
និយ័តករមូលបត្រកម្ពុជា(ន.ម.ក.) នៅថ្ងៃពុធនេះ បានចុះអនុស្សរណនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Binance ដែលជាអ្នកផ្តល់ហេដ្ឋារចនាសម្ព័ន្ធ ប្លុក ឆេន(block chain) ឈានមុខគេរបស់ពិភពលោកក្នុងគោលបំណងដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា។

លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.)(ឆ្វេង) បានចុះហត្ថលេខាលើអនុស្សរណៈនេះជាមួយ លោក Gleb Kostarev ប្រធានប្រចាំតំបន់អាស៊ីនៃក្រុមហ៊ុន Binance(ស្តាំ) ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា។ រូបភាព៖ ហ្វេសប៊ុក និយ័តករមូលបត្រកម្ពុជា
លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានចុះហត្ថលេខាលើអនុស្សរណៈនេះជាមួយ លោក Gleb Kostarev ប្រធានប្រចាំតំបន់អាស៊ីនៃក្រុមហ៊ុន Binance នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២២។
តាមរយៈអនុស្សរណនេះ ក្រុមហ៊ុន Binance នឹងផ្តល់ប្រឹក្សាយោបល់ ចំណេះដឹង បទពិសោធន៍ និងជំនាញបច្ចេកទេស រួមបញ្ចូល ទាំងដំណើរការនិងប្រព័ន្ធជួញដូរ និងសុវត្ថិភាពទ្រព្យឌីជីថល ដល់ ន.ម.ក. ក្នុងការរៀបចំអភិវឌ្ឍក្របខណ្ឌបទប្បញ្ញត្តិគ្រប់គ្រង និងអភិវឌ្ឍអាជីវកម្មទ្រព្យឌីជីថលនៅកម្ពុជា។
បន្ថែមពីនេះ ក្រុមហ៊ុន Binance នឹងចូលរួមសហការជាមួយ ន.ម.ក. ក្នុងការចែករំលែកចំណេះដឹងបច្ចេកវិទ្យាពាក់ព័ន្ធនឹងប្រតិបត្តិការទ្រព្យឌីជីថល ធ្វើការផ្សព្វផ្សាយ និងការបណ្តុះបណ្តាលលើការគ្រប់គ្រ ងហានិភ័យពីវិស័យទ្រព្យឌីជីថលនេះដល់វិនិយោគិននៅក្នុងវិស័យ មូលបត្រនៅក្នុងប្រទេសកម្ពុជា។

លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.)។ រូបភាព៖ ហ្វេសប៊ុក និយ័តករមូលបត្រកម្ពុជា
លោក ស៊ូ សុជាតិ ថ្លែងថា៖«យើងសង្ឃឹមថានឹងអនុវត្តការច្នៃប្រឌិតទ្រព្យសកម្មឌីជីថលតាមរបៀបត្រឹមត្រូវសម្រាប់ប្រទេសកម្ពុជាតាមរយៈការសហការជាមួយ Binance ។ ន.ម.ក. មិនទាន់បានចេញអាជ្ញាប័ណ្ណទ្រព្យសម្បត្តិឌីជីថលណាមួយនាពេលបច្ចុប្បន្ននេះទេ ប៉ុន្តែយើងកំពុងធ្វើការដើម្បីបង្កើតបទប្បញ្ញត្តិត្រឹមត្រូវ ហើយរំពឹងថា MoU នេះនឹងក្លាយជាជំហានមួយសម្រាប់ការងារបទប្បញ្ញត្តិនាពេលអនាគតរបស់យើង»។

លោក Gleb Kostarev នាយកប្រចាំតំបន់អាស៊ីនៃ Binance។រូបភាព៖ និយ័តករមូលបត្រកម្ពុជា
លោក Gleb Kostarev នាយកប្រចាំតំបន់អាស៊ីនៃ Binance ថ្លែងថា៖«នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ អត្រាទទួលយកទ្រព្យសកម្ម blockchain និងឌីជីថលមានកម្រិតខ្ពស់ ហើយប្រទេសកម្ពុជាមានសក្តានុពលក្នុងការក្លាយជាទីផ្សារឈានមុខគេមួយ។ ក្រុមហ៊ុន Binance សង្ឃឹមថានឹងផ្តល់តម្លៃបន្ថែមដល់ឧស្សាហកម្មមូលបត្រកម្ពុជាដោយការផ្តល់ចំណេះដឹងទូលំទូលាយនិងវិជ្ជាជីវៈនៃទីផ្សារទ្រព្យសកម្មឌីជីថល»។
បច្ចុប្បន្ន ន.ម.ក. មិនទាន់ផ្តល់ជាអាជ្ញាបណ្ណពាក់ព័ន្ធនឹងវិស័យទ្រព្យឌីជីថល(digital asset license)នៅឡើយទេ ដោយ ន.ម.ក. ត្រូវរៀបចំនូវបទប្បញ្ញត្តិ និងការងារគ្រប់គ្រងវិស័យនេះឱ្យបានច្បាស់លាស់ជាមុនសិន។ ដូច្នេះ គ្មានក្រុមហ៊ុនណាមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលអាចធ្វើប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យឌីជីថលនេះ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន នៅឡើយទេ៕
- ARDBចុះកិច្ចព្រមព្រៀងកម្ចីជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ៣ដើម្បីផ្តល់កម្ចីដល់កសិករខ្នាតតូច - នៅថ្ងៃទី 15/08/2022
- សណ្ឋាគារ SUN & MOON Riverside ជ្រើសរើសផ្លេតហ្វម INTELITY ដើម្បីរួមបញ្ចូលបច្ចេកវិទ្យាសម្រាប់គាំទ្រភ្ញៀវ - នៅថ្ងៃទី 15/08/2022
- បញ្ចប់កម្មវិធី CAVAC៖ ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជាប្រគល់ជំនួយរថយន្ត៤គ្រឿងដល់ក្រសួងកសិកម្ម - នៅថ្ងៃទី 13/08/2022