ប្រធានាធិបតី​ចិន​លោក Xi Jinping ​ថ្លែង​សុន្ទរកថា ក្រោយ​ការ​ស្បថ​ចូល​កាន់​តំណែង​របស់​មេដឹកនាំ​និង​រដ្ឋាភិបាល​ថ្មី​របស់​ហុងកុង នៅ​ខួប​ទី​២៥​នៃ​ការ​ផ្ទេរ​អំណាច​គ្រប់គ្រង​ដែនដី​នេះ​ពី​អង់គ្លេស​មក​ចិន​វិញ​ កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២២។

ហុងកុង — 

ប្រធានាធិបតី​ចិន​លោក Xi Jinping ​បាន​កត់​សម្គាល់​ខួប​ទី​២៥​ឆ្នាំ​នៃ​ការ​វិលត្រឡប់របស់​ក្រុង​ហុងកុង​មក​ក្រោម​ការគ្រប់គ្រងរបស់​ចិនដីគោក​វិញ​ កាលពី​ថ្ងៃ​សុក្រ ​ដោយ​សង្កត់​ធ្ងន់​ទៅ​លើការ​កាន់កាប់​អំណាច​របស់​រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង​លើ​អតីត​ដែនដី​អាណានិគម​អង់គ្លេស​នេះ​ផ្អែក​លើ​ចក្ខុវិស័យ ​«ប្រទេស​មួយ ប្រព័ន្ធ​ពីរ‍» ​ដោយ​លោក Xi បាន​តបត​ទៅ​នឹង​ការ​រិះគន់​កន្លង​មក​ដែល​ថា​សិទ្ធិ​នយោបាយ​និង​សិទ្ធិ​ពលរដ្ឋ​ដែល​ត្រូវ​បាន​គេ​សន្យា​ធានា​នៅ​ពេល​ផ្ទេរ​ការ​គ្រប់គ្រង​កាល​ពី​២៥​ឆ្នាំ​មុន​ ត្រូវ​បាន​ចិន​ដីគោក​លុប​បំបាត់​ស្ទើរ​ទាំង​ស្រុង។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន ​AP។​

លោក Xi បាន​សរសើរ​អាជ្ញាធរ​ទី​ក្រុង​នេះ​ចំពោះការ​ជម្នះ​លើ​«អសន្តិសុខ​សង្គម​ដោយ​ហិង្សា‍» ដែល​នេះ​លោក​សំដៅ​ទៅ​លើ​មហាបាតុកម្ម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យដែល​បាន​ផ្ទុះ​ឡើង​នៅ​ឆ្នាំ​២០១៩​ ហើយ​បន្ទាប់​មក​ត្រូវ​រង​ការ​បង្ក្រាប​ដែល​ជំរុញ​ដោយ​ក្រុង​ប៉េកាំង ដែល​បាន​លុបបំបាត់ចលនា​ប្រឆាំង​និង​សារព័ត៌មាន​ឯករាជ្យ។ វិធានការ​នេះ​បាន​ធ្វើ​ឱ្យ​ក្រុង​ហុងកុង​រំកិល​ខ្លួន​កាន់​តែ​ខ្លាំង​ទៅ​ក្នុងការ​គ្រប់គ្រង​កាន់​តែ​តឹងរ៉ឹង​ក្រោម​អំណាច​គណបក្ស​កុម្មុយនីស្ត​ចិន។

ការ​ផ្លាស់​ប្តូរ​ខាង​នយោបាយ​នេះ​ធ្វើ​ឱ្យ​ពលរដ្ឋ​ជា​ច្រើន​នៅ​ក្នុង​ទីក្រុងដែល​មាន​ប្រជាជន​ជាង​៧​លាន​នាក់​មាន​ការ​ភ្ញាក់ផ្អើល ក្រោយ​ពី​អតីត​ដែនដី​អាណានិគមនេះ​ត្រូវ​បាន​ចក្រភពអង់គ្លេស​ប្រគល់​ឱ្យ​ចិន​គ្រប់គ្រង​វិញ​នៅ​ឆ្នាំ​១៩៩៧។ ជា​ផ្នែក​នៃ​កិច្ចព្រមព្រៀង​នៅ​ពេល​ប្រគល់​នោះ ចិន​បាន​យល់​ព្រម​ឱ្យ​ហុងកុង​មាន​រដ្ឋាភិបាល​និង​ប្រព័ន្ធ​តុលាការ​ស្វយ័តរយៈ​ពេល​៥០​ឆ្នាំ។


នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ក្រោយ​ការ​ប្រគល់ដែនដីនោះ សកម្មជន​ហុងកុង​បាន​ព្យាយាម​ទប់ទល់​នឹង​កិច្ចប្រឹងប្រែង​របស់​ចិន​ក្នុង​ការ​រឹតត្បិត​សេរីភាព ហើយ​ពួក​គេ​ថែមទាំង​បាន​ទាមទារ​ឱ្យ​មាន​ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ទៀត​ផង​ ដោយ​ចេញ​មក​តវ៉ា​តាម​ដង​ផ្លូវ។

ប៉ុន្តែ​នៅ​ក្រោម​អំណាច​របស់​លោក Xi ការ​តវ៉ា​ប្រឆាំង​ទាំង​នេះ​ត្រូវ​បាន​បង្ក្រាប​យ៉ាង​ខ្លាំង។ អស់​ជា​ច្រើន​ឆ្នាំ​មក​នេះ ខួប​នៃ​ការ​ប្រគល់​ទឹកដី​ហុងកុង​មក​ចិន​វិញ ថ្ងៃទី​១ ខែ​កក្កដា ត្រូវ​បាន​កត់សម្គាល់​ដោយ​ពិធី​ផ្លូវការ​នៅ​ពេល​ព្រឹក និង​បាតុកម្ម​នៅ​ពេល​រសៀល។ ប៉ុន្តែ​នៅ​ពេល​នេះ​ក្រុម​អ្នក​តវ៉ា​ត្រូវ​បាន​គេ​បំបិទ​សំឡេង​ទាំង​ស្រុង នៅ​ក្នុង​ចំណាត់ការ​មួយ​ដែល​គណបក្ស​កុម្មុយនីស្ត​ថា​ជា​ជោគជ័យ​ក្នុង​ការ​ស្តារ​ស្ថិរភាព​ក្នុង​ទីក្រុង​ហុងកុង​ឡើង​វិញ៕