដ្ឋាភិបាល»។

នៅក្នុង​សន្និសីទ យុវជន និងសហគ្រិនស្ត្រីវ័យក្មេងបានកំណត់បញ្ហាសំខាន់ៗ និងបានស្នើនូវសកម្មភាព និង​ដំណោះ​ស្រាយរួមគ្នា ដែលត្រូវបានបង្ហាញដល់តំណាងរដ្ឋាភិបាលមកពីខេត្តនីមួយៗ។ ជាកិច្ចបញ្ចប់ តំណាង​រដ្ឋាភិបាល​ខេត្ត ប្តេជ្ញាធ្វើការរួមគ្នាជាមួយយុវជន និងសហគ្រិនស្ត្រី ដើម្បីដោះ​ស្រាយបញ្ហា​អាទិភាព​ជុំវិញ​ការគ្រប់គ្រង​សំណល់រឹង និងការគាំពារសង្គម៕