
អ្នកក្នុងវិស័យភស្តុភារកម្ម កត់សម្គាល់ថា វិស័យដឹកជញ្ជូននិងឡូជីស្ទិកបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ទំនិញទៅកាន់ទីផ្សារអន្តរជាតិចាប់តាំងពីអ្នកផលិតរហូតដល់អ្នកទទួលទាន។ទន្ទឹមនឹងនេះ រដ្ឋាភិបាលកម្ពុជាបានកែទម្រង់សេវាកម្មសាធារណៈជាច្រើន ដើម្បីសម្របសម្រួលដល់ការនាំចេញនាំចូលផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ។
ការលើកឡើងនេះត្រូវបានធ្វើឡើងនៅក្នុងកម្មវិធីជំនួបពិភាក្សាស្តីពីនីតិវិធីនាំចេញនាំចូលទំនិញកសិកម្ម កិច្ចសម្របសម្រួលពាណិជ្ជកម្ម និងឱកាសទីផ្សាររបស់ភាគីពាក់ព័ន្ធ នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២២នេះ។
កម្មវិធីនេះរៀបចំដោយសមាគមភស្តុភារកម្មកម្ពុជា(CLA) សហការជាមួយសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា (ស.ម.ទ.ក) ក្នុងគោលបំណងដើម្បីគាំទ្រនិងជំរុញលើកទឹកចិត្តដល់វិស័យកសិកម្មដើម្បីធ្វើយ៉ាងឲ្យភាគីពាក់ព័ន្ធទទួលបានព័ត៌មានថ្មីបន្ថែមទៀត ពិសេស ដើម្បីយល់ដឹងឲ្យកាន់តែច្បាស់អំពីនីតិវិធីផ្សេងៗទាក់ទងនឹងការនាំចេញនាំចូលក្នុងវិស័យភស្តុភារកម្មនៅកម្ពុជា។

លោក ស៊ិន ចន្ទី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានថ្លែងក្នុងកម្មវិធីនេះថា វិស័យដឹកជញ្ជូននិងឡូជីស្ទីកបានដើរតួនាទីយ៉ាងសំខខាន់ក្នុងការសម្របសម្រួលដល់ការនាំចេញទំនិញ ពិសេសផលិតផលកសិកម្មនៅកាន់ទីផ្សារអន្តរជាតិ។
លោកថ្លែងដូច្នេះថា៖«យើងក៏កំពុងយកចិត្តទុកដាក់លើការពង្រឹងចំណេះដឹងធនធានមនុស្សក្នុងវិស័យភស្តុភារកម្មនៅកម្ពុជា។កម្មវិធីជួបជុំនេះនឹងផ្តល់ឱកាសឲ្យក្រុមហ៊ុនដឹកជញ្ជូននិងឡូជីស្ទិកអាចចោទសួរអំពីចម្ងល់ ឬសំណូមពរ លើនីតិវិធីនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិដល់ស្ថាប័នពាក់ព័ន្ធ»។
លោកសម្គាល់ថា សព្វថ្ងៃ រដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លើការលើកកម្ពស់វិស័យដឹកជញ្ជូននិងឡូជីស្ទិកនៅកម្ពុជាដើម្បីធ្វើឲ្យតម្លៃដើមទាបក្នុងការប្រកួតប្រជែងជាមួយប្រទេសជិតខាង ប៉ុន្តែវិស័យនេះក៏កំពុងកង្វះប្រព័ន្ធច្បាប់ ដើម្បីគាំពារឲ្យរឹងមាំ ក៏ដូចជា កង្វះធនធានមនុស្ស កង្វះការផ្គត់ផ្គង់និងផ្តល់សេវាកម្ម ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ផងដែរ។
លោកថ្លែងទៀតថា៖«ឥឡូវនេះ រាជរដ្ឋាភិបាល ក៏ដូចជា យើងទាំងអស់គ្នាកំពុងយកចិត្តទុកដាក់លើវិស័យឡូជីស្ទិកគឺជាការធ្វើពាណិជ្ជកម្មទាំងក្នុងនិងក្រៅប្រទេស។វិស័យឡូជីស្ទិកមានទាក់ទងនឹងការដឹកជញ្ជូន ផ្គត់ផ្គង់ ជាដើម ដើម្បីធ្វើយ៉ាងណាផលិតផលពីអ្នកផលិតរហូតដល់អ្នកទទួលទាន ដូច្នេះ គ្មានពាណិជ្ជកម្មណា ឬសេដ្ឋកិច្ចណា មិនមានឡូជីស្ទិកក្នុងនោះទេ»។

កញ្ញា ស៊ឹង សុផា អនុប្រធានសហព័ន្ធម្រេចនិងគ្រឿងទេសកម្ពុជា ថ្លែងក្នុងកម្មវីធីនេះថាកម្ពុជាគឺជាប្រទេសមួយបានផលិតម្រេចជាប់ដំណាច់ថ្នាក់លេខ៤លើពិពភលោក ដូច្នេះ វិស័យម្រេច ពិតជាមានសារសំខាន់ណាស់សម្រាប់ការនាំចេញ។
កញ្ញា សុផា ថ្លែងដូច្នេះថា៖«ផលិតផលម្រេចគឺជាផលិតផលមួយដែលមិនសូវមានភាពស្មុកស្មាញសម្រាប់ការនាំចេញដោយសារវវាផលិតផលសម្ងួតមានន័យថាយើងអាចជួបបញ្ហាតិចជាងផលិតផលកសិកម្មផ្សេងទៀត ហើយកសិករអាចរក្សាទុកបានយូក្នុងសីតុហភាពធម្មតារហូតដល់រយៈ៥ឆ្នាំដោយមិនខូចគុណភាព ប្រសិនបើគាត់មិនទាន់ចង់លក់»។
កញ្ញា សុផា បន្តថា នៅកក្នុងឆ្នាំ២០២១ កម្ពុជាបាននាំចេញម្រេចGI និងម្រេចធម្មតាចំនួន ៣ ២៧០ តោន។ទីផ្សារម្រេចធំជាងគេសម្រាប់កម្ពុជាគឺវៀតណាម ថៃ អាល្លឺម៉ង ជប៉ុន និងអឺរ៉ុប។
កញ្ញាថ្លែងទៀតថា៖«តម្រូវការប្រើប្រាស់ម្រេចស្រុកយើងមានត្រឹម១០%ប៉ុណ្ណោះនៃទិន្នផលសរុប ដោយសារប្រជាជនខ្មែរមិនសូវប្រើប្រាស់ម្រេចទេគាត់ចូលចិត្តប្រើម្ទេសច្រើនជាង។ប៉ុន្តែយើងឃើញថាក្នុងរយៈពេលកន្លងមកនេះ មានការប្រើប្រាស់ម្រេចច្រើន ព្រោះយើងមានប្រភពផលិតផលជាក់លាក់»។

លោក នួន សុផល អនុប្រធាននាយកដ្ឋាននាំចេញនាំចូលនៃក្រសួងពាណិជ្ជកម្ម បានថ្លែងក្នុងកម្មវិធីនេះថា ក្រសួងពាណិជ្ជកម្មបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយសមាគមភស្តុភារកម្មកម្ពុជាក្នុងការជួយកសាងសេដ្ឋកិច្ច និងការប្រកួតប្រជែងរបស់កម្ពុជាក្នុងវិស័យភស្តុភារកម្ម។
លោកថ្លែងថា៖«ក្រសួងបានធ្វើប្រតិភូកម្មក្នុងការចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទម្រង់ឌី(CO/D)សម្រាប់ទំនិញកសិផលនៅតាមគ្រប់មន្ទីរពាណិជ្ជកម្មជាប់ព្រំដែន។ក្រសួងមិនតម្រូវឲ្យបង់ថ្លៃសេវានៃការនាំចេញផលិតផលកសិកម្ម ដូចជា អង្ករ ដំឡូងមី ពោត ល្ង បន្លែ ស្វាយ និងផ្លែឈើផ្សេងៗទៀត»។
លោកថ្លែងទៀតថា ទន្ទឹមនឹងនេះ ក្រសួងពាណិជ្ជកម្មកំពុងបន្តធ្វើកំណែទម្រង់គុណភាពសេវាសាធារណៈមួយចំនួនដើម្បីផ្តល់ភាពងាយស្រួលល្អប្រសើរជាងមុន មានតម្លាភាព និងប្រសិទ្ធភាពបន្ថែមទៀត ដោយបានធ្វើបច្ចុប្បន្នភាពប្រព័ន្ធស្វ័យប្រវត្តិកម្មស្របតាមយុទ្ធសាស្រ្តនិងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
លោកនិយាយថា៖«ក្រសួងនេះបានដាក់ឲ្យអនុវត្តប្រព័ន្ធស្វ័យបញ្ជាក់ដើមកំណើតទំនិញទូទាំងអាស៊ាន ដើម្បីសម្រលដល់ការធ្វើពាណិជ្ជកម្មក្នុងតំបន់អាស៊ាន។ក្រសួងក៏បានចូលរួមអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិសម្រាប់ចេញអាជ្ញាបណ្ណនាំចេញនាំចូលតាមបញ្ជរតែមួយជាតិ ហើយបានភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ D ទៅក្នុងប្រព័ន្ធបញ្ជរតែមួយជាតិ និងភ្ជាប់ទៅបញ្ជរប្រទេសអាស៊ាន ជាដើម»។

ថ្លែងក្នុងកម្មវិធីនេះ លោក ស្រ៊ុន សុខុម អក្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថា ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា បានកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ពីជាង ៥លានតោនក្នុងឆ្នាំ២០១៧ កើនដល់ជាង ៨លានតោននៅឆ្នាំ២០២១។
លោកថ្លែងទៀតថា កម្ពុជាបាននាំចេញផលិតផលកសិកម្មប្រហែល ១០០មុខទំនិញក្នុង១ឆ្នាំៗ ទៅកាន់ ៦៨ ប្រទេសនៅលើពិភពលោក។ ទំនិញទាំងនោះ ដូចជា ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី ស្វាយ ដំណាប់ស្វាយ ចេក ដំឡូងមី ម្រេច ជាដើម។
លោកមានប្រសាសន៍ថា៖«ឆ្លៀតកក្នុងឱកាសនេះខ្ញុំសូមបញ្ជាក់បន្តិចទាក់ទងនឹងផលិតកម្មកសិកម្មដាំណាំស្រូវនៅក្នុងរដូវឆ្នាំ២០២២ យើងគិតថាប្រហែលបរិមាណផលស្រូវអាចថយចុះខ្លះ យើងមិនទាន់ច្បាស់ទេ ដោយសារតែភ្លៀងធ្លាក់ខ្លាំងតាំងពីខែមីនា ដែលធ្វើឲ្យការដាំដុះស្រូវនៅជុំវិញបឹងទន្លេសាបមិនអាចបង្ករបង្កើនផលស្រូវបានទឹកលិច។
លោកថ្លែងបន្តថា៖«ទន្ទឹមនឹងនេះ សង្រាមរវាងរុស្សី និងអ៊ុយក្រែន វាធ្វើឲ្យធាតុចូលកសិកម្មដែលទិញពីប្រទេសរុស្សីបានឡើងថ្លៃមួយគុណនិងពីរ មួយគុណនិងបី។ប្រេងសម្រាប់ប្រើត្រាក់ទ័រភ្ជួរស្រែ បូមទឹកក៏ឡើងថ្លៃ ដូច្នេះកសិករដកខ្លួនអង្គុយគិតសិន គាត់អត់ធ្វើស្រែគាត់ទុកដីទំនេរចោល»៕
- ARDBចុះកិច្ចព្រមព្រៀងកម្ចីជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ៣ដើម្បីផ្តល់កម្ចីដល់កសិករខ្នាតតូច - នៅថ្ងៃទី 15/08/2022
- សណ្ឋាគារ SUN & MOON Riverside ជ្រើសរើសផ្លេតហ្វម INTELITY ដើម្បីរួមបញ្ចូលបច្ចេកវិទ្យាសម្រាប់គាំទ្រភ្ញៀវ - នៅថ្ងៃទី 15/08/2022
- បញ្ចប់កម្មវិធី CAVAC៖ ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជាប្រគល់ជំនួយរថយន្ត៤គ្រឿងដល់ក្រសួងកសិកម្ម - នៅថ្ងៃទី 13/08/2022