កសិដ្ឋាន៤០០ ចិញ្ចឹមខ្យងជាង១០ប្រភេទ ក្នុងនោះខ្យងប័រ និងខ្យងទុរេនមានតម្លៃថ្លៃ។ រូបភាព៖ លោក ហាច ឆន

ម្ចាស់កសិដ្ឋាន៤០០ ដែលជាកសិដ្ឋានចិញ្ចឹមខ្យង នៅឃុំអូរណារ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី អាចរកចំណូលបាន ពី២ពាន់ ទៅ៣ពាន់ដុល្លារក្នុង១ខែ ពីការលក់ពូជខ្យងទៅឱ្យកសិករ និងខ្យងសាច់ទៅឱ្យម្ចាស់ហាងទូទៅសម្រាប់យកទៅច្នៃធ្វើជាម្ហូបអាហារ។

លោក ហាច ឆន ម្ចាស់កសិដ្ឋាន៤០០ បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី២៩ មិថុនានេះថា កសិដ្ឋានរបស់លោក មានអាងចិញ្ចឹមខ្យងជាង៣០០ ដោយអាងនីមួយៗមានទំហំ៣ម៉្រែត៤ជ្រុង ហើយបច្ចុប្បន្នអាចរកចំណូលបាន៣ពាន់ដុល្លារ ក្នុងមួយខែ ពីការចិញ្ចឹមខ្យងនេះ។

លោកបន្តថា កសិដ្ឋាន៤០០ មានចិញ្ចឹមខ្យងជាង១០ពូជ ក្នុងនោះពូជខ្យងដែលមានតម្លៃខ្ពស់ជាងគេ មានដូចជា ខ្យងប័រ ខ្យងទុរេន ខ្យងសំបុកចាប និងខ្យងឈើរី។ លោកបានឱ្យដឹងថា ខ្យងប័រ និងខ្យងទុរេន មានតម្លៃ១០០ដុល្លារ ក្នុង១គីឡូក្រាម ហើយខ្យងសំបុកចាប និងខ្យងឈើរីមានតម្លៃ៥០ដុល្លារក្នុង១គីឡូក្រាម។ រីឯពូជខ្យងស្រែ និងខ្យងអាចម៍សេះ មានតម្លៃ៣ម៉ឺនរៀល ក្នុង១គីឡូក្រាម។

ខ្យងទុរេនមានតម្លៃ១០០ ដុល្លារក្នុង១គីឡូក្រាម។ រូបភាព៖ លោក ហាច ឆន

លោកថ្លែងដូច្នេះ៖«សម្រាប់ខ្យង យើងលក់ចែកចាយជាពូជ ទូទាំង២៥ខេត្តក្រុង ហើយនិងក្រៅប្រទេសខ្លះ(ប្រទេសវៀតណាម) និងលក់សម្រាប់អ្នកយកទៅធ្វើស៊ុបតាមហាង ព្រមទាំងបោះដុំទៅកាន់ផ្សារផ្សេងៗដែរ។ ការនាំចេញទៅវៀតណាម ដោយសារនៅតាមច្រកព្រំដែនមានឈ្មួញវៀតណាមចាំទទួលទិញពូជខ្យងខ្មែរ និងពូជខ្យងមានតម្លៃថ្លៃ(ខ្យងប័រ ខ្យងធុរេន) ហើយពូជខ្លះក៏វៀតណាមយកទៅធ្វើពូជដែរ»។

លោកថា សព្វថ្ងៃកសិដ្ឋាន អាចលក់ខ្យងបានពី១តោន ទៅ២តោនក្នុង១ខែ សម្រាប់ខ្យងគ្រប់ប្រភេទទាំងអស់ ព្រោះបច្ចុប្បន្នចំនួនអ្នកចិញ្ចឹមបានកើនឡើង ដោយក្នុងនោះមានកសិករពី១ពាន់ទៅ២ពាន់នាក់ហើយ ដែលបានមកទិញពូជយកទៅចិញ្ចឹមបន្ត ហើយភាគច្រើនទិញប្រភេទខ្យងប័រ និងខ្យងទុរេន។ លោកថា សម្រាប់ខ្យងប័រ និងខ្យងធុទេន នៅពេលដែលកសិករទិញ១គីឡូយកទៅចិញ្ចឹម ក្នុងរយៈពេល៣ខែ អាចប្រមូលផលមកវិញបាន ៥០ទៅ១០០គីឡូ។

ខ្យងប័រក៏មានតម្លៃ១០០ដុល្លារក្នុង១គីឡូក្រាមផងដែរ។ រូបភាព៖ លោក ហាច ឆន

លោកថ្លែងដូច្នេះថា៖«សម្រាប់ចំណូលពីខ្យងជាមធ្យម យើងគិតថាអាច ចន្លោះពី២ពាន់(ដុល្លារ)ទៅ៣ពាន់ចុះក្នុង១ខែ ពីការចិញ្ចឹមខ្យង។ ខែខ្លះក៏អាចលើសហ្នឹង ខែខ្លះក៏អាចក្រោមហ្នឹង។ សម្រាប់ខ្យងប័រមានពណ៌ក្រហម ខ្យងទុរេនពណ៌រៀងលឿង ហើយខៀវបន្តិច។ បច្ចេកទេសក្នុងការបង្កាត់ចំណាយពេលពី២ ទៅ៣ខែទើបអាចយកទៅហូបបាន ហើយខ្យងនេះអាយុ៣ខែអាចយកទៅបង្កាត់ពូជបន្តបានហើយ អាចចិញ្ចឹមក្នុងលូ អាង តង់ អាងស៊ីម៉ង់ ក្នុងធុងជ័រក៏បាន»។

លោកបន្ថែមថា សម្រាប់ប្រភេទចំណីដាក់ឱ្យខ្យងស៊ីមានដូចជា រុក្ខជាតិអាសូឡា ននោង ត្រឡាច និងប្រភេទផ្លែដែលគិតថាបោះចោល ដូចជាស្វាយទុំ ល្ហុងទុំ និងស្លឹកដើមគរ ស្លឹកដំឡូងមី ស្លឹកឆាយយ៉ា និងស្លឹកចេក។ ក្រៅពីលក់ខ្យងទៅឱ្យកសិករ កសិដ្ឋាននេះក៏មានផ្តល់វគ្គបណ្តុះបណ្តាលពីការចិញ្ចឹមខ្យង និងបច្ចេសទេសផ្សេងៗផងដែរ។

ម្ចាស់កសិដ្ឋាននេះលើកឡើងថា សម្រាប់ពូជខ្យងប័រ និងខ្យងទុរេន មានដើមកំណើត នៅប្រទេសជប៉ុន ហើយភាគច្រើនមានចិញ្ចឹមក្នុងប្រទេសថៃ។ លោកអះអាងថា សម្រាប់នៅកម្ពុជាមិនមែនទើបតែមាននោះទេ គឺមានយូរមកហើយ ប៉ុន្តែដោយសារវិស័យចិញ្ចឹមខ្យងនៅខ្មែរ មិនសូវមានអ្នកចិញ្ចឹមច្រើន។
លោកថ្លែងដូច្នេះថា៖«សម្រាប់ពូជខ្យងប័រ និងខ្យងទុរេនទើបតែសម្បូរនៅឆ្នាំ២០២២នោះទេ ដែលខ្ញុំចាប់ផ្តើមពង្រីកពូជខ្លួនឯង ចាប់ពី៣គីឡូ រហូតដល់យើងអាចផលិតបានរាប់រយគីឡូ ហើយបន្តិចទៀតនឹងអាចចូលដល់តោន។ យើងព្យាយាមស្រាវជ្រាវដោយខ្លួនឯងថែម»។

លោក ហាច ឆន មានចំណង់ចំណូលចិត្តស្រលាញ់វិស័យកសិកម្ម តាំងពីក្មេងមក ដូច្នេះទើបលោកចាប់អារម្មណ៍ចិញ្ចឹមខ្យង ព្រោះខ្យងនឹងផុតពូជនៅថ្ងៃអនាគត ប្រសិនជាមិនចាប់ផ្តើមអភិរក្សពីពេលនេះទៅ។ លោកថា នៅប្រទេសជិតខាង មានការរីកចម្រើនខ្លាំងណាស់ទាក់ទងនឹងវិស័យចិញ្ចឹមខ្យង រហូតដល់ថ្នាក់គេអាចកែច្នៃខ្យងទៅជាម្សៅ ជាទឹកមាត់ខ្យង និងផលិតសម្រេចដែលមានតម្លៃថ្លៃ។

ម្ចាស់កសិដ្ឋានរូបនេះរំពឹងថា ការចិញ្ចឹមខ្យងប័រ ខ្យងទុរេន និងខ្យងឈើរី អាចនឹងមានកំណើនចិញ្ចឹមកាន់តែច្រើននៅ៣ឆ្នាំមុខទៀត ដែលតម្លៃវានឹងអាចធ្លាក់ចុះនៅសល់ត្រឹម៥ដុល្លារ ទៅ១០ដុល្លារ ក្នុង១គីឡូក្រាម ហើយពលរដ្ឋនឹងអាចមានចំណូលច្រើនពីការចិញ្ចឹមខ្យងនេះ៕