រូបឯកសារ៖ នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក Fumio Kishida (ស្តាំ​) ចេញ​ពី​យន្តហោះ​ពេល​មក​ដល់​អាកាសយានដ្ឋាន Adolfo Suarez Madrid-Barajas ក្នុង​ទីក្រុង Madrid ថ្ងៃទី២៨ ខែ​មិថុនា ឆ្នាំ២០២២។

មេ​ដឹកនាំ​កំពូល​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​បាន​សម្តែង​ក្តីសង្ឃឹម​សម្រាប់​ការ​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់​ទំនង​ទ្វេភាគី​ក្នុង​អំឡុង​កិច្ច​ប្រជុំ​ខ្លីមួយ​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្រៅ​កិច្ច​ប្រជុំ​កំពូល​អូតង់​នៅ​ទីក្រុង​ម៉ាឌ្រីដ​ ប្រទេស​អេស្ប៉ាញ។​

ការិយាល័យ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​បាន​ឱ្យ​ដឹង​ថា ​លោក​ប្រធានាធិបតី​ Yoon Suk Yeol ​និង​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ Fumio Kishida ​បាន​ជួប គ្នា​ប្រហែល​៣​ទៅ​៤​នាទី​អំឡុង​អាហារ​ពេល​ល្ងាច​ដែល​រៀបចំ​ដោយ​ស្តេច ​Felipe VI​របស់​ប្រទេស​អេស្ប៉ាញ។​

មន្ត្រី​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​បាន​និយាយ​ថា ​លោក ​Yoon ​បាន​ប្រាប់​លោក​ Kishida ​ថា​ លោក​គ្រោង​នឹង​ «ដោះស្រាយ​បញ្ហា​ដែល​មិន​ទាន់​សម្រេច​រវាង​កូរ៉េ ​និង​ជប៉ុន​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»​ ដើម្បី​ឱ្យ​ប្រទេស​ទាំង​ពីរ​អាច​ «បោះ​ជំហាន​ទៅ​មុខ​ដោយ​មាន​ការ​តម្រង់​ទិស​ត្រឹមត្រូវ​ទៅ​អនាគត»។​ លោក​ Kishida ​បាន​និយាយ​ថា​ លោក​សង្ឃឹម​ថា ​ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​នឹង​ស្តារ​«ទំនាក់​ទំនង​ធ្ងន់ធ្ងរ​បំផុត»​ទៅ​ជា​«ស្ថានភាព​ដែល​មាន​សុខភាព​ល្អ»។ ​នេះ​បើ​តាម​ទីភ្នាក់​ងារ​សារព័ត៌មាន ​Kyodo។​

នេះ​គឺ​ជា​ជំនួប​ទល់មុខ​គ្នា​លើក​ដំបូង​រវាង​មេ​ដឹក​នាំ​កំពូល​កូរ៉េ​ខាងត្បូង ​និង​ជប៉ុន​ ចាប់​តាំង​ពី​ខែ​ធ្នូ ​ឆ្នាំ ​២០១៩​ មក។​ ចាប់​តាំងពី​ពេល​នោះ​មក ទំនាក់​ទំនង​បាន​ធ្លាក់​ចុះ​ដោយសារ​តែ​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​ទាក់ទង​នឹង​ការ​កាន់កាប់​ដ៏​ឃោរឃៅ​របស់​ជប៉ុន​ពី​ឆ្នាំ​១៩១០​ដល់​ឆ្នាំ​១៩៤៥​ លើ​ប្រទេស​កូរ៉េ។ ​លោក​Yoon ​ដែល​បាន​ចូលកាន់​តំណែង​កាលពី​ខែ​មុន​ គឺ​ជា​អ្នក​អភិរក្ស​និយម​ដែល​បាន​សន្យា​កិច្ច​សហ​ប្រតិបត្តិ​ការ​កាន់តែ​ខ្លាំង​ជាមួយ​ប្រទេស​ជប៉ុន​លើ​បញ្ហា​ដូចជា​កូរ៉េ​ខាងជើង​ ដែល​បាន​ពន្លឿន​អាវុធ​នុយក្លេអ៊ែរ។​

លោក​ Yoon​ និង​លោក​ Kishida ​ដែល​បាន​សម្រប​ប្រទេស​របស់​ពួកគេ​ក្នុង​ទិសដៅ​គាំទ្រ​លោក​ខាងលិច​កាន់តែ​ច្បាស់​នោះ​ កំពុង​ចូលរួម​កិច្ច​ប្រជុំ​របស់​អូតង់​ក្នុង​នាម​ជា​អ្នក​សង្កេត​ការណ៍។​ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​មេ​ដឹកនាំ​កំពូល​កូរ៉េ​ខាង​ត្បូង ​និង​ជប៉ុន​បាន​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​របស់​អូតង់។​ នៅ​ថ្ងៃ​ពុធ​នេះ ​លោក​Yoon ​និង ​លោក​ Kishida​ នឹង​ជួបជា​មួយ​ប្រធានាធិបតី​អាមេរិក​លោក​ Joe Biden ​សម្រាប់​កិច្ច​ប្រជុំ​កំពូល​ត្រីភាគី​នៅ​ទីក្រុង​ម៉ាឌ្រីដ។​ លោក​ Jake Sullivan ទីប្រឹក្សា​សន្តិសុខ​ជាតិ​សេតវិមាន​ឱ្យ​ដឹង​ថា​កិច្ច​ប្រជុំ​នេះ​នឹង​ផ្តោត​ជា​សំខាន់​លើ​ប្រទេស​កូរ៉េ​ខាងជើង។​

កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​គឺជា​សម្ព័ន្ធ​មិត្ត​ដ៏​សំខាន់​របស់​សហ​រដ្ឋ​អាមេរិក ​ប៉ុន្តែ​ជារឿយៗ​មាន​ការ​សង្ស័យ​គ្នា​ទៅវិញ​ទៅមក។ ​ជួន​កាល​ផ្ទុះ​បញ្ហា​អំពី​ជម្លោះ​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ប្រទេស​ដែលបង្ក​ឱ្យ​មាន​បញ្ហា​ដ៏ធំ​ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ​ត្រីភាគី​លើ​បញ្ហា​ដូចជា​កូរ៉េខាង​ជើង​ ឬ​ប្រទេស​ចិន។​ ភាព​តានតឹង​ចុងក្រោយ​បង្អស់​ត្រូវបាន​បញ្ឆេះ​ឡើង​ មួយ​ផ្នែក​ដោយ​សេចក្តី​សម្រេច​របស់​តុលាការ​កូរ៉េ​ខាងត្បូង​នាពេល​ថ្មីៗ​នេះ​ដែល​បញ្ជា​ឱ្យ​ក្រុមហ៊ុន​ជប៉ុន​ផ្តល់​សំណង​ដល់​ប្រជាជន​កូរ៉េ​ដែល​ត្រូវ​បាន​បង្ខំ​ឱ្យ​ធ្វើការ​ក្នុង​អំឡុង​ពេល​អាណានិគម​របស់​ជប៉ុន​កាន់កាប់​កូរ៉េ។​

ប្រទេស​ជប៉ុន​បាន​និយាយ​ថា ​បញ្ហា​សំណង​ត្រូវ​បាន​ដោះស្រាយ​ជាមួយ​នឹង​សន្ធិ​សញ្ញា​ឆ្នាំ​១៩៦៥​ ដែល​បាន​ធ្វើ​ឱ្យ​ទំនាក់​ទំនង​ជប៉ុន-កូរ៉េ​ខាង​ត្បូង​មាន​លក្ខណៈ​ធម្មតា​វិញ៕​