ដើម្បីដាំម្រេះឱ្យទទួលបានទន្និផលល្អ កសិករត្រូវរៀបចំរោងដាំ និងមើលថែឱ្យបានមត់ចត់។ រូបភាព៖ Sakhon Veng

ការរៀបចំដី

កសិករត្រូវសម្អាតដីចម្ការ និងរើសស្មៅចេញឱ្យអស់ ភ្ជួរ រាស់ដីឱ្យបានម៉ដ្ឋល្អ ហើយហាលឱ្យបានពី១០ ទៅ១៥ថ្ងៃ និងភ្ជួរដីជម្រៅពី១៥ ទៅ២០ សង់ទីម៉្រែត។

ចំពោះការលើករងដាំ៖ ទទឹងរង១ម៉្រែត និងបណ្តោយទៅតាមលទ្ធភាពដី តែមិនគួរឱ្យលើសពី១៥ម៉្រែត ដែលធ្វើឱ្យពិបាកក្នុងការថែទាំ ដូចជាស្រោចទឹកដក ស្មៅជាដើម។ រីឯកម្ពស់រោង នៅរដូវប្រាំងពី២០ ទៅ៣០សង់ទីម៉្រែត និងនៅរដូរវស្សាពី៣០​ទៅ៥០ សង់ទីម៉្រែត។

ការលើករងត្រូវដាក់លាមកសត្វស្ងួត ឬជីកំប៉ុស្ត ក្នុងបរិមាណពី១ ទៅ២គីឡូក្រាម ក្នុងផ្ទៃដីរង១ម៉្រែតការ៉េ កប់ទ្រាប់បាតរង ដោយច្របល់វាឱ្យសព្វល្អជាមួយដីរង និងត្រូវគ្របរង ដើម្បីទប់ស្កាត់ការហូរច្រោះរង ការពារសំណើមដី និងកាត់បន្ថយការដុះស្មៅ។

ការធ្វើរោងរានបណ្តុះកូន

ការធ្វើរោងបណ្តុះកូនបន្លែ គឺអាចធ្វើឱ្យគ្រាប់ដុះបានល្អ កាត់បន្ថយការរលួយកូន និងអាចការពារកូនដំណាំបានពីការឆ្លងជំងឺពីសត្វល្អិតចង្រៃ។ រោងបណ្តុះកូនបន្លែ អាចធ្វើទំហំដូចជា ដំបូងសម្រាប់គ្របរាន មានកម្ពស់ពី១,៨ ទៅ២ ម៉្រែត ដើម្បីងាយស្រួលចេញចូលថែទាំកូនម្រេះ។ កម្ពស់រានពី០,៨ ទៅ១ម៉្រែត។ ត្រូវមានដំបូលការពារទឹកភ្លៀង សំណាញ់ការពារទឹកភ្លៀង និងសំណាញ់ការពារពន្លឺថ្ងៃ និងមានជញ្ជាំងធ្វើពីសំណាញ់មុង សម្រាប់ការពារសត្វល្អិត។

ការរៀបចំបណ្តុះកូ​ន

កសិករត្រូវយកដីដែលមានជីជាតិ១ភាគ លាយជាមួយជីលាមកគោស្ងួត ឬជីកំប៉ុស្ត២ភាគ និងផេះអង្គាម ពី២ទៅ៣ភាគ និងយកល្បាយ ដែលបានលាយច្របល់ហើយ ទៅលីងរហូតក្តៅសព្វទាំងអស់។

ការដែលយកលាយល្បាយដី សម្រាប់បណ្តុះកូន គឺដើម្បីគ្រាប់ងាយដុះ ឬសដុះលូតលាស់ល្អ កូនបន្លែស្រូបយកជីជាតិបានគ្រប់គ្រាន់ សម្លាប់មេរោគ ដែលបង្កឱ្យកូនបន្លែរលួយ សម្លាប់គ្រាប់ស្មៅចង្រៃ ដែលដុះដណ្តើមយកជីជាតិពីកូនបន្លែ និងសម្លាប់ពង និងសត្វល្អិតក្នុងដី ដែលបានបំផ្លាញគ្រាប់បន្លែ។

ការរៀបចំបណ្តុះកូនម្រះ

ត្រូវរៀបចំបណ្តុះគ្រាប់ ព្រមពេលជាមួយគ្នានឹងការលើករងដាំ និងការបណ្តុះកូនអាចធ្វើបាន២បែប។ បណ្តុះគ្រាប់មុន ត្រូវផ្អាប់គ្រាប់រយៈពេ១ទៅ២យប់ទើបអាចយកគ្រាប់ទៅបណ្តុះក្នុងកន្ទោង យកគ្រាប់ទៅពង្រាយដាក់ក្នុងក្រណាត់ស្បៃជក់ទឹក រួចរុំឱ្យបានហប់ល្អ និងស្រោចទឹកជារៀងរាល់ថ្ងៃឱ្យក្រណាត់ស្បៃសើម។ ជ្រើសរើសយកគ្រាប់បែកមាត់ ដាក់១គ្រាប់ ក្នុងមួយកន្ទោង ឬមួយរន្ធថាសបណ្តុះ កប់គ្រាប់ជម្រៅ១សង់ទីម៉្រែត និងរោយដីស្តើងៗពីលើវា ហើយបាញ់ទឹកលើថាសឱ្យជោគ យកកន្ទោង ឬថាសបណ្តុះដាក់គ្រាប់ហើយទៅដាក់ក្នុងរោងបណ្តុះ ហើស្រោចទឹករៀងរាល់ពេលព្រឹកឱ្យបានជោគល្មម។

ចំណែកការបណ្តុះគ្រាប់ដោយផ្ទាល់ (មិនចាំបាច់ផ្កាប់គ្រាប់) គ្រាន់តែយកគ្រាប់ចំនួន១គ្រាប់ដាក់បណ្តុះក្នុងកន្ទោង ឬ១រន្ធ ថាសបណ្ដុះ កប់គ្រាប់ជំរៅពី ១ ទៅ ២ សង់ទីម៉ែត្រហើយរោយដីស្ដើងៗពីលើវា រួចបាញ់ទឹកលើថាសឱ្យជោគ និងស្រោចទឹកឱ្យជោគ ទើបយកថាស ឬកន្ទោងដែលដាក់គ្រាប់ហើយ ទៅដាក់ក្នុងរោងបណ្តុះ។

កសិករត្រូវស្រោចទឹកវា រៀងរាល់ពេលព្រឹកឱ្យជោគ (អាចពី១ ទៅ ២ដងក្នុង ១ថ្ងៃ អាស្រ័យតាមស្ថានភាពដី) បើសិនដីស្ងួតពេក អាចធ្វើឱ្យគ្រាប់មិនដុះ។

បន្ទាប់ពីគ្រាប់ម្រះដុះបានរយៈពេលពី៣ ទៅ៤ថ្ងៃ អាចយកកូនទៅដាក់ឱ្យត្រូវពន្លឺថ្ងៃ ដើម្បីពង្រឹងកូនមុនពេលដាំ និងកាត់បន្ថយការស្រោចទឹក រយៈពេល ពី២ ទៅ ៣ថ្ងៃ មុននឹងយកកូនម្រះទៅដាំ។ កូនម្រះ អាយុបាន៧ថ្ងៃ បន្ទាប់ពីដុះគ្រាប់ អាចយកដាំបាន។

កសិករត្រូវបញ្ចូលទឹកតាមចន្លោះរង សម្រាប់រងដាំគ្របប្លាស្ទិច ឬស្រោចទឹកលើរងដែលគ្របចំបើង ។ ដាំកូនម្រះនៅពេលរសៀល ហើយរបៀបដកកូនបន្លែចេញពីថាសបណ្តុះ គឺយកម្រាម រុញបាតថាសឡើងលើ ហើយដៃម្ខាងទៀតដកកូនម្រះថ្នមៗ ដើម្បីកុំឱ្យដាច់ឬសកូនម្រេះ។

រូបភាព៖ ដកស្រង់ពី សៀវភៅណែនាំបច្ចេកទេសស្តីពីដំណាំបន្លែ រៀបចំដោយនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម

ការថែទាំ

ពូជម្រះបង្កាត់ (អីប្រ៊ីដ) ត្រូវដាក់ជីគីមី និងស្រោចទឹកឱ្យទៀងទាត់ទើបផ្តល់ផ្លែផ្កា បានច្រើន។ ពេលវេលា និងបរិមាណជីត្រូវដាក់ គឺ អាស្រ័យទៅតាមប្រភេទដី។ ដាក់ជីបំប៉នចន្លោះពី ៧ ទៅ ១៥ថ្ងៃម្តង បន្ទាប់ពីដាំកូនបន្លែហើយគឺអាស្រ័យតាមប្រភេទដី។ ចំពោះដីខ្សាច់ ត្រូវដាក់ជីឱ្យញឹកញាប់ តែបរិមាណតិចជាងដីមានល្បាយច្រើនជាងខ្សាច់។ ដាក់ជីហើយ ត្រូវស្រោចទឹក ដោយបញ្ចូលតាមចន្លោះរង ។

ក្រោយពីដាំម្រះបានពី១៥ ទៅ ២០ថ្ងៃ យើងអាចកាត់ខ្នែង ដែលបែកចេញពីដើមមេ ។ រក្សាតែដើមមេមួយប៉ុណ្ណោះ រហូតដល់ដើមមេ មានកំពស់ ពី៧០ ទៅ១០០សង់ទីម៉ែត្រ ទើបយើងអាចរក្សាទុកខ្នែងបាន ។ យើងអាចកាត់ខ្នែង រៀងរាល់៧ថ្ងៃម្តង។ ផលប្រយោជន៍កាត់ខ្នែងខាងក្រោមៗចេញ គឺ ធ្វើឱ្យដើមមេ ដុះលូតលាស់បានលឿន ផ្តល់ផ្លែបានធំស្មើ។

ត្រូវជំរះស្មៅឱ្យបានស្អាត ទោះបីជារងគ្របចំបើង ឬ ប្លាស្ទិចគ្របដីក៏ដោយ ។ ស្មៅនៅតាមចន្លោះរង ត្រូវដកចេញ ពីព្រោះវាជាជម្រកសត្វល្អិតចង្រៃបំផ្លាញ ហើយក៏ជាភ្នាក់ងារចំលងជំងឺដល់ដំណាំ ផងដែរ។

ជំងឺ

ជំងឺទុំលឿងស្លឹក៖ ដើមម្រះ ដែលបានកាត់ខ្នែងផ្នែកក្រោមៗ ចោលវាកើតមានលើស្លឹកដែលយើងអាចសង្កេតឃើញមានចំណុចអុច ពណ៌លឿងរាងជ្រុង ហើយដុំពណ៌នេះប្រែ

ជាពណ៌ត្នោត។ នៅពីក្រោមផ្ទៃស្លឹកមានដុំជាំស្លឹករាងជ្រុងៗ។

វិធានការការពារ និងកំចាត់

បេះស្លឹកជំងឺចេញ ពីដើម ដោយដៃ ឬឧបករណ៍សម្រាប់កាត់ បាញ់ថ្នាំមេតាឡាក់ស៊ីស ដោយឆ្លាស់គ្នាជាមួយថ្នាំម៉ង់កូហ្សេបនៅពេលល្ងាច និងកុំស្រោចទឹកជោគជាំពេក។

ការប្រមូលផល

ត្រូវបេះផ្លែម្រេះទៅតាមតម្រូវការទីផ្សារ ត្រូវបេះនៅពេលព្រឹក ដោយប្រើកន្ត្រៃកាត់ទង បេះផ្លែដាក់ក្នុងសម្ភារ ដែលមានផ្ទៃរលោងដើម្បីជៀសវាងកកិត និងជាំផ្លែ។

ដើម្បីរក្សាគុណភាពបន្លែបានល្អ និងលក់បានថ្លៃកសិករត្រូវ ធ្វើចំណាត់ថ្នាក់គុណភាពម្រេះជាលេខ១,២,៣ ច្រកម្រេះក្នុងថង់ ដែលមានបរិមាណសមស្រប និងមានគុណភាព។ ថង់ត្រូវចោះរន្ធតូចៗ​ ដើម្បីឱ្យខ្យល់ចេញចូលបាន កុំឱ្យស្លោកផ្លែម្រេះ និងជៀសវាងច្រកបន្លែច្រើនហួសបរិមាណ ហើយហាមប្រើប្រាស់សម្ភារគ្មានខ្យល់ចេញចូល ព្រោះវាធ្វើឱ្យខូចគុណភាពផ្លែម្រេះ៕

កសិករធ្វើចំណាំត់ថ្នាក់ម្រេះ ដើម្បីលក់ទទួលបានតម្លៃខ្ពស់។រូបភាព៖ សៀវភៅណែនាំបច្ចេកទេសស្តីពីដំណាំបន្លែ រៀបចំដោយនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម

ប្រភព៖ សៀវភៅណែនាំបច្ចេកទេសស្តីពីដំណាំបន្លែ រៀបចំដោយនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយគម្រោងបច្ចេកវិទ្យា ដើម្បីបង្កើនផលិតភាពជុំវិញតំបន់ទន្លេសាប