រូបឯកសារ៖ អ្នក​ចូល​រួម​មើល​​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ថ្លែង​សុន្ទរកថា​ក្នុង​សម័យ​ប្រជុំ​ពេញអង្គ​នៃ​វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ​ St. Petersburg ក្នុង​ក្រុង​ St. Petersburg ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។

ប្រធានាធិបតី​រុស្ស៊ី​លោក​ Vladimir Putin​ មិន​មាន​ចេតនា​បោះបង់​ការ​ចង់​គ្រប់គ្រង​អ៊ុយក្រែន​ទាំងមូល​នោះ​ទេ ​ប៉ុន្តែ​លោក​ហាក់​ដូច​ជា​យល់​ថា​ យោធា​របស់​លោក​ដែល​ធ្លាប់​ខ្លាំង​ពី​មុន​នោះ​ប្រហែល​ជា​មិន​អាច​ផ្តល់​ឱ្យ​លោក​នូវ​អ្វី​ដែល​លោក​ចង់​បាន​នោះ​ទេ ​យ៉ាង​ហោច​ណាស់​នៅ​ពេល​នេះ។​

ការ​វិភាគ​ចុង​ក្រោយ​បង្អស់​ដែល​ត្រូវ​បាន​ចែក​រំលែក​ដោយ​មន្ត្រី​ស៊ើប​ការណ៍​សម្ងាត់​កំពូល​របស់​សហ​រដ្ឋ​អាមេរិក​កាលពី​ល្ងាច​ថ្ងៃ​ពុធ ​បាន​បង្ហាញ​បន្ថែម​ទៀត​ថា​ អាច​នឹង​មាន​ការ​បើកឱកាស​ធ្វើ​ឱ្យ​ការ​ប្រយុទ្ធ​គ្នា​នា​ពេល​បច្ចុប្បន្ន​នៅ​អ៊ុយក្រែន​ដល់​ទី​បញ្ចប់​ បើទោះ​ជា​រុស្ស៊ី​មើល​ឃើញ​ថា​ វា​គ្រាន់​តែ​ជា​ឱកាស​ដើម្បី​ឱ្យ​រុស្ស៊ី​មាន​លទ្ធភាព​កាន់​តែ​ប្រសើរ​ឡើង​សម្រាប់​ការ​ដណ្តើម​យក​នា​ពេល​អនាគត​ក៏ដោយ។​

លោក​ស្រី​ Avril Haines ​នាយិកា​ទីភ្នាក់​ងារ​ស៊ើប​ការណ៍​សម្ងាត់​ជាតិ​សហ​រដ្ឋ​អាមេរិក​បាន​និយាយ​កាលពី​ល្ងាច​ថ្ងៃ​ពុធ​ថា ​«យើង​វាយ​តម្លៃ​នៅ​ដំណាក់​កាល​នេះ​ថាកងកម្លាំង​ជើង​គោក​របស់​រុស្ស៊ី​ បាន​ធ្លាក់​ចុះ​ដល់​ចំណុច​ដែល​ត្រូវ​ចំណាយ​ពេល​ជាច្រើន​ឆ្នាំទើប​ស្តារឱ្យ​បាន​ដូច​ពី​មុន​វិញ» ។​លោក​ស្រី​ថ្លែង​ដូច្នេះ​នៅ​ អំឡុង​កិច្ច​ពិភាក្សា​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​រៀបចំ​ដោយ​អង្គការ​មិន​រក​កំរ៉ៃ​ឈ្មោះ​Silverado Policy Accelerator និង​ក្រុម​ហ៊ុន​បច្ចេកវិទ្យា Google។​

លោកស្រី​Haines ​បាន​និយាយ​ថា​ «សូម្បី​តែ​គោល​ដៅ​យោធា​រយៈ​ពេល​ខ្លី​របស់​ពួកគេ​គឺ​ពិតជា​មិន​អាច​សម្រេច​បាន​នៅ​ពេល​នេះ​ដែរ ។ ​ តាម​ទស្សនៈ​របស់​យើង យើង​អាច​សន្និដ្ឋាន​បាន​ទាំង​ស្រុង​ថា​ យោងតាម​សភាព​ការណ៍​ប្រែប្រួល​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​ លោក ​ Putin ​ ជឿជាក់​ថា ​វា​មាន​តម្លៃ​ជា​ធរមាន ​ដែល​ត្រូវ​ធ្វើ​ការ​ព្រមព្រៀង​មួយ​ចំនួន»។​

មេ​ដឹកនាំ​សហ​រដ្ឋ​អាមេរិក ​អឺរ៉ុប​ និង​អង្គការ​អូតង់​បាន​សម្តែង​ការ​គាំទ្រ​សម្រាប់​អ៊ុយក្រែន​ម្តង​ហើយ​ម្តង​ទៀត ​ហើយ​បាន​ផ្តល់​ការ​គាំទ្រ​មាន​ទឹក​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​តាម​រយៈ​ប្រព័ន្ធ​អាវុធ​ និង​ជំនួយ​សន្តិសុខ​ផ្សេង​ទៀត ​ដែល​អនុញ្ញាត​ឱ្យ​កង​កម្លាំង​អ៊ុយក្រែន​ទប់ទល់​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ ដែល​ដំបូង​ឡើយ​ផ្តោត​លើ​ការ​ដណ្តើម​យក​រដ្ឋធានី​ កៀវ។ ​ប៉ុន្តែ​ខណៈ​ប្រទេស​លោកខាង​លិច​បាន​និយាយ​ថា ​ អ៊ុយក្រែន​នឹង​សម្រេច​ថា​ តើ​ត្រូវ​បញ្ចប់​សង្រ្គាម​ដោយ​របៀប​ណា ​និង​នៅ​ពេល​ណា​នោះ​ មន្ត្រី​សហ​រដ្ឋ​អាមេរិក​បាន​សម្តែង​ក្តី​សង្ឃឹម​ថា​ មាន​ដំណោះស្រាយ​សម្រាប់​ការ​ចរចា​ជាយថាហេតុ៕