សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រតិកម្មអ្នកបន្តរិះគន់អំពីការបាត់បង់ព្រៃឈើ ដោយសារសម្ដេចបានបញ្ជាក់ថា ការបាត់បង់ព្រៃឈើ គឺដោយសារតែពលរដ្ឋចូលកាន់ឆ្ការយកដីធ្វើស្រែចម្ការប៉ុណ្ណោះ ហើយក្នុងចំណោមអ្នកកាប់បំផ្លាញព្រៃឈើយកដីនោះ ក៏មានអ្នករិះគន់ទាំងនោះដែរ។

ថ្លែងនៅក្នុងពិធីអបអរសាទរទិវាមច្ឆជាតិនៅថ្ងៃទី១កក្កដានេះ សម្ដេច ហ៊ុន សែន ចង់ឱ្យអ្នកដែលបន្តរិះគន់អំពីការបាត់បង់ព្រៃឈើ គួរតែប្រគល់ដីរបស់ខ្លួនកំពុងកាន់កាប់មកឱ្យរដ្ឋ ដើម្បីដាំដើមឈើវិញ។

ប្រតិកម្មនេះ ខណៈសកម្មជនការពារព្រៃឈើនិងបរិស្ថានតែងលើកឡើងថា មូលហេតុធ្វើឱ្យបាត់បង់ព្រៃឈើជាបន្តបន្ទាប់ គឺបង្កឡើងពីអ្នកដែលមានលុយនិងមានអំណាច ដែលមានទំនាក់ទំនងជិតស្និទ្ធនឹងរដ្ឋាភិបាល៕