រថយន្តអគ្គិសនីកំពុងបញ្ចូលថ្មនៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ រូបភាព៖ AFP

សហភាពអឺរ៉ុបដែលមាន២៧ប្រទេស បានប្រកាសនៅថ្ងៃពុធនេះ ពីការអនុម័តផែនការមួយ ដើម្បីបញ្ចប់ការលក់យានយន្តដែលមានម៉ាស៊ីនបញ្ចេញចំហេះ ក្នុងគោលបំណងកាត់បន្ថយការបំភាយឧស្ម័ន CO2 ឱ្យបានដល់សូន្យ។

ផែនការដែលត្រូវបានស្នើឡើងជាលើកដំបូងតាំងពីខែកក្កដាឆ្នាំ២០២១ គឺមានន័យថា នឹងបញ្ឈប់ជាក់ស្តែងចំពោះការលក់រថយន្តប្រើប្រាស់សាំង និងម៉ាស៊ូត ក៏ដូចជារថយន្តពាណិជ្ជកម្មធុនស្រាល និងការផ្លាស់ប្តូរទាំងស្រុងទៅប្រើប្រាស់ម៉ាស៊ីនអគ្គិសនីនៅក្នុងសហភាពអឺរ៉ុបចាប់ពីឆ្នាំ២០៣៥។

តាមសំណើរបស់ប្រទេសនានា រួមទាំងប្រទេសអាឡឺម៉ង់ និងអ៊ីតាលី ក្រុមប្រទេសសហភាពអឺរ៉ុបទាំង២៧ប្រទេស ក៏បានយល់ព្រមពិចារណាភ្លើងខៀវនាពេលអនាគតសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យាដែលពុំសូវធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ដូចជាឥន្ធនៈសំយោគ ឬម៉ាស៊ីនកូនកាត់ដែលដំណើរការដោយអាគុយនិងប្រេងឥន្ធនៈ។

រថយន្តគឺជាមធ្យោបាយដឹកជញ្ជូនដ៏សំខាន់សម្រាប់ប្រជាជនអឺរ៉ុប ហើយមានត្រឹមតែ១៥ភាគរយប៉ុណ្ណោះ នៃការបំភាយឧស្ម័ន CO2 សរុបនៅក្នុងសហភាពអឺរ៉ុប។ វាក៏ជាឧស្ម័នសំខាន់មួយ ដែលទទួលខុសត្រូវចំពោះការឡើងកំដៅផែនដី៕