
ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា(SME Bank) និងគ្រឹះស្ថានហិរញ្ញវត្ថុ (PFIs) ជាដៃគូចំនួន១៩ បានប្រកាសចាប់ផ្តើមទទួលសំណើសុំឥណទានក្រោមគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅ។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារ SME បានផ្សាយកាលពីថ្ងៃសុក្រ។
សេចក្តីប្រកាសព័ត៌មានបន្តថា ការប្រកាសផ្តល់កម្ចីដល់វិស័យទេសចរណ៍នេះ ត្រូវបានធ្វើឡើងបន្ទាប់ពី លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ បានសម្ពោធដាក់ឲ្យដំណើរការ«គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍» ជាមួយនឹងគម្រោងថវិកាសរុបចំនួន ១៥០ លានដុល្លារ។
សេចក្តីប្រកាសព័ត៌មាន បន្ថែមថា ក្នុងចំណោមថវិកា ១៥០លានដុល្លារគឺ ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន ៧៥លានដុល្លារតាមរយៈធនាគារ SME និងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុទាំង១៩ចំនួន ៧៥លានដុល្លារ។

លោក លឹម អូន អគ្គនាយកនៃធនាគារ SME បានថ្លែងថា ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍អាចចាប់ផ្តើមស្នើសុំកម្ចីដែលមានទំហំរហូតដល់ ៤០០ ០០០ដុល្លារ ឬសមមូលជាប្រាក់រៀល នូវអត្រាការប្រាក់ទាបត្រឹមតែ ៦.៥% ក្នុងមួយឆ្នាំ និងរយៈពេលឥណទានរហូតដល់ ៧ ឆ្នាំ ហើយរយៈពេលអនុគ្រោះបង់ប្រាក់ដើមរហូតដល់ ១២ខែ។
លោកថ្លែងដូច្នេះថា៖«ឥណទានត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ក្នុងគោលបំណងស្តារប្រតិបត្តិការអាជីវកម្មឡើងវិញ ការកែលម្អ និងធ្វើទំនើបកម្ម ការពង្រីកខ្លួនបន្ថែម និងធ្វើពិពិធកម្មសេវាទេសចរណ៍ ដើម្បីត្រៀមខ្លួនទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ»។
ធនាគារ SME កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១៩ ដើម្បីអនុវត្តគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍។
គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមជាដៃគូទាំងនោះ រួមមាន ធនាគារ កាណាឌីយ៉ា ធនាគារ ស្ថាបនាធនាគារ អេស៊ីលីដា ធនាគារ ជីប ម៉ុង ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ ធនាគារ វីង ធនាគារព្រីនស៍ ធនាគារ ស៊ីអាយអិមប៊ី ធនាគារ ប្រៃសណីយ៍កម្ពុជា ធនាគារ ភ្នំពេញពាណិជ្ជ។
ព្រមទាំង ធនាគារ អ អេច ប៊ី ធនាគារ សាខម ធនាគារ ហត្ថា ធនាគារ ហ្វីលីព ធនាគារ អេស៊ា-ប៉ាស៊ីហ្វិក ធនាគារ ពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ខេមា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី។
ដើម្បីជំរុញ និងស្តារវិស័យទេសចរណ៍ឡើងវិញ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានប្រកាសដាក់ឲ្យប្រើប្រាស់ផ្លូវការនូវក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី ឆ្នាំ ២០២១-២០២៣៕
- ARDBចុះកិច្ចព្រមព្រៀងកម្ចីជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ៣ដើម្បីផ្តល់កម្ចីដល់កសិករខ្នាតតូច - នៅថ្ងៃទី 15/08/2022
- សណ្ឋាគារ SUN & MOON Riverside ជ្រើសរើសផ្លេតហ្វម INTELITY ដើម្បីរួមបញ្ចូលបច្ចេកវិទ្យាសម្រាប់គាំទ្រភ្ញៀវ - នៅថ្ងៃទី 15/08/2022
- បញ្ចប់កម្មវិធី CAVAC៖ ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជាប្រគល់ជំនួយរថយន្ត៤គ្រឿងដល់ក្រសួងកសិកម្ម - នៅថ្ងៃទី 13/08/2022