អ្នក​សារព័ត៌មាន​ទស្សនា​ការ​ផ្សាយ​តាម​ទូរទស្សន៍​អំពី​ជំនួប​រវាង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin និង​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក Joko Widodo នៅ​វិមាន​ក្រឹមឡាំង​ក្នុង​រដ្ឋធានី​មូស្គូ​​របស់​រុស្ស៊ី កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២២។

វ៉ាស៊ីនតោន — 

មេ​ដឹកនាំ​ប្រទេស​លោក​ខាង​លិច​បាន​ផ្តល់​សញ្ញា​បញ្ជាក់​ពី​ការ​ចូលរួម​សន្និសីទ​កំពូល​របស់​ក្រុម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង​២០​ ឬ​G-20 ​នៅ​កោះ​បាលី​ ប្រទេស​ឥណ្ឌូណេស៊ី​ នៅ​ខែ​វិច្ឆិកា​ខាង​មុខ ​ថ្វី​បើ​បាន​គំរាម​ធ្វើ​ពហិការ​មិន​ចូល​រួម​កាលពី​ដំបូង​ ហើយ​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​បាន​និយាយ​ថា ​ប្រធានាធិបតី​រុស្ស៊ី​លោក ​Vladimir Putin ​អាច​នឹង​ចូលរួម​សន្និសីទ​នោះ​តាម​អនឡាញ។​

នៅ​ក្នុង​ការ​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​ពួក​អ្នក​យក​ព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ អ្នក​នាំពាក្យ​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង ​លោក ​Dmitry Peskov ​បាន​និយាយ​ថា​ ពួក​គេ​នឹង​សម្រេច​នៅ​«ពេល​ដ៏​សំខាន់​មួយ»​ថា​ តើ​លោក Putin​ នឹង​ចូលរួម​សន្និសីទ​កំពូល​នោះ​ដោយ​ផ្ទាល់​ឬ​យ៉ាងណា។​

ការ​ចូលរួម​តាម​អនឡាញ​របស់​លោក ​Putin​ នៅ​ឯ​សន្និសីទ​កំពូល ​G-20 ​អាច​ដោះស្រាយ​ការ​ឈឺ​ក្បាល​ខាង​ការទូត​របស់​ឥណ្ឌូណេស៊ី​ដែល​ជា​ម្ចាស់ផ្ទះ​ ដែល​បាន​ស្ថិត​ក្រោម​សម្ពាធ​របស់​ប្រទេស​លោក​ខាង​លិច​ឱ្យ​ដក​រដ្ឋាភិបាល​ក្រុង​មូស្គូ​ចេញ​ពី​ជំនួប​របស់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទាំង​២០​ក្នុង​ពិភពលោក។ ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​លោក ​Joe Biden ​និង​មេ​ដឹកនាំ​ប្រទេស​ដែល​មាន​ឧស្សាហកម្ម​ជឿនលឿន​ទាំង ​៧ ​ឬ ​G-7​ បាន​ថ្លែង​កាល​ពី​ពេល​មុន​ថា ​ ពួកគេ​នឹង​មិន​ចូលរួម​សន្និសីទ​កំពូល​នោះ​ទេ ​ប្រសិន​បើ​លោក ​Putin​ មិន​ត្រូវ​បាន​ដកចេញ​ពី​សន្និសីទ​កំពូល​នេះ។​

ក្នុង​ឋានៈ​ជា​ប្រធាន​ G-20​ នៅ​ឆ្នាំ​នេះ ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក ​Joko Widodo ​បាន​បំពេញ​បេសកកម្ម​ការ​ទូត​ដើម្បី​ស្រោចស្រង់​សន្និសីទ​កំពូល​នេះ។ ​លោក​បាន​ជួប​លោក ​Putin​ នៅ​ក្នុង​ទីក្រុង​មូស្គូ​កាលពី​ថ្ងៃ​ព្រសហ្បតិ៍​ បន្ទាប់​ពី​ជំនួប​កាលពី​ថ្ងៃ​ពុធ​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន​លោក ​Volodymyr Zelensky ​នៅ​ក្នុង​ទីក្រុង​កៀវ​ និង​មេ​ដឹកនាំ​ក្រុម​ប្រទេស ​G-7​ នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​នៅ​ក្នុង​សប្តាហ៍​នេះ។​

រដ្ឋាភិបាល​ក្រុង​ហ្សាការតា​បាន​ប្រកាស​កាលពី​ខែ​មេសា​ថា​ ខ្លួន​បាន​អញ្ជើញ​ប្រទេស​រុស្ស៊ី​ដែល​ជា​សមាជិក ​G-20។​ ឥណ្ឌូណេស៊ី​បាន​ស្វះស្វែង​បិទ​គម្លាត​រវាង​ការ​ខំ​ប្រឹងប្រែង​របស់​ប្រទេស​លោក​ខាង​លិច​ដក​លោក​ Putin​ ពី​វេទិកា​សកល​ជាច្រើន​ដែល​ជា​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​ការ​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន ​និង​សមាជិក​ផ្សេង​ទៀត​ដូច​ជា​ប្រទេស​ឥណ្ឌា​ ប្រេស៊ីល ​អាហ្វ្រិក​ខាង​ត្បូង ​ម៉ិចស៊ិក​ និង​ប្រទេស​អារ៉ាប់ប៊ីសាអូឌីត​ ដែល​ចង់​ឱ្យ​របៀប​វារៈ​នេះ​ផ្តោតលើ​ការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​ក្រោយ​ជំងឺ​រាតត្បាត។​

លោក Zelenskyy បាន​ប្រាប់​លោក​ Widodo កាលពី​ថ្ងៃ​ពុធ​ថា ​ លោក​នឹង​ចូលរួម​សន្និសីទ​កំពូល​នោះ​ដោយ​អាស្រ័យ​លើ​ស្ថានភាព​ឈ្លានពាន​របស់​រុស្ស៊ី​ដែល​កំពុង​បន្ត​ឡើង ​ហើយ​នឹង​សមាភាព​របស់​អ្នក​ចូលរួម​សន្និសីទ​កំពូល​នោះ៕