ប្រជាជន​មើល​ផ្សែង​ហុយ​ចេញ​ក្រោយ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​មីស៊ីល​របស់​រុស្ស៊ី​បាន​វាយ​ប្រហារ​ផ្សារ​ទំនើប​មួយ​ក្នុង​ក្រុង Kremenchuk ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី២៧ ខែ​មិថុនា ឆ្នាំ​២០២២។

ប្រធានាធិបតី​អ៊ុយក្រែន​លោក ​Volodymyr Zelenskyy​ បាន​និយាយ​នៅ​ថ្ងៃអង្គារ​នេះ​ថា​ លោក​បាន​សង្កត់​ធ្ងន់​លើ​តម្រូវការ​«ប្រព័ន្ធ​ការពារ​កាំជ្រួច​ដ៏​មាន​ឥទ្ធិពល​សម្រាប់​អ៊ុយក្រែន​ ដើម្បី​ទប់ស្កាត់​ការ​វាយ​ប្រហារ​ភេរវកម្ម​របស់​រុស្ស៊ី»។ ​លោក​ថ្លែង​ដូច្នេះ​ក្នុង​កិច្ច​ពិភាក្សា​ជាមួយ​មេ​ដឹកនាំ​អង្គការ​អូតង់។​

ការ​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​អគ្គ​លេខាធិការ​អង្គការ​អូតង់​ លោក ​Jens Stoltenberg ​បាន​ធ្វើ​ឡើង​មុន​កិច្ច​ប្រជុំ​កំពូល​របស់​មេដឹក​នាំ​អូតង់​នៅ​ទីក្រុង​ម៉ាឌ្រីត​ ដែល​បញ្ហា​អ៊ុយក្រែន​ត្រូវ​បាន​គេ​រំពឹង​ថា​ ​ជា​ប្រធាន​បទ​សំខាន់​នៃ​ការ​ពិភាក្សា​នោះ។​

បន្ទាប់ពី​បាន​និយាយ​ជាមួយ​លោក​ Zelenskyy ​ លោក ​Stoltenberg ​បាន​សរសេរ​តាម​Twitter ​ថា ​«នៅក្នុង​កិច្ច​ប្រជុំ​កំពូល​របស់​អង្គការ​អូតង់​របស់​យើង​ យើង​នឹង​បង្កើន​ការ​គាំទ្រ​សម្រាប់​ដៃគូ​ជិត​ស្និទ្ធ​របស់​យើង​គឺ​ អ៊ុយក្រែន ​ទាំង​ឥឡូវនេះ ​និង​ទៅមុខ​ទៀត។​ សម្ព័ន្ធ​មិត្ត​អូតង់​ឈរ​ជាមួយ​អ្នក»។​

លោក ​Stoltenberg ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​ សម្ព័ន្ធ​មិត្ត​យោធា​លោក​ខាងលិច​កំពុង​ប្រកាស​កំណើន​៧​ដង​នៃ​ចំនួន​ទាហាន​របស់​ខ្លួន​ត្រៀម​គ្រា​អាសន្ន ​គឺ​ពី​៤​ម៉ឺន​នាក់​ ទៅ​ជាង​៣០​ម៉ឺន​នាក់ ។​

ក្រុម​អ្នក​ជួយ​សង្គ្រោះ​នៅ​ភាគ​កណ្តាល​អ៊ុយក្រែន​បាន​ធ្វើការ​នៅ​ថ្ងៃ​អង្គារ​ដើម្បី​ស្វែងរក​អ្នក​នៅ​រស់​នៅ​មជ្ឈមណ្ឌល​លក់​ទំនិញ​ដែល​កង​កម្លាំង​រុស្ស៊ី​បាន​ធ្វើការ​វាយ​ប្រហារ​ដោយ​មីស៊ីល​កាលពី​ថ្ងៃ​ចន្ទ​ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​១៨​នាក់។​

លោក​ Zelenskyy ​បាន​និយាយ​ថា ​មាន​ជន​ស៊ីវិល​ជាង​១០០០​នាក់​នៅ​ក្នុង​ផ្សារ​ទំនើប​ក្នុង​ទីក្រុង​ Kremenchuk ​នៅពេល​មាន​ការ​វាយប្រហារ ​ដែល​គាត់​ហៅ​ថា ​«មាន​ការ​គិតគូរ»។​

លោក​ Zelenskyy ​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ក្នុង​សុន្ទរកថា​តាម​វីដេអូ​ពេល​យប់​ថា​ «នេះ​មិនមែន​ជា​ការ​វាយប្រហារ​ដោយ​ចៃដន្យ​នោះ​ទេ។​ នេះ​គឺ​ជា​ការវាយ​ប្រហារ​ដែល​រុស្ស៊ី​បាន​គិតគូរ​យ៉ាងពិត​ប្រាកដ​ទៅ​លើផ្សារ​ទំនើប​នេះ» ។​ លោក​បាន​បន្ថែម​ថា ​ការ​វាយ​ប្រហារ​នេះ​គឺ​ជា​«ការ​វាយ​ប្រហារ​ភេរវកម្ម​ដ៏​សាហាវ​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​អឺរ៉ុប»។​

លោក​ Zelenskyy ​បាន​និយាយ​មុន​នេះ​តាម​ Telegram ​ថា​ ចំនួន​អ្នក​ស្លាប់​គឺ​«មិន​អាច​នឹក​ស្មាន​ដល់»​ ហើយ​ថា​ ​ផ្សារ​ទំនើប​ដែល​នៅ​ក្នុង​ទីក្រុង​ចម្ងាយ​៣០០​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​រដ្ឋធានី ​កៀវ​ នេះ​«គ្មាន​គ្រោះថ្នាក់​ដល់​កងទ័ព​រុស្ស៊ី​និង​ គ្មាន​តម្លៃ​យុទ្ធសាស្ត្រ​ទេ» ។ ​

រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ លោក​ Antony Blinken ​បាន​សរសេរ​តាម​ Twitter​ ថា​ «ពិភពលោក​រន្ធត់​ចិត្ត​ចំពោះ​ការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​របស់​រុស្ស៊ី​លើ​ផ្សារ​ទំនើប​ដែល​មាន​មនុស្ស​កកកុញ​នៅ​អ៊ុយក្រែន។ ​វាជា​អំពើ​ដ៏ឃោរ​ឃៅ​បន្តបន្ទាប់

ចុង​ក្រោយ​បង្អស់។​ យើង​នឹង​បន្ត​គាំទ្រ​ដៃ​គូ​អ៊ុយក្រែន​របស់​យើង​ និង​ឱ្យ​រុស្ស៊ី​ រួមទាំង​អ្នក​ប្រព្រឹត្ត​ ទទួល​ខុស​ត្រូវ​ផងដែរ​សម្រាប់​អំពើ​ឃោរឃៅ​នេះ»។​

អ្នក​នាំពាក្យ​របស់​អង្គការ​សហ​ប្រជាជាតិ ​លោក ​Stephane Dujarric​ បាន​ហៅ​ការ​វាយ​ប្រហារ​នេះ​ថា​ ជា​រឿង​«គួរ​ឱ្យ​សោកស្តាយ»​ ហើយ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​នឹង​ជួប​ប្រជុំគ្នា​នៅ​ថ្ងៃ​អង្គារ​នេះ​ តាម​សំណើ​របស់​អ៊ុយក្រែន ​បន្ទាប់ពី​ការ​វាយ​ប្រហារ​នេះ៕​

(ព័ត៌មានខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន​The Associated Press និង Reuters)