
ក្នុងឱកាសអបអរទិវាមច្ឆជាតិឆ្នាំនេះ កម្ពុជាបានរៀបចំកម្មវិធីលែងកូនត្រី និងមេពូជប្រមាណ១លានក្បាល ចូលទៅក្នុងអាងត្រពាំងថ្ម ស្ថិតនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដើម្បីឱ្យធនធានធម្មជាតិកើនឡើងក្នុងការទ្រទ្រង់ជីវភាពរបស់ប្រជាពលរដ្ឋ។
កម្មវិធីលែងត្រីនេះ ត្រូវបានធ្វើឡើងក្នុងឱកាសប្រារព្ធទិវាមច្ឆជាតិ ១កក្កដា ក្រោមគណៈធីបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្នុងកម្មវីធីនេះ សម្តេច ហ៊ុន សែន ថ្លែងថា នៅថ្ងៃទី១ កក្កដានេះ កម្ពុជាបានរៀបចំកម្មវិធីលែងត្រីឡើងវិញ ក្រោយខកខានរយៈពេល២ឆ្នាំ ដោយសារជំងឺកូវីដ១៩ ដើម្បីឱ្យធនធានត្រីកើនមានឡើង សម្រាប់ដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋ ហើយការលែងត្រីមិនមែនធ្វើតែថ្ងៃ១ នោះទេ។
សម្តេចថ្លែងដូច្នេះថា៖«អ្វីដែលយើងធ្វើពិធីនោះ គឺជាពិធី និមិត្តរូប អំពីយុទ្ធនាការ អំពីការលែងកូនត្រី ទៅក្នុងបឹងបួរ ទៅក្នុងស្រះ ទៅក្នុងទំពាំង ដែលយើងមានលទ្ធភាពលែង ដើម្បីទទួលបាន ត្រឡប់មកវិញនូវ ចំណីអាហារសម្រាប់ប្រជាពលរដ្ឋ របស់យើង»។
យោងតាមរបាយការណ៍ក្រសួងកសិកម្ម បានឱ្យដឹងថា កូនត្រី និងត្រីមេពូជប្រមាណ ១លានក្បាលដែលត្រូវលែងនៅថ្ងៃនេះមានដូចជា ប្រភេទត្រីឆ្ពិន ត្រីព្រលូង ត្រីកាហែ ត្រីប្រា និងត្រីកន្ធរ ព្រមទាំងប្រភេទវារីសត្វជិតផុតពូជមា នដូចជា ត្រីគល់រាំង អណ្តើក កន្ធាយ និងកង្កែបជាដើម។

យោងតាមរបាយការណ៍របស់រដ្ឋបាលជលផល ប្រជាជនកម្ពុជា គឺជាជនជាតិមួយក្នុងចំណោមជនជាតិជាច្រើន ដែលបានហូបត្រីច្រើនជាងគេលើពិភពលោក។ ប្រជាជនកម្ពុជាម្នាក់ៗហូបត្រីស្រស់ ជាមធ្យមក្នុងបរិមាណ ៣៧,៥ គីឡូក្រាមក្នុងរយៈពេលមួយឆ្នាំ។
ចំណែក នៅតំបន់វាលទំនាប ជុំវិញបឹងទន្លេសាប និងទន្លេមេគង្គ ប្រជាជនកម្ពុជាម្នាក់ៗ ហូបត្រីអស់ ៦៧ គីឡូក្រាមក្នុងមួយឆ្នាំ។ នេះគឺជាអត្រាបរិភោគត្រីខ្ពស់ជាងប្រទេសជាច្រើននៅលើពិភពលោកដែលប្រជាជនម្នាក់ៗហូបត្រីជាមធ្យមត្រឹម១៥គីឡូក្រាមប៉ុណ្ណោះក្នុងរយៈពេលមួយឆ្នាំ។
សម្តេចបន្តថា មូលហេតុដែលកន្លងមកប្រជាពលរដ្ឋខ្មែរបានប្រើពាក្យថា មានទឹក មានត្រី ដោយសារសម័យមុន មានប្រជាជនចំនួនតិច ចំណែកទឹកមានជម្រៅជ្រៅ ដែលធ្វើឱ្យមានត្រីច្រើន គឺជារឿងពិតនៅក្នុងប្រទេសកម្ពុជា។
សម្តេចថ្លែងដូច្នេះថា៖«នៅសម័យរជ្ជកាលមួយ ប្រជាជនខ្មែររបស់យើង មានមនុស្សត្រឹម ប្រមាណជាង១លាននាក់ប៉ុណ្ណោះពេលនោះ ហើយបន្តបន្ទាប់មក ដល់ដំណាក់កាលទសវត្ស៦០ជាង មុនឆ្នាំ១៩៧០ យើងគិតថា ប្រជាពលរដ្ឋរបស់យើង មានត្រឹមតែ ៦ទៅ៧លាន ប៉ុណ្ណោះ ប៉ុន្តែនៅពេលនោះទឹកជ្រៅ ត្រីច្រើន ប្រជាជនតិច ដល់ឥឡូវនេះទឹករាក់ ត្រីតិច ប្រជាជនច្រើន»។

ក្រៅតែពីលែងកូនត្រី និងត្រីមេពូជហើយ កម្មវិធីនេះក៏មានការលែងកូនបង្កងទឹកសាបជាថ្មី ប្រមាណ ២០ម៉ឺនក្បាលបន្ថែមទៀតផងដែរ៕
- សមាគមស្វាយចន្ទីកម្ពុជាកំពុងពង្រីកបេសកកម្មជួយរកទីផ្សារឱ្យកសិករដាំស្វាយកែវរមៀត - នៅថ្ងៃទី 15/08/2022
- រដ្ឋមន្ត្រីណែនាំឱ្យអ្នកចិញ្ចឹមជ្រូកទាញថាមពលព្រះអាទិត្យប្រើប្រាស់ដើម្បីកាត់បន្ថយថ្លៃដើមផលិត - នៅថ្ងៃទី 15/08/2022
- លោកស្រី សំណាង បើកសិប្បកម្មកែច្នៃខ្ញី ខ្ជាយ ពន្លៃ រំដេង និងរមៀត ជាម្សៅសុខភាព - នៅថ្ងៃទី 12/08/2022