
ធនាគារពិពភលោល បានព្យាករណ៍ថា សេដ្ឋកិច្ចរបស់កម្ពុជានឹងទទួលបានកំណើន ៤,៥ភាគរយ ក្នុងឆ្នាំ២០២២ នេះ យោងតាមការព្យាករចុងក្រោយរបស់ធនាគារពិភពលោកដែលបានចេញផ្សាយនៅថ្ងៃទី៣០ មិថុនានេះ។
ថ្វីដ្បិតតែសេដ្ឋកិច្ចមានសន្ទុះខ្លាំងក៏ពិតមែន ដំណើរស្តារឡើងវិញបែរជាជួបសភាពយឺតយ៉ាវដោយសារតែការស្រុតចុះនូវតម្រូវការលើទីផ្សារសកល។
ការឡើងថ្លៃឥតស្រាកស្រាន្តនៃប្រេងឥន្ធនៈ និងស្បៀងអាហារនៅលើទីផ្សារពិភពលោក កំពុងរុញអតិផរណាឲ្យកាន់តែធំឡើង ហើយនៅកម្ពុជា គ្រួសារក្រីក្រនិងងាយរងគ្រោះដែលមិនសូវមានប្រាក់សន្សំ ទំនងជាត្រូវរងទម្ងន់នៃការលំបាកធ្ងន់ជាងគេពីសំណាក់វិបត្តិប្រេងឡើងថ្លៃនេះ។
របាយការណ៍បច្ចុប្បន្នភាពស្តីពីស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា ក្រោមចំណងជើង«Weathering the Oil Price Shock» ដែលចេញផ្សាយដោយធនាគារពិភពលោកក្នុងខែមិថុនានេះ បង្ហាញថា ខណៈដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនិងការនាំចេញទំនិញទៅបរទេសកំពុងបន្តរើបឡើងវិញពីការធ្លាក់ចុះក្នុងសម័យមានការរាតត្បាតជំងឺកូវីដ១៩ កំណើននេះមានសភាពមិនដូចគ្នានៅតាមគ្រប់ផ្នែកទេដោយសារតែអតិផរណាដែលបណ្តាលមកពីសង្គ្រាមនៅប្រទេសអ៊ុយក្រែន។
របាយការណ៍នេះបង្ហាញថា នៅក្នុងឆមាសទី១ ឆ្នាំ២០២២ ការនាំចេញមានតម្លៃទឹកប្រាក់ ៤,៨ប៊ីលានដុល្លារអាមេរិក កើន ២៦% ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។
វិស័យប្រពៃណីដែលជំរុញកំណើន មានផ្នែកកាត់ដេរសម្លៀកបំពាក់ ទំនិញធ្វើដំណើរនិងស្បែកជើង នៅតែបន្តរីកទំហំ។ រីឯឧស្សាហកម្មផលិតថ្មីៗ ដូចជា ផ្នែកផលិតបរិក្ខារអគ្គិសនី និងគ្រឿងបន្លាស់រថយន្ត ជាដើម កំពុងតែលេចរូបរាង ហើយការនាំចេញទៅសហរដ្ឋអាមរិកក៏កំពុងតែស្ទុះឡើងវិញ ផងដែរ។
ឱនភាពបញ្ជីសារពើពន្ធត្រូវបានរំពឹងទុកថានឹងកើនដល់ ៦,៣%នៃផ.ស.ស ដោយសារតែរដ្ឋាភិបាលចាំបាច់ត្រូវបន្តធ្វើការចំណាយទៅលើកម្មវិធីនានា ដើម្បីជួយដល់ជនក្រីក្រ។
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងការិយាល័យធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖«យុទ្ធសាស្ត្រ “រស់នៅជាមួយកូវីដ១៩” បានបង្កលក្ខណៈឲ្យសេដ្ឋកិច្ចមានដំណើរការឈានទៅស្តារស្ថានភាពឡើងវិញ។ ប៉ុន្តែផ្លូវទៅមុខទៀតនៅស្រពេចស្រពិលនៅឡើយ»។
លោកស្រីបន្ថែមទៀតថា៖«ការឡើងថ្លៃប្រេងឥន្ធនៈ និងថ្លៃស្បៀងអាហារលើពិភពលោកដោយសារតែសង្គ្រាមនៅប្រទេសអ៊ុយក្រែន កំពុងតែថែមទម្ងន់នៃការលំបាកថែមទៀតទៅលើជនក្រីក្រ ហើយវាក៏នឹងធ្វើឲ្យការកាត់បន្ថយភាពក្រីក្រថមថយល្បឿនវិញដែរ។ កម្មវិធីផ្ទេរសាច់ប្រាក់របស់រដ្ឋាភិបាល ដែលកន្លងមកមានសារៈសំខាន់ណាស់ក្នុងការជួយគ្រួសារក្រីក្រក្នុងការឆ្លងកាត់ការលំបាកក្នុងពេលមានជំងឺរាតត្បាត នឹងចាំបាច់ត្រូវតែបន្តធ្វើតទៅទៀត»។
នៅក្នុងដំណាក់កាលមធ្យម សេដ្ឋកិច្ចត្រូវបានរំពឹងថានឹងមានកំណើនជាមធ្យម ៦ភាគរយក្នុងមួយឆ្នាំ ដោយសារ អំណោយផលពីច្បាប់វិនិយោគថ្មី អមដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីនានា សម្រាប់ជួយជំរុញការវិនិយោគ និងការធ្វើពាណិជ្ជកម្ម។
របាយការណ៍នេះផ្តល់អនុសាសន៍គោលនយោបាយមួយចំនួនដែលអាចជួយទ្រទ្រង់សកម្មភាពស្តារសេដ្ឋកិច្ចឲ្យងើបឡើងវិញ។ អនុសាសន៍រួមមាន ភាពចាំបាច់បន្តកិច្ចខិតខំទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ បន្តពង្រឹងភាពជឿទុកចិត្តរបស់អ្នកប្រើប្រាស់ និងវិនិយោគិន ជំរុញការនាំចេញ ពិសេសទំនិញ កសិផលតាមរយៈកិច្ចសម្រួលពាណិជ្ជកម្មនិងកាត់បន្ថយចំណាយថ្លៃដើមក្នុងការធ្វើអាជីវកម្ម និងការបន្តរក្សាលំនឹងថ្លៃទំនិញលក់រាយនៅលើទីផ្សារ។
ក្នុងរបាយការណ៍នេះក៏មានការវិភាគជាពិសេស លើភាពរអាក់រអួលនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្រោយសម័យកូវីដ១៩។ ផ្នែកពិសេសនេះ បានស្នើឡើងនូវយុទ្ធសាស្ត្រមួយចំនួនសម្រាប់កាត់បន្ថយថ្លៃចំណាយទៅលើឡូជីស្ទិក (Logistics)។ វាក៏បានសង្កត់ធ្ងន់ដែរថា កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការបង្កើនសមត្ថភាពប្រកួតប្រជែងផ្នែកពាណិជ្ជកម្មរបស់ខ្លួន និងពង្រីកបណ្តាញផ្លូវដឹកជញ្ជូន ចាំបាច់ត្រូវធ្វើតាមបែបអភិក្រមជាលក្ខណៈប្រព័ន្ធមួយ ដែលមានវិសាលភាពទៅហួសពីតម្រូវការឲ្យមានការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទៅទៀត។
ចាំបាច់ត្រូវមានកិច្ចខិតខំបន្តទៀតក្នុងការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ទាំងមូល តាមរយៈការតាមដានមើលប្រសិទ្ធភាពរបស់ច្រកទ្វារនិងផ្លូវធ្វើពាណិជ្ជកម្មសំខាន់ៗ ពង្រីក«កម្មវិធីពាណិជ្ជករឆ្នើម (“Best Trader scheme”)» ឲ្យបានទូលំទូលាយទៅក្នុងផ្នែកឡូជីស្ទិក រៀបចំផែនការធុរកិច្ចរយៈពេលវែងមួយសម្រាប់គមនាគមន៍ផ្លូវដែក និងការបង្កើតកម្មវិធី«ឃ្លាំមើលតាមផ្លូវ (“ROADWATCH”)» ដែលជាបណ្តាញហត់ឡាញមួយសម្រាប់ពាណិជ្ជករ និងពលរដ្ឋរាយការណ៍អំពីសកម្មភាពមិនប្រក្រតីនានា។
ការធ្វើកំណែទម្រង់ទាំងនេះចាំបាច់ត្រូវមានអភិក្រមបែបស្ថាប័ន និងភ្នាក់ងារនាំមុខមួយរបស់រដ្ឋាភិបាលសម្រាប់ពិនិត្យមើលទូទៅពីលើការអភិវឌ្ឍនៃផ្នែកឡូហ្ស៊ីស្ទិក នៅកម្រិតថ្នាក់ជាតិ និងនៅតាមច្រកទ្វារពាណិជ្ជកម្ម៕
- ARDBចុះកិច្ចព្រមព្រៀងកម្ចីជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ៣ដើម្បីផ្តល់កម្ចីដល់កសិករខ្នាតតូច - នៅថ្ងៃទី 15/08/2022
- សណ្ឋាគារ SUN & MOON Riverside ជ្រើសរើសផ្លេតហ្វម INTELITY ដើម្បីរួមបញ្ចូលបច្ចេកវិទ្យាសម្រាប់គាំទ្រភ្ញៀវ - នៅថ្ងៃទី 15/08/2022
- បញ្ចប់កម្មវិធី CAVAC៖ ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជាប្រគល់ជំនួយរថយន្ត៤គ្រឿងដល់ក្រសួងកសិកម្ម - នៅថ្ងៃទី 13/08/2022