
មន្រ្តីនៃអគ្គនាយកដ្ឋានកសិកម្ម អះអាងថា កម្ពុជានឹងចាប់ផ្តើមចរចាជាមួយចិនដើម្បីនាំចេញផ្លែទុរេន និងដូងក្រអូបទៅទីផ្សារចិននៅឆាប់ៗនេះ។

លោក ហេង ឈុនហ៊ី អនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម បានថ្លែងក្នុងកម្មវិធីជំនួបពិភាក្សាស្តីពីនីតិវិធីនាំចេញនាំចូលទំនិញកសិកម្ម កិច្ចសម្របសម្រួលពាណិជ្ជកម្ម និងឱកាសទីផ្សាររបស់ភាគីពាក់ព័ន្ធនៅថ្ងៃទី ២៩ ខែមិថុនាថា កម្ពុជានឹងចាប់ផ្តើមការចរចាជាមួយភាគីចិននៅឆាប់ៗនេះសម្រាប់ការនាំចេញផលិតផលកសិកម្មកម្ពុជាចំនួន២មុខបន្ថែមទៀតគឺ ផ្លែទុរេន និងដូងក្រអូប។
លោក ឈុនហ៊ី ថ្លែងដូច្នេះថា៖«ខ្ញុំគិតថានៅពេលឆាប់ៗនេះ យើងនឹងធ្វើការចរចាជាមួយនឹងរដ្ឋាភិបាលចិនក្នុងការនាំចេញផលិតផលទុរេន និងដូងក្រអូប។ ខ្ញុំសូមជម្រាបថាការចរចានីមួយៗគឺមានរយៈពេលយូណាស់ពាក់ព័ន្ធនឹងភូតគាមអនាម័យ។ ការចរចាជាមួយចិនទំនិញខ្លះប្រើពេលវេលា ៣ឆ្នាំ ខ្លះ៥ឆ្នាំ ដូចករណី អង្ករ ៧ឆ្នាំ ទើបអាចនាំអង្ករទៅចិនបាន»។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានទៅទស្សនកិច្ចចម្ការទុរេនរបស់កសិករមួយរូបនៅខេត្តត្បូងឃ្មុំ កាលពីចុងខែមករា ឆ្នាំ២០២២។ រូបភាព៖ ហ្វេសប៊ុកក្រសួងកសិកម្ម
ការចរចានេះត្រូវធ្វើឡើងបន្ទាប់ពីលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្ម សិក្សាពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ទីផ្សារប្រទេសចិន និងទំនាក់ទំនងទៅអគ្គរដ្ឋបាលគយចិន ដើម្បីសិក្សាពីបែបបទ និងឯកសារតម្រូវទាំងបច្ចេកទេស និងច្បាប់ ដើម្បីឈានទៅនាំចេញផ្លែទុរេនពីកម្ពុជាទៅកាន់ប្រទេសចិន។
ការណែនាំនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងដំណើរទស្សនកិច្ចចម្ការទុរេនមួយខេត្តត្បូងឃ្មុំ កាលពីចុងខែមករា ឆ្នាំ២០២២។
លោករដ្ឋមន្រ្តីមានប្រសាសន៍ថា៖«អគ្គនាយកដ្ឋានកសិកម្មត្រូវធ្វើបច្ចុប្បន្នភាពផ្ទៃដីដាំដុះទុរេន និងទិន្នផលនៅទូទាំងប្រទេស ព្រមជាមួយគ្នាក៏ត្រូវយកចិត្តទុកដាក់សិក្សាស្រាវជ្រាវអំពីបច្ចេកទេសដាំដុះ ជំងឺ សត្វល្អិត និងបច្ចេកទេសកែច្នៃ ទុកដាក់សមស្របតាម ស្តង់ដារ CamGAP ជាពិសេសស្តង់ដារទីផ្សារនាំចេញ»។
យោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២១ កម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេនចំនួន ៥ ២៨៩ហិកតា ក្នុងនោះ ផ្ទៃដីប្រមូលផលបានចំនួន ៣ ៤០៣ហិកតា ដែលទទួលបានបរិមាណផលប្រមាណ ៣៦ ៦៥៦តោនក្នុង១ឆ្នាំ៕
- ARDBចុះកិច្ចព្រមព្រៀងកម្ចីជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ៣ដើម្បីផ្តល់កម្ចីដល់កសិករខ្នាតតូច - នៅថ្ងៃទី 15/08/2022
- សណ្ឋាគារ SUN & MOON Riverside ជ្រើសរើសផ្លេតហ្វម INTELITY ដើម្បីរួមបញ្ចូលបច្ចេកវិទ្យាសម្រាប់គាំទ្រភ្ញៀវ - នៅថ្ងៃទី 15/08/2022
- បញ្ចប់កម្មវិធី CAVAC៖ ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជាប្រគល់ជំនួយរថយន្ត៤គ្រឿងដល់ក្រសួងកសិកម្ម - នៅថ្ងៃទី 13/08/2022