ស្ពានប្រវែង៨០ម៉្រែកំពុងទ្រុឌទ្រោមខ្លាំង។ រូបភាព៖ផ្តល់ឱ្យ ដោយលោក ក្រើន តុលា

ស្ពានសហគមន៍ភូមិពូកេះ ក្នុងឃុំមេម៉ង ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ដែលមានប្រវែងជាង៨០ម៉្រែត កំពុងខូចខាត និងទ្រុឌទ្រោមខ្លាំង ដោយសារឈើបានពុកផុយ ខណៈស្ពាននេះត្រូវបានសាងសង់និងប្រើប្រាស់អស់រយៈពេលជាង១០ឆ្នាំមកហើយ។

លោក ក្រើង តុលា សកម្មជនការពារព្រៃឈើ នៅខេត្តមណ្ឌលគិរី និងជាជនជាតិភាគតិចពូនង បានប្រាប់សារព័ត៌មានខ្មែរណាស់ នៅថ្ងៃទី២៩ មិថុនាថា ស្ពានឈើនេះបានចាប់ផ្តើមទ្រុឌទ្រោមខ្លាំងនៅឆ្នាំ២០២០ ដែលធ្វើឱ្យប្រជាពលរដ្ឋមិនអាចជិះម៉ូតូ ឬដើរឆ្លងកាត់បាននោះទេ។

លោកថា ស្ពានសហគមន៍ភូមិពូកេះនេះ តូ្រវបានសាងសង់តាំងពីឆ្នាំ២០០៧ ដោយមានថវិកាពីអង្គការសង្គមស៊ីវិលមួយ និងថវិការៃអង្គាសពីប្រជាពលរដ្ឋក្នុងតំបន់នេះ។

លោកថ្លែងដូច្នេះថា៖«អត់មានថាស្ពានរបស់រដ្ឋអីនោះទេ។ ចាប់ពី២០០៧ មកដល់ឥឡូវ យូរដែរ វាទ្រុឌទ្រោមខូច។ ស្ពាននឹង ប្រជាពលរដ្ឋចេញចូលរាល់ថ្ងៃ ទាំងពីសិស្សសាលា ទាំងគ្រូបង្រៀន ទាំងប៉ូលីស ទាំងទាហាន ដើរតាមស្ពានទាំងអស់ ហើយភូមិនេះ ជាភូមិដាច់ស្រយោលមែនទែន អត់មានសេវាអីនោះទេ»។

លោកបន្តថា បច្ចុប្បន្នលោកបានរៃអង្គាសថវិកាពីសប្បុរសជនបានចំនួន២លានរៀលហើយ សម្រាប់យកមកសាងសង់ស្ពាននេះឡើងវិញ ខណៈការសាងសង់ស្ពានថ្មី អាចត្រូវការថវិការហូតជាង២ម៉ឺនដុល្លារ។

លោកថ្លែងដូច្នេះថា៖«តាមការប៉ាន់ស្មានប្រហែលជាង២ម៉ឺនដុល្លារ ដោយសារការធ្វើស្ពានហ្នឹង យើងជួលជាង ហើយតាមការសំណូមពររបស់ប្រជាពលរដ្ឋ គាត់ចង់ធ្វើស្ពានយោង។ ព្រោះស្ពានយោង ពេលដែលទឹកឡើងវាអត់អីដែរ វាអត់ស្រុតដូចស្ពានឈើ»។

លោកបន្តថា ប្រជាពលរដ្ឋជាង១០០គ្រួសារ ដែលប្រើប្រាស់ស្ពាននេះជាប្រចាំថ្ងៃ ហើយស្ពាននេះពិតជាចាំបាច់សម្រាប់ចម្លងសិស្សទៅសាលារៀន ប្រជាពលរដ្ឋទៅមណ្ឌលសុខភាព និងទទួលសេវាសាធារណៈផ្សេងៗទៀត។

ជុំវិញបញ្ហាស្ពាននេះ លោក ជាក់ ម៉េងហ៊ាង អ្នកនាំពាក្យខេត្តមណ្ឌលគិរី បានលើកឡើងថា លោកមិនទាន់ទទួលបានព័ត៌មានជុំវិញស្ពាននេះនោះទេ។

លោកថ្លែងដូច្នេះថា៖«ខ្ញុំមិនទាន់ទទួលបានព័ត៌មានហ្នឹងនោះទេ គ្រាន់តែដឹងថាស្ពានដាច់ ប៉ុន្តែភូមិហ្នឹងក៏មានមនុស្សតិចដែរ ចាំមើលខ្ញុំនឹងឱ្យគេទៅពិនិត្យមើល ថាតើរបាយការណ៍ហ្នឹងយ៉ាងម៉េច ចាំរាយការណ៍ជូនតាមក្រោយ»។

លោក ក្រើង តុលា បានបង្ហោះតាមហ្វេសប៊ុក ដើម្បីអំពាវនាវទៅអភិបាលខេត្តមណ្ឌលគីរី ឱ្យជួយស្ថាបនាស្ពានថ្មីជំនួសឱ្យស្ពានឈើនេះ ដោយសារលោកអះអាងថា កន្លងមក មានសិស្សមួយចំនួនដែលធ្វើដំណើរឆ្លងកាត់ស្ពានឈើទ្រុឌទ្រោមនេះ មានខ្លះរអិលធ្លាក់ស្បែកជើង ប៊ិចសៀវភៅ និងស្ទើរតែធ្លាក់ទាំងខ្លួនថែមទៀត៕