ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden និយាយ​ជាមួយ​អគ្គ​លេខាធិការ​អង្គការ​​អូតង់ ​លោក​ Jens Stoltenberg ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​អូតង់​នៅ​ទី​ក្រុង​ម៉ាឌ្រីដ ប្រទេស​អេស្ប៉ាញ​ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០២២។

មេ​ដឹកនាំ​អូតង់​កំពុង​ជួបជុំ​គ្នា​នៅ​ទីក្រុង​ម៉ាឌ្រីដ ​ប្រទេស​អេស្ប៉ាញ​ សម្រាប់​កិច្ច​ប្រជុំ​កំពូល​ដែល​នឹង​រួម​បញ្ចូល​ការ​ពិភាក្សា​អំពី​ការ​គាំទ្រ​ប្រទេស​អ៊ុយក្រែន​ និង​របៀប​ដែល​សម្ពន្ធភាព​នេះ​នឹង​សម្រប​ខ្លួន​សម្រាប់​បញ្ហា​ប្រឈម​នា​ពេល​បច្ចុប្បន្ន ​និង​អនាគត។ ​មេ​ដឹកនាំ​ទាំងនេះ​ត្រូវ​គេ​រំពឹង​ថានឹង​ព្រមព្រៀង​គ្នា​ជំរុញ​ការ​គាំទ្រ​ប្រទេស​អ៊ុយក្រែន​ ខណៈ​ប្រទេស​នេះ​ការពារ​ខ្លួន​ពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី។​

អគ្គ​លេខាធិការ​អូតង់ ​លោក​ Jens Stoltenberg ​បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា ​ការ​ជួបជុំ​នេះ​នឹង​ក្លាយ​ជា​ «កិច្ច​ប្រជុំ​កំពូល​ជា​ប្រវត្តិ​សាស្ត្រ ​និង​ផ្លាស់​ប្តូរ​សម្រាប់​សម្ពន្ធភាព​របស់​យើង»។​លោក​បន្ថែម​ថា​ វា​កើត​ឡើង​ចំ​ពេល​ «មាន​វិបត្តិ​ខាង​សន្តិសុខ​ដ៏​ធ្ងន់ធ្ងរ​បំផុត​ដែល​យើង​មិន​ធ្លាប់​ជួប​ប្រទះ​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​ពីរ»។​

ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​ក៏​កំពុង​មាន​ឥទ្ធិពល​លើ​ផែនការ​រយៈ​ពេល​យូរ​របស់​អូតង់​ ដែល​មាន​គោល​គំនិត​យុទ្ធសាស្ត្រ​ថ្មី រួម​បញ្ចូល​នូវ​អ្វី​ដែល​សម្ព័ន្ធ​មិត្ត​នេះ​ហៅ​ថា ​«បរិយាកាស​សន្តិសុខ​ដែល​បាន​ផ្លាស់ប្តូរ»។​ កិច្ច​ព្រមព្រៀង​តម្រង់​ទិស​នេះ​ក៏​នឹង​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេង​ទៀត រួមមាន​ប្រទេស​ចិន​ផង​ដែរ។​

ក្នុង​រយៈ​ពេល​ខ្លី​ អូតង់​កំពុង​ពង្រឹង​ការ​ត្រៀមខ្លួន​ឆ្លើយតប​ទៅ​នឹង​ការ​គំរាម​កំហែង​ពីខាង​ក្រៅ​ ដោយ​រួម​មាន​ការ​បង្កើន​ចំនួន​កងទ័ព​ក្រោម​ការ​បញ្ជា​ផ្ទាល់​របស់​អូតង់ ​និង​កំណត់​ទីតាំង​អាវុធ​ធុន​ធ្ងន់​បន្ថែម​ទៀត​ និង​ធនធាន​ភស្តុភារ។​

ខណៈ​សមាជិក​អូតង់​ពិចារណា​លើ​ពាក្យ​ស្នើ​សុំ​សម្រាប់​ប្រទេស​ស៊ុយអែត ​និង​ហ្វាំងឡង់​ចូលរួម​សម្ពន្ធភាព​នេះ​នោះ​ ​ កិច្ច​ប្រជុំ​កំពូល​ក៏​ត្រូវ​បាន​កំណត់​ពិភាក្សា​អំពី​ការ​ពង្រឹង​ភាព​ជាដៃគូ​ជាមួយ​ប្រទេស​មិន​មែន​សមាជិក​អូតង់​ផងដែរ។​ អ្នក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​នេះ ​មាន​មេ​ដឹកនាំ​ប្រទេស​អូស្ត្រាលី ​ជប៉ុន​ កូរ៉េ​ខាងត្បូង ​និង​នូវែលសេឡង់។​ ការ​ពិភាក្សា​ផ្សេង​ទៀត​រួមមាន ​ភេរវកម្ម ​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​ និង​ការ​ប្រែប្រួល​អាកាសធាតុ៕