លោក វ៉ាន់ មុនីនាថ អគ្គនាយកនៃអគ្គនាយកដ្ឋាន គោលនយោបាយនិងយុទ្ធសាស្ត្រ ក្រសួងបរិស្ថាន និង លោកស្រី Karolien Casaer-Diez តំណាង GGGI ប្រចាំកម្ពុជា បានចុះហត្ថលេខា អនុស្សរណៈនេះ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២។រូបភាព៖ហ្វេសប៊ុក ក្រសួង​បរិស្ថាន​

ក្រសួង​បរិស្ថាន ​និង​វិទ្យាស្ថាន​អភិវឌ្ឍន៍​បៃតង​សកល ​(GGGI)​ កាល​ពី​ថ្ងៃ​អង្គារ​ បាន​ចុះ​ហត្ថ​លេខា​លើ​អនុស្សរណៈ ​នៃ​ការ​យោគ​យល់​ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ​លើ​ការ​អភិវឌ្ឍន៍​បៃតង​ក្នុងប្រទេស​កម្ពុជា​។

លោក ​វ៉ាន់​ មុនីនាថ ​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន ​គោល​នយោបាយ​និង​យុទ្ធសាស្ត្រ ​ក្រសួង​បរិស្ថាន ​និង​ លោក​ស្រី ​Karolien ​Casaer-Diez ​តំណាង ​GGGI​ ប្រចាំ​កម្ពុជា​ បាន​ចុះ​ហត្ថ​លេខា ​អនុស្សរណៈនេះ​ កាល​ពី​ថ្ងៃ​ទី២៨ ​ខែមិថុនា ​ឆ្នាំ២០២២​ នៅទី​ស្តី​ការ​ក្រសួង​បរិស្ថាន​។

ក្រោម​អធិបតីភាព ​លោក ​ទិន ​ពន្លក ​រដ្ឋ​លេខា​ធិការ​ក្រសួង​បរិស្ថាន ​និងជាអនុប្រធានទី២ នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព តំណាងឲ្យ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជា ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។

គោលបំណងចម្បងនៃអនុស្សរណៈនៃការយោគយល់នេះ គឺដើម្បីបន្តពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ក្នុងការលើកកម្ពស់ការអភិវឌ្ឍបៃតងនៅកម្ពុជា។

កម្ពុជាបានប្តេជ្ញាចិត្តក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការបង្កើនល្បឿននៃការ ផ្លាស់ប្តូរទៅកាន់ការអភិវឌ្ឍដែលបានគិតគូលើភាពធន់នឹងអាកាសធាតុ និងការអភិវឌ្ឍដែលបញ្ចេញកា បួនទាប និងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង។

កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរបាន អនុវត្តចាប់តាំងពីឆ្នាំ២០១២ ដោយផ្តោតសំខាន់លើវិស័យការអភិវឌ្ឍទីក្រុងបៃតង ការគ្រប់គ្រងសំណល់ យុទ្ធសាស្ត្រអាកាសធាតុ ការធ្វើពាណិជ្ជកម្មកាបូន ការធ្វើដំណើរដោយយានយន្តអគ្គិសនី និងវិស័យជា ច្រើនទៀត។

លោក ទិន ពន្លក រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាអនុប្រធានទី២នៃក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព។រូបភាព៖​ហ្វេសប៊ុកក្រសួងបរិស្ថាន។

លោក ទិន ពន្លក រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាអនុប្រធានទី២នៃក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាពថ្លែងក្នុង​កម្ម​វិធីនេះថា៖«ខ្ញុំមានមោទភាពចំពោះសមិទ្ធិផលរួមគ្នារវាងក្រសួង បរិស្ថាន និងGGGI ដែលស្ថាប័នទាំងពីរសម្រេចបានរួមគ្នាក្នុងកិច្ចសហប្រតិបត្តិការមួយទសវត្សរ៍កន្លងមក។

លោក​ថ្លែងទៀតថា៖«នៅក្នុងនោះ យើងរួមគ្នាដាក់ចេញនូវផែនការអភិវឌ្ឍន៍ទីក្រុងនិរន្តរភាពសម្រាប់រាជធានីភ្នំពេញ និង ក្រុងគោលដៅចំនួន៧។ ជាមួយនឹងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត យើងបានដាក់ចេញនូវរបាយការណ៍ បច្ចុប្បន្នភាពនៃការចូលរួមចំណែករបស់ជាតិ (NBC) ដើម្បីអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ព្រមទាំងយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូននៅ កម្ពុជា ប៉ុន្តែចំណុចដែលសំខាន់បំផុតនោះគឺ យើងបានបន្តដំណើរលើផ្លូវដ៏វែងឆ្ងាយក្នុងការអនុវត្តផែនការទាំងនេះហើយ»។

​លោក​ស្រី ​Karolien ​Casaer-Diez ​តំណាង ​GGGI​ ប្រចាំ​កម្ពុជា(ឆ្វេង)​ និងលោក ​វ៉ាន់​ មុនីនាថ ​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន ​គោល​នយោបាយ​និង​យុទ្ធសាស្ត្រ ​ក្រសួង​បរិស្ថាន (ស្តាំ)បាន​ចុះ​ហត្ថ​លេខា ​អនុស្សរណៈនេះ​ កាល​ពី​ថ្ងៃ​ទី២៨ ​ខែមិថុនា ​ឆ្នាំ២០២២​ នៅទី​ស្តី​ការ​ក្រសួង​បរិស្ថាន​។ រូបភាព៖ ហ្វេសប៊ុក ក្រសួងបរិស្ថាន

លោកស្រី Karolien Casser-Diez តំណាង GGGI ប្រចាំកម្ពុជា ថ្លែងថា ក្នុងនាម GGGI ប្រចាំកម្ពុជា លោកស្រីមានក្តីរំភើបរីករាយយ៉ាងខ្លាំងចំពោះការងាររបស់ GGGI នៅកម្ពុជា នោះគឺ រាជរដ្ឋាភិបាលយល់ច្បាស់ពីអភិក្រមឆ្លើយតបទៅនឹងបញ្ហាអាកាសធាតុ និងបរិស្ថានដែលជាបញ្ហាប្រឈមរបស់ភពផែនដីទាំងមូល។

លោកស្រី បន្តថា ក្នុងនោះ ក៏មានកាលានុវត្តភាពផងដែរ ដូចជា កាលានុវត្តភាពដើម្បីឱ្យមានភាពប្រកួតប្រជែងកាន់តែច្រើនឡើងនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ក្នុងបរិការណ៍អ្នកទិញ និងទីផ្សារនាំចេញដែលចេះតែបង្កើនស្តង់ដារបរិស្ថាន កាលានុវត្តភាពដើម្បីបង្កើតការងារបៃតង កាលានុវត្តភាពដើម្បី លើកកម្ពស់ប្រទេសកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយគុណតម្លៃខ្ពស់ និងកាលានុវត្តភាពដើម្បី ទាញហិរញ្ញវត្ថុកាបូន»។

កម្ពុជាក៏ជាសមាជិកមួយរូបដែលបានចូលជាសហស្ថាបនិករបស់ GGGI ជាមួយនឹងប្រទេសចំនួន ១៧ ផ្សេងទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតនៅឆ្នាំ ២០១១ ហើយអនុញ្ញាតឱ្យ GGGI ក្លាយទៅជាស្ថាប័នអន្តររដ្ឋាភិបាល។

ដោយយោងលើអនុស្សរណៈនៃការយោគយល់នេះ ក្រសួងបរិស្ថាន និង GGGI នឹងបន្តកិច្ចសហ ប្រតិបត្តិការសម្រាប់រយៈពេល៥ឆ្នាំបន្តទៀត ក្នុងវិស័យជាកម្មវិធីសំខាន់ៗរួមមាន ការគ្រប់គ្រងសំរាម សំណល់ ឧស្សាហកម្មបៃតង ការដឹកជញ្ជូនដោយនិរន្តរភាព អគារបៃតង ថាមពលស្អាត និងហិរញ្ញវត្ថុបៃតង៕