ទន្លេ​ Tiber ដ៏​សម្បូរ​ប្រវត្តិសាស្ត្រ​​ត្រូវ​គេ​ឃើញ​មាន​កម្ពស់​ទឹក​ទាប​នៅ​ក្នុង​ទី​ក្រុង​រ៉ូម ប្រទេស​អ៊ីតាលី​ កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០២២។

ប៉ារីស — ការិយាល័យ​ប្រតិបត្តិ​នៃ​សហភាព​អឺរ៉ុប​បាន​បង្ហាញ​នូវ​សំណើ​បរិស្ថាន​សំខាន់ៗ​កាលពី​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០២២ ដែល​ជា​សេចក្តី​ព្រាងច្បាប់ ​ដែល​ចែង​ថា​ សហភាព​អឺរ៉ុប​នឹង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត​ឱ្យ​បាន​ត្រឹម​ពាក់​កណ្តាល​នៅ ឆ្នាំ២០៣០ ​ហើយនិង​ធ្វើការ​ស្តារ​ដី​ សមុទ្រ​ និង ​ទន្លេ​របស់​ខ្លួន។

សេចក្តី​ព្រាង​ច្បាប់​នេះ​មាន​គោលបំណង​ស្តារ​ដី​និង​ផ្លូវទឹក​របស់​សហភាព​អឺរ៉ុប​ដែល​ខូចខាត​ចំនួន​២០​ភាគរយ ឡើងវិញ ​ក្នុង​រយៈពេល​៨ឆ្នាំ​ខាងមុខ​ ដែល​គណៈកម្មការ​អឺរ៉ុប​ថា​ វា​ជា​វិធានការ​ដ៏​សំខាន់​មួយ​សម្រាប់​អនាគត របស់​តំបន់​នេះ។

អនុប្រធាន​គណៈកម្មការ​សហភាព​អឺរ៉ុប​លោក ​Frans Timmermans​ បាន​មាន​ប្រសាសន៍​ថា៖ «យើង​កំពុង​ធ្វើ​សេចក្ដី​ស្នើ​ច្បាប់​ដែល​តម្រូវ​ឱ្យ​ប្រទេស​ជា​សមាជិក​ទាំងអស់​ចូលរួម​ស្តារ​ធម្មជាតិ​ឡើង​វិញ។ យើង​ត្រូវ​ជួសជុល​ឡើងវិញ​៨០%​នៃ​ធម្មជាតិ​របស់​យើង​ដែល​ខូចខាត​ ហើយ​នាំ​ឱ្យ​បាន​មកវិញ​នូវ​ ទីក្រុង ទីប្រជុំជន​ ព្រៃឈើ ​និង ​ដី​កសិកម្ម ​សមុទ្រ ​បឹង​ និង​ ទន្លេ​ធម្មជាតិ​ដែល​ប្រជាពលរដ្ឋ​របស់​យើង​ចង់បាន​និង​ត្រូវ​ការ។»

ក្នុង​ចំណោម​គោលដៅ​ផ្សេងៗ​ទៀត​ សំណើ​របស់​គណៈកម្មការ​គឺ​កាត់​បន្ថយ​ការ​ប្រើប្រាស់​សារធាតុ​គីមី​និង​ថ្នាំ​សម្លាប់​សត្វល្អិត​ មក​ត្រឹម​ចំនួន​ពាក់​កណ្តាល​នៅ​ឆ្នាំ​២០៣០ ​ហើយ​ហាម​មិន​ឱ្យ​មាន​ការ​ប្រើប្រាស់​សារធាតុ​គីមី និង​ថ្នាំ​សម្លាប់​សត្វល្អិត​ទាំងអស់​នោះ​ទាំងស្រុង​នៅ​ទី​កន្លែង​សាធារណៈ​ដូចជា​សួន​កម្សាន្ត​និង​សួន​កុមារ​ជាដើម។ ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​សារធាតុ​ទាំងអស់​នេះ​នឹង​ស្តារ​ឡើង​វិញ​នូវ​ទន្លេ​ប្រវែង​២៥.០០០ ​គីឡូម៉ែត​ដើម្បី​ឱ្យ​ទឹក​ទន្លេ​អាច​ហូរ​តាម​គន្លង​ធម្មជាតិ​របស់​វា​វិញ​បាន។

ក្រុម​អ្នក​បរិស្ថាន​បាន​អបអរសាទរ​សេចក្តី​ស្នើ​ច្បាប់​នេះ។

អ្នកស្រី ​Laura Hildt ​ជា​មន្រី្ត​គោល​នយោបាយ​ជីវចម្រុះ​នៅ​ការិយាល័យ​បរិស្ថាន​អឺរ៉ុប​ដែល​ជា​អង្គការ​មិន​រក​ប្រាក់ ចំណេញ​មួយ​បាន​ឱ្យ​ដឹង​ថា៖ «ប្រតិកម្ម​រួម​គឺ​មាន​ភាព​វិជ្ជមាន​ខ្លាំង​បំផុត។»
អ្នកស្រី Laura Hildt ​បាន​ថ្លែង​ឱ្យ​ដឹង​បន្ថែម​ថា៖ «យើង​ពិត​ជា​រីករាយ​ណាស់​ដែល​បាន​ឃើញ​គណៈកម្មការ​បាន​ចេញ​នូវ​សំណើ​ដ៏​រឹងមាំ​មួយ​ដែល​ពិតជា​មាន សក្តានុពល ​ក្នុង​ការ​នាំ​យក​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​ត្រូវ​បាន​បំផ្លាញ​ត្រឡប់​មក​វិញ​ហើយ​ធ្វើ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង នូវ​ផ្នែក​ផ្សេងៗ​ដែល​ចាំបាច់។»

យ៉ាងណា​ក៏ដោយ​ អ្នកស្រី​និង​សកម្មជន​ផ្សេង​ទៀត​និយាយ​ថា​ មាន​ចំណុច​មួយ​ចំនួន​ដែល​ត្រូវការ​ឱ្យ​មាន​ការ ពង្រឹង​បន្ថែម​ទៀត​រួមមាន​គោលដៅ​សម្រាប់​ការ​ស្តារ​សមុទ្រ​និង​ការ​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វ​ល្អិត។

អ្នកវិភាគ​ថ្នាំ​សម្លាប់​សត្វល្អិត​របស់​ការិយាល័យ​បរិស្ថាន​អឺរ៉ុប​អ្នកស្រី​ Eva Corral ​បាន​ឱ្យ​ដឹង​ថា៖ «យើង​ត្រូវ​ធ្វើ​ឱ្យ​ប្រាកដ​ថា​គោលការណ៍​ដែល​ចែងថា​ថ្នាំ​គីមី​សម្លាប់​សត្វ​ល្អិត​ ត្រូវ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ក្នុង​ករណី​ដែល​វា​ជា​មធ្យោបាយ​ចុងក្រោយ​បំផុត​តែ​ប៉ុណ្ណោះ​ទើប​ជា​ការ​អនុវត្ត​ត្រឹម​ត្រូវ។»​
នៅ​ពីក្រោយ​សេចក្តី​ស្នើ​ច្បាប់​របស់​គណៈកម្មការ​នេះ​គឺជា​ស្ថិតិ​ដ៏​គួរ​ឱ្យ​ព្រួយ​បារម្ភ។​ មួយ​ភាគ​បី​នៃ​ឃ្មុំ​នៅ​អឺរ៉ុប​និង សត្វ​ក្រេប​លម្អង​ផ្សេង​ទៀត​កំពុង​ធ្លាក់​ចុះ ​ហើយ​មួយ​ក្នុង​ចំណោម​ដប់​កំពុង​ជិត​ផុត​ពូជ។ ប្រភេទ​សត្វ​ទាំង​អស់ នេះ​រួម​ជាមួយ​ដី​ដែល​មាន​ជីវជាតិ​ល្អ​មាន​សារៈ​សំខាន់​ណាស់​មិន​ត្រឹម​តែ​ចំពោះ​ជីវចម្រុះ​ប៉ុណ្ណោះ​ទេ​តែ​សម្រាប់ ការ​ផលិត​ម្ហូបអាហារ​ផង​ដែរ។

បណ្តា​ប្រទេស​អឺរ៉ុប​និង​សភា​អឺរ៉ុប​នៅត្រូវ​ធ្វើការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់នេះ។ របាយ​ការណ៍​ផ្សេងៗ​បង្ហាញ​ថា ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​មួយ​ចំនួន​ចង់​ឱ្យ​មានការ​ពន្យារ​ពេល​ រឺ​ផ្អាក​សេចក្តី​ព្រាង​ច្បាប់​នេះ​ដោយ​លើក ឡើង​ពី​ផល​ប៉ះពាល់​នៃ​សង្រ្គាម​នៅ​អ៊ុយក្រែន​លើ​សន្តិសុខ​ស្បៀង។ លោក​អនុប្រធាន​ការិយាល័យ​សហភាព​អឺរ៉ុប Timmermans បាន​លើក​ឡើង​ថា ​សហភាព​អឺរ៉ុប ​ត្រូវ​បាន​បន្ទុច​បង្អាក់​ជាថ្មី​ម្តងទៀត។

លោក Timmermans បាន​បន្ថែម​ថា៖ «ការ​ប្រើ​សង្គ្រាម​នៅ​អ៊ុយក្រែន​ដើម្បី​ច្រាន​ចោល​សេចក្តី​ស្នើ​ច្បាប់​ និង ​បំភ័យ​ប្រជាជន​អឺរ៉ុប​ឱ្យ​ជឿ​ថា ​និរន្តរភាព​មាន​ន័យ​ថា​មាន​អាហារ​កាន់​តែ​តិច​ទៅៗ​គឺ​មិន​មាន​ភាព​ទទួល​ខុសត្រូវ​ទាល់តែ​សោះ​ពីព្រោះ​វិបត្តិ​អាកាស​ធាតុ​និង ជីវចម្រុះ​ គឺ​កើត​ឡើង​នៅ​ចំ​ពីមុខ​យើង​តែ​ម្តង។»

វិធានការ​នេះ​នឹង​ជួយ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​កសិករ​អឺរ៉ុប​ខណៈ​ដែល​ពួកគេ​ផ្លាស់ប្តូរ​ការ​អនុវត្ត​កសិកម្ម​ដែល​មាន​ភាព ល្អ​ប្រសើរ​ចំពោះ​បរិស្ថាន។ ហើយ​គណៈកម្មការ​និយាយ​ថា​វិធានការ​នេះ​គ្រាន់តែ​ជា​ជំហាន​ដំបូង​តែ​ប៉ុណ្ណោះ ដើម្បី​ឆ្ពោះ​ទៅរក​ការ​កសាង​អនាគត​ប្រកប​ដោយ​និរន្តភាព​ជាងមុន​សម្រាប់​សហភាព​អឺរ៉ុប៕