លោកស្រី Orna SAGIV ឯកអគ្គរដ្ឋទូតអីស្រាអែលថ្មីប្រចាំកម្ពុជា បានជួបពិភាក្សាជាមួយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម កាលពីចុងខែមិថុនា ឆ្នាំ២០២២។ រូបភាព៖ ហ្វេសប៊ុកលោក វេង សាខុន

រដ្ឋមន្រ្តីក្រសួងកសិកម្ម បានគាំទ្របំណងរបស់ប្រទេសអ៊ីស្រាអែល ដែលចង់នាំពលករពីកម្ពុជា ទៅធ្វើកសិកម្មនៅក្នុងប្រទេសរបស់ខ្លួននៅពេលខាងមុខ។ ការចង់ពលករពីកម្ពុជានេះ ខណៈប្រទេសអ៊ីស្រាអែលបានសម្រេចកាត់បន្ថយការទទួលនិស្សិតពីកម្ពុជាចំនួន៥០%។

យើងតាមទំព័រហ្វេសប៊ុករបស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មបានលើកឡើងថា លោកស្រី Orna SAGIV ឯកអគ្គរដ្ឋទូតអីស្រាអែលថ្មីប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅប្រទេសថៃ បានលើកឡើងថា ប្រទេសលោកស្រីមានបំណងចុះអនុស្សរណៈយោគយល់គ្នា(MoU)ជាមួយកម្ពុជា ដើម្បីនាំយកពលករពីកម្ពុជាទៅបម្រើការក្នុងវិស័យកសិកម្ម ដោយលោកស្រីសង្ឃឹមថា នឹងទទួលបានការសហការល្អពីក្រសួងការងារ ហើយឈានទៅចុះហត្ថលេខាក្នុងពេលដ៏ខ្លីខាងមុខនេះ។

ការលើកឡើងពីអគ្គរដ្ឋទូតអ៊ីស្រាអែលនេះ ខណៈលោកស្រីបានធ្វើដំណើរមកកាន់កម្ពុជា ដើម្បីជួបពិភាក្សាជាមួយលោក វេង សាខុន កាលពីចុងខែមិថុនានេះ ខណៈលោក វេង សាខុន ក៏គាំទ្រគម្រោងនេះ និងឆ្លើយតបថា  ប្រសិនបើគម្រោងបញ្ជូនពលករនេះ អាចកើតឡើងមែន នោះនឹងជួយពង្រឹង និងពង្រីកសមត្ថភាពកសិករកម្ពុជាទាំងផ្នែកទ្រឹស្តី និងការអនុវត្តអំពីការប្រើប្រាស់បច្ចេកទេសកសិកម្មទំនើបរបស់អ៊ីស្រាអែល។

ប្រទេសអ៊ីស្រាអែល មានកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា គឺការទទួលយកនិស្សិតឆ្នាំទី៣របស់កម្ពុជាឱ្យ
ទៅហាត់ការលើវិស័យកសិកម្មនៅក្នុងប្រទេសរបស់ខ្លួន តាំងពីឆ្នាំ២០០៨ ដោយគិតមកដល់ពេលនេះ មាននិស្សិតកម្ពុជាទៅហាត់ការប្រមាណ១៤៦៩នាក់ហើយ។

ប៉ុន្តែកាលពីពេលថ្មីៗនេះ ភាគីអ៊ីស្រាអែលចង់កាត់បន្ថយការផ្ដល់កូតានៃចំនួននិស្សិតកម្ពុជាទៅហាត់ការនៅក្នុងប្រទេសរបស់ខ្លួនដែលក្នុងមួយឆ្នាំមាន២០០នាក់ មកនៅត្រឹម១០០នាក់ប៉ុណ្ណោះ ប៉ុន្តែគម្រោងនេះ ត្រូវបានកម្ពុជាស្នើសុំឱ្យរក្សាចំនួននិស្សិតនៅដដែល៕