
អង្គការ Save the Children (SCI) ប្រចាំប្រទេសកម្ពុជា World Vision International (WVI-C) និង Plan International Cambodia (PLAN) ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា រៀបចំវេទិកាភស្តុតាងសម្រាប់គោលនយោបាយស្តីពីការបញ្ចប់អំពើហិង្សាលើកុមារនៅក្នុងនិងជុំវិញសាលារៀនក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី២៨ មិថុនា ឆ្នាំ២០២២។
វេទិកានេះ ចែករំលែកភស្តុតាង ដែលបានមកពីរបាយការណ៍នៃការវាយតម្លៃឯករាជ្យរបស់គម្រោង ព្រមទាំងសម្របសម្រួលនូវកិច្ចសន្ទនារវាងវិស័យអប់រំ និងផ្នែកការពារកុមារ ដែលមានគ្រូបង្រៀន ក្រុមប្រឹក្សាកុមារ និងនាយកសាលា ទាក់ទងទៅនឹងការអនុវត្ត និងការធ្វើមាត្រដ្ឋាននៃយន្តការការពារកុមារនៅតាមសាលារៀន។
បន្ថែមពីនេះ វេទិកា ក៏បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីកិច្ចការពារកុមារនៅក្នុងសាលារៀន។
គ្របដណ្តប់លើសាលារៀនគោលដៅ ៥២ ក្នុងខេត្តសៀមរាប និងព្រះវិហារ សម្រាប់រយៈពេល២១ខែនៃការអនុវត្ត គម្រោងនេះត្រូវបានចាត់ទុកថា មានលក្ខណៈពាក់ព័ន្ធសមស្រប និងឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកទទួលផលក្នុងបរិបទនៃប្រទេសកម្ពុជា ដោយរបាយការណ៍នៃការវាយតម្លៃឯករាជ្យ។
នេះគឺយុទ្ធសាស្ត្រអន្តរាគមន៍សមស្រប ដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះហិង្សាលើកុមារ នៅក្នុងសាលារៀនក្នុងកម្ពុជា។
លោក ពុធ សាមិត្ត អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំនៃក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា៖«សៀវភៅណែនាំប្រតិបត្តិស្តីពីកិច្ចការពារកុមារនៅក្នុងសាលារៀន គឺដើម្បីជួយជំរុញការអនុវត្តគោលនយោបាយ ស្តីពីកិច្ចការពារកុមារនៅតាមសាលារៀន និងជាជំនួយដល់សាលារៀនក្នុងការអនុវត្តទទួលបានប្រសិទ្ធភាព និងវិជ្ជាជីវៈក្នុងការបង្ការទប់ស្កាត់ ឆ្លើយតប និងបញ្ជូនកុមារទៅទទួលសេវាគាំទ្រត្រឹមត្រូវ និងសមស្រប។
លោក សាមិត្ត បន្តថា ព្រមទាំងសេវាផ្តល់ការប្រឹក្សាផ្លូវចិត្ត ប្រកបដោយភាពកក់ក្ដៅ មានភាពជឿជាក់ និងទំនុកចិត្តចំពោះកុមារដែលរងផលប៉ះពាល់ពីអំពើហិង្សា និងការកេងប្រវ័ញ្ចផ្សេងៗនៅក្នុង គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។
លោក ពុធ សាមិត្ត ថ្លែងដូច្នេះថា៖ «គោលការណ៍នេះក៏បានផ្ដល់នូវបទពិសោធដ៏ល្អ ក៏ដូចជា ការបែងចែកអំពីតួនាទី និងភារកិច្ចរបស់ជនបង្គោល សម្រាប់អនុវត្តការការពារកុមារ នៅពេលដែលសាលារៀនមានបញ្ហា ឬឧប្បត្តិវហេតុកើតឡើងចំពោះកុមារ។ មិនតែប៉ុណ្ណោះ កុមារក៏មានការយល់ដឹងពីផលប៉ះពាល់នៃអំពើហិង្សា ការរាយការណ៍ ក៏ដូចជាការរកស្វែងរកកិច្ចអន្តរាគមន៍ និងការគាំទ្រផ្សេងៗឱ្យបានទាន់ពេលវេលាផងដែរ»។
របាយការណ៍នៃការវាយតម្លៃឯករាជ្យនេះ ក៏បានបង្ហាញថា ការបណ្តុះបណ្តាលជុំវិញការយល់ដឹងអំពីសៀវភៅណែនាំប្រតិបត្តិ ស្តីពីកិច្ចការពារកុមារនៅក្នុងសាលារៀន និងបរិបទនៃហិង្សាលើកុមារ គឺទទួលបាននូវភាពជោគជ័យ។
លោកស្រី ប៊ីយ៉ាងកា ខលីយ័រ នាយកស្តីទីអង្គការ Save the Children ប្រចាំកម្ពុជា ថ្លែងថា «ខ្ញុំសូមថ្លែងអំណរគុណ និងអរគុណចំពោះអ្នកគាំទ្រទាំងអស់របស់យើង ជាពិសេស ភាពជាដៃគូសកលដើម្បីបញ្ចប់អំពើហិង្សាលើកុមារ និងគំនិតផ្តួចផ្តើមនៃសុវត្ថិភាពក្នុងការសិក្សា»។
លោកស្រីបន្តថា៖«គម្រោងដែលយើងកំពុងបង្ហាញ គឺអាចធ្វើទៅបានដោយការគាំទ្រដ៏សប្បុរសរបស់ពួកគេ ហើយនឹងមានផលរយៈពេលវែង មិនត្រឹមតែសម្រាប់កុមារ ដែលទទួលបានអត្ថប្រយោជន៍ពីគម្រោងប៉ុណ្ណោះទេ ថែមទាំងបានមកពីមេរៀនដែលបានរៀនផងដែរ ដែលអាចបង្កើតបាននៅក្នុងគម្រោង និងគោលនយោបាយនាពេលអនាគត»។
នៅក្នុងគម្រោងនេះ របាយការណ៍នៃការវាយតម្លៃឯករាជ្យ ត្រូវបានធ្វើឡើងនៅចន្លោះខែមេសា ដល់ខែមិថុនា ឆ្នាំ២០២២ ជាមួយអ្នកឆ្លើយសំណួរ ១៥៦នាក់ (ស្រី ៥៦%) ហើយបានរកឃើញថា មានភស្តុតាងនៃការយល់ដឹងកាន់តែប្រសើរឡើងរបស់អ្នកទទួលផល ជាពិសេសចំណេះដឹង និងការយល់ដឹងទាក់ទងនឹងអាកប្បកិរិយាបែបណា ដែលបង្កើតជាអំពើហិង្សាលើកុមារ ក៏ដូចជារចនាសម្ព័ន្ធនៃការរាយការណ៍ និងការឆ្លើយតប។
អ្នកឆ្លើយសំណួរ បានកត់សម្គាល់ពីការកើនឡើងនៃការយល់ដឹងលើបញ្ហាហិង្សាលើកុមារ និងការរាយការណ៍ឆ្លើយតបនៅក្នុងគ្រួសារ និងសហគមន៍ ដោយក្មេងស្រី និងសិស្សដែលមានពិការភាព បានបង្ហាញពីការយល់ដឹងកាន់តែច្រើន បើធៀបនឹងមិត្តភក្ដិប្រុសរបស់ពួកគេ។
លោក ឡេង វីរៈ នាយកប្រតិបត្តិនៃអង្គការទស្សនៈពិភពលោកកម្ពុជា បានលើកឡើងថា អង្គការទស្សនៈពិភពលោកដឹងថា បញ្ហានេះ ទាមទារការចូលរួមពីសហគមន៍មួយទាំងមូល ដើម្បីការពារកុមារពីអំពើហិង្សា។
លោកមានប្រសាសន៍ថា៖«គម្រោងសាកល្បងរបស់យើងបានបង្ហាញថា នៅពេលដែលសិស្សានុសិស្ស សមាជិកនៃគណៈកម្មាធិការឃុំដើម្បីស្ត្រី និងកុមារ គ្រូបង្រៀន និងឪពុកម្តាយធ្វើការជាមួយគ្នា ពួកគេអាចធ្វើឱ្យសាលារៀន និងសហគមន៍ក្លាយជាកន្លែងមានសុវត្ថិភាពទាំងអស់ដែលកុមារសមនឹងទទួលបាន»។
លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេស អង្គការភ្លែនអន្តរជាតិកម្ពុជា បានឲ្យដឹងថា អំពើហិង្សាលើកុមារ ជាពិសេសអំពើហិង្សាលើយេនឌ័រ និងការធ្វើបាប គឺជាការរួមចំណែកយ៉ាងសំខាន់ទៅលើការបោះបង់ការសិក្សា ដោយក្មេងស្រី ទំនងជាជួបប្រទះការគំរាមកំហែងផ្លូវចិត្ត ការគំរាមកំហែងតាមអ៊ីនធើណែត អំពើហិង្សាផ្លូវភេទ និងការបៀតបៀន។
លោកបន្ថែមថា៖«គម្រោងរួមគ្នានេះ បានផ្តល់នូវសិទ្ធិអំណាចដល់ក្មេងស្រី ក្មេងប្រុស សិស្សដែលមិនកំណត់អត្តសញ្ញាណភេទខ្លួនឯង កុមារដែលមានពិការភាព និងតួអង្គការពារកុមារតាមសហគមន៍ ឱ្យហ៊ាននិយាយ និងចាត់វិធានការជាវិជ្ជមានប្រឆាំងនឹងអំពើហិង្សា និងការរំលោភបំពាននៅក្នុងសាលារៀន ដែលជាលទ្ធផល អ្នកទាំងអស់គ្នា អាចរៀនដោយសុវត្ថិភាព»។
ដោយគម្រោងនេះ មានរយៈពេលកំណត់ខ្លីជាងពីរឆ្នាំ ហើយមួយផ្នែកធំ សាលារៀន ត្រូវបានបិទដោយសារតែជម្ងឺកូវីដ១៩ របាយការណ៍នៃការវាយតម្លៃឯករាជ្យ បានបង្ហាញពីការថយចុះនៃភាគរយនៃសិស្សដែលជួបប្រទះអំពើហិង្សាពី ៤០% ទៅ៣១%។
នេះគឺជាការកែលម្អមួយ វានៅតែមានកម្រិតខ្ពស់គួរឱ្យព្រួយបារម្ភ ហើយវាបង្ហាញពីតម្រូវការក្នុងការងារបន្ថែមទៀតដើម្បីការពារ និងឆ្លើយតបទៅនឹងហិង្សាលើកុមារនៅក្នុងសាលារៀន៕
- ARDBចុះកិច្ចព្រមព្រៀងកម្ចីជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ៣ដើម្បីផ្តល់កម្ចីដល់កសិករខ្នាតតូច - នៅថ្ងៃទី 15/08/2022
- សណ្ឋាគារ SUN & MOON Riverside ជ្រើសរើសផ្លេតហ្វម INTELITY ដើម្បីរួមបញ្ចូលបច្ចេកវិទ្យាសម្រាប់គាំទ្រភ្ញៀវ - នៅថ្ងៃទី 15/08/2022
- បញ្ចប់កម្មវិធី CAVAC៖ ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជាប្រគល់ជំនួយរថយន្ត៤គ្រឿងដល់ក្រសួងកសិកម្ម - នៅថ្ងៃទី 13/08/2022