ចំនួនគណនីថ្មីរបស់​ទ្រូម៉ាន់នី បានកើនឡើង ១០៩%នៅឆ្នាំ២០២១ បើធៀបនឹងឆ្នាំ២០២០។រូបភាព៖ក្រុមហ៊ុន ទ្រូម៉ាន់នី

ក្រុម​ហ៊ុន ​ទ្រូម៉ាន់នី​(TrueMoney) ដែល​ជា​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ហិរញ្ញ​វត្ថុដ៏​ល្បី​ឈ្មោះ​មួយ​នៅ​កម្ពុជា​បានប្រកាស​ថា​ចំនួន​គណនី​ថ្មី​បាន​កើន​ឡើង​ ១០៩​%​នៅឆ្នាំ​២០២១ បើធៀប​នឹង​ឆ្នាំ​២០២០។​ ចំនួន​ប្រតិបត្តិការ​សរុប​បាន​កើន​ឡើង​ជិត ​១លាន​ប្រតិបត្តិការ​ស្មើនឹង​៤០%​នៅ​ឆ្នាំ​២០២១ ធៀប​នឹង​ប្រតិបត្តិការ​នៅ​ឆ្នាំ​២០២០។

ក្រុមហ៊ុន ទ្រូម៉ាន់នី ជឿ​ជាក់​ថា ភាគច្រើន​នៃកំណើន​នេះ​ត្រូវបានជំរុញ​ដោយ​វិធានការ​សុវត្ថិភាពប្រឆាំង​ជំងឺ​កូវីដ១៩ ដែល​​កើតមាន​ដោយសារ​ការបង្កើន​​​​ទីផ្សារ​ផលិតផល​ឌីជីថល​ក្នុង​អំឡុង​ពេល​រា​ត​ត្បាត​ជំងឺ។

លើស​ពីនេះទៀត កំណើន​អតិថិជន​និង​កំណើន​ប្រតិបត្តិការ​​​ក៏​ត្រូវ​បាន​រាយការណ៍​ផងដែរ​​ ថាគឺដោយ​សារបណ្តាញភ្នាក់ងារ​របស់ក្រុមហ៊ុន ទ្រូម៉ាន់នី​ ដោយ​ការ​រឹត​ត្បឹត​ការ​ធ្វើដំណើរ ដែល​បានរឹត​បន្តឹង​​​អ្នកប្រើប្រាស់​ឱ្យ​នៅតែ​ក្នុង​សហគមន៍​មូលដ្ឋាន​ និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ដែល​មាន​ទីតាំង​នៅជិត​ផ្ទះ​។

លោក​ស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្រ្ត​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី រំពឹងថា កំណើន​​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នេះ​នឹង​បន្តកើត​មាន​ក្នុង​ឆ្នាំ​២០២២ នេះ ដោយសារ​ប្រជាពលរដ្ឋ​កម្ពុជា​កាន់​តែ​ច្រើន​ស្វែង​រក​វិធី​ងាយស្រួល​​ក្នុងការ​ទូទាត់​វិក្កយប័ត្រ​ និង​ការ​ធ្វើប្រតិបត្តិការ​ហិរញ្ញវត្ថុ​របស់​ពួក​គេ។

លោក​ស្រី ឃួន ហ្រ្វង់ដារា មាន​ប្រសាសន៍ថា៖ «វាច្បាស់ណាស់ថា ការ​រាតត្បាត​ជំងឺ​ពិតជា​បាន​ជួយ​ជំរុញឱ្យមាន​ប្រតិបត្តិការ​ឌីជីថល​កាន់តែច្រើន។ ទោះជា​យ៉ាងណា យើង​ក៏​ត្រូវ​ចាំដែរថា ការ​ណ៍​ដែល​មាន​​បណ្តាញ​ភ្នាក់ងារជាង ១ម៉ឺន​ភ្នាក់ងារ​នៅទូទាំង​ប្រទេស​​ក៏មាន​ន័យ​ផងដែរ​ថា ​ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​ និងការ​ររឹត​បន្តឹង​ការ​ធ្វើដំណើរ  ប្រជាពលរដ្ឋ​អាច​មានលទ្ធភាព​បន្ត​ទូទាត់​វិក្កយបត្រ​របស់ពួកគេ និង​ឆ្លើយ​តបទៅនឹង​កាតព្វកិច្ច​ហិរញ្ញវត្ថុរបស់ពួក​គេ បើទោះ​ជា​ពួកគេ​មិន​អាច​ធ្វើដំណើរ​បាន​ទូលំ​ទូលាយ​ដើម្បីធ្វើកិច្ចការទាំងនេះ​ក៏ដោយ»។

ក្រុមហ៊ុន ទ្រូម៉ាន់នី ​​ឱ្យដឹង​ផងដែរថា ក្រៅ​ពី​កំណើន​​ដែល​​ជំរុញដោយ​ការ​រាតត្បាតជំងឺ កំណើន​​​មួយ​ផ្នែក​​​ក៏​ត្រូវ​បាន​ជំរុញ​ដោយ​ឧស្សាហកម្ម​សេវាហិរញ្ញវត្ថុទាំង​មូល​ផង​ដែរ ​​ដែល​បាន​ធ្វើ​ការងារ​​រួមគ្នា​ដើម្បីលើក​កម្ពស់ការយល់ដឹងផ្នែក​ឌីជីថល និង​ហិរញ្ញវត្ថុអនឡាញ។

លោក​ស្រី ឃួន ហ្រ្វង់ដារា បាន​បន្ថែមថា៖ «នៅក្នុង​ពេល​វេលា​ដូចនេះ​ហើយ​ដែល​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​​មើល​​ឃើញ​តម្លៃ​នៃការ​មាន​បច្ចេក​វិទ្យា​អនឡាញដែលទុក​ចិត្ត និង​អាច​ពឹង​ពាក់​បាន ព្រមទាំង​បណ្តាញ​ទូលំ​ទូលាយ​នៅទូទាំង​ប្រទេស។ ក្នុង​អំឡុង​ឆ្នាំ​២០២១ ក្រុមហ៊ុន ទ្រូម៉ាន់នី អាច​ជួយ​គ្រឹះស្ថាន​​ហិរញ្ញវត្ថុ​មួយ​ចំនួន​ឱ្យ​បន្ត​ផ្តល់សេវា​ជូន​អតិថិជនរបស់ពួកគេ​បាន​នៅ​ទូទាំង​ព្រះ​រាជាណាចក្រ​កម្ពុជា តាមរយៈ​​កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ។ ក្រុមហ៊ុន ទ្រូម៉ាន់នី រំពឹងថា​ ការ​សហការ​បែប​នេះ​នឹង​បន្ក​កើត​មាន​ក្នុងឆ្នាំ​២០២២​»។

យោងតាម​លោក​ស្រី ឃួន ហ្រ្វង់ដារា ឆ្នាំ​២០២២ អាច​មើលឃើញ​មាន​ការ​កើនឡើង​នៃ​កិច្ចសហ​ប្រតិបត្តិការ​​​រវាង​គ្រឹះស្ថាន​ហិរញ្ញវត្ថុនានា ដោយសារ​ស្ថាប័នមួយចំនួននឹង ស្វែង​រក​គ្រឹះ​ស្ថាន​ដែលមាន​ហេដ្ឋារចនា​សម្ព័ន្ធ​បច្ចេកវិទ្យា​ទំនើប ព្រមទាំង​មូលដ្ឋានអតិថិជន​ដែល​មាន​ស្រាប់។ កិច្ចសហ​ប្រតិបត្តិការ​បែប​នេះ​អាច​មាន​ន័យ​ថា​នឹងមានការ​កើន​ឡើង​ការ​រួម​បញ្ចូលគ្នា​ដែលកាន់តែប្រសើរឡើងជូនអតិថិជន។

ក្រៅពីកិច្ចសហ​ប្រតិបត្តិការគ្នា ក្រុមហ៊ុន ទ្រូម៉ាន់នី​ កំពុង​រៀបចំផែនការ​ពង្រឹង​សេវា និង​ប្រម៉ូសិន​ផ្សេងៗ ដើម្បី​បង្កើន​ ជួយសសម្រួលដល់អតិថិជន​បន្ថែម​ទៀត។ ក្រុមហ៊ុន​ក៏​នឹង​ដាក់បង្ហាញ​ឡូហ្គោ​ថ្មី​សម្រាប់​កម្មវិធី TrueMoney Wallet និង​សេវា​​ថ្មី​​ផ្សេងៗ​ក្នុង​ត្រីមាសទី២ ឆ្នាំ​២០២២ ផង​ដែរ។

ចាប់តាំង​ពីចាប់​ផ្តើម​ប្រតិបត្តិការ​​ក្នុង​ប្រទេស​កម្ពុជា​ក្នុងឆ្នាំ​២០១៦ មក ក្រុមហ៊ុន​ ទ្រូម៉ាន់នី បាន​បង្កើត​បណ្តាញ​ភ្នាក់ងារ​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុធំបំផុត​ក្នុង​ប្រទេស​​ដោយ​មាន​​បណ្តាញ​​ភ្នាក់ងារ​របស់ក្រុមហ៊ុន​មានចំនួនជាង ១ម៉ឺន​ភ្នាក់ងារ ដែល​រង់ចាំ​ផ្ដល់​សេវា​​ទាក់​ទង​នឹង​ហិរញ្ញវត្ថុ​នៅ​​គ្រប់​ទីកន្លែង​ទាំង​​អស់​នៅ​កម្ពុជា​​ដែលមិនទាន់មាន​សេវាធនាគារ។

បច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទ ដូចជា សេវាផ្ទេរ​ប្រាក់​ក្នុង​ស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែ តាម​ទូរស័ព្ទ​ស្មាតហ៊្វូន និង​តាម​ភ្នាក់ងារ។

ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រងរបស់​ក្រុមហ៊ុន Ascend Money ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និង​ជាដៃគូ​សហការ​របស់​ក្រុម​ហ៊ុន​បច្ចេក​វិទ្យាហិរញ្ញវត្ថុ Ant Financial របស់​ក្រុមហ៊ុន​អាលីបាបា៕