រូបឯកសារ៖ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Puin ចូលរួមពិធីបុណ្យសាសនាគ្រិស្ត Easter និកាយ Orthodox នៅព្រះវិហារ Savior Cathedral នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២២។

ប្រទេស​រុស្ស៊ី​កាល​នៅ​ថ្ងៃ​អាទិត្យ​រំកិល​កាន់តែ​ជិត​ដល់​ការ​ខកខាន​ក្នុង​ការ​សង​បំណុល​អន្តរជាតិ​ជា​លើក​ដំបូង​ក្នុង​សតវត្សរ៍​ចុង​ក្រោយ​នេះ។​

ការ​ប្រាក់​សរុប​ដល់​ទៅ​១០០​លាន​ដុល្លារ​ចេញ​សម្រាប់​ភាគហ៊ុន​រដ្ឋ​ត្រូវ​ដល់​ថ្ងៃ​បង់​ដំបូង​កាល​ពី​ថ្ងៃ​ទី​២៧ ​ខែ​ឧសភា ​តែ​ពេល​នេះ​រុស្ស៊ី​ស្ថិត​ក្នុង​រយៈ​ពេល​អនុគ្រោះ​៣០​ថ្ងៃ។​

រុស្ស៊ី​ប្រឈម​នឹង​ការ​ខកខាន​សង​បំណុល​គឺ​ដោយ​សារការ​រឹតបន្តឹង​លើ​សកម្មភាព​ហិរញ្ញ​វត្ថុ​របស់​ខ្លួន​ទាក់ទង​នឹង​ទណ្ឌកម្ម​ដែល​ជាការ​ឆ្លើយ​តប​ប្រឆាំង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​ចាប់​ផ្តើម​កាលពី​ចុង​ខែ​កុម្ភ:។​

កងទាហាន​រុស្ស៊ី​បាន​វាយ​ប្រហារ​ថ្មីៗ​ដោយ​កាំជ្រួច​កាលពី​ថ្ងៃ​អាទិត្យ​លើ​ទីក្រុង​ធំៗ​បង្អស់​ចំនួន​ពីរ​េបស់​ប្រទេស​អ៊ុយក្រែន​គឺ​រដ្ឋធានី ​កៀវ​ និង​ទីក្រុង ​Kharkiv។​

លោក​ Vitali Klitschko ​អភិបាល​ក្រុង​កៀវ​បាន​និយាយ​ថា​ យ៉ាង​ហោចណាស់​អគារ​លំនៅដ្ឋាន​ចំនួន​២​ក្នុង​ទីក្រុង​នេះ​ត្រូវ​បាន​វាយ​ប្រហារ​ ធ្វើ​ឱ្យ​មនុស្សស្លាប់​យ៉ាងតិច​ម្នាក់​ និង​៤នាក់​រង​របួស។​

រុស្ស៊ី​បង្កើន​ការ​ប្រើប្រាស់​កាំជ្រួច​រត់​តាម​គន្លង​បញ្ជា​ វាយ​ប្រហារ​លើ​គោលដៅ​ពាសពេញ​ភាគ​ពាយព្យ​ប្រទេស​អ៊ុយក្រែន ​គឺ​នៅ​ចំ​ពេល​ប្រទេស​មាន​ឧស្សាហ​កម្ម​ជឿនលឿន​ G-7​ធ្វើ​កិច្ច​ប្រជុំ​កំពូល​ ផ្តោត​លើ​បញ្ហា​រុស្ស៊ី​ឈ្លាន​ពាន​អ៊ុយក្រែន។​

ប្រធានាធិបតី​អាមេរិក ​លោក​Joe Biden ​មាន​ប្រសាសន៍​ថា ​ប្រទេស​មាន​ឧស្សាហកម្ម​ជឿនលឿន​ G-7 ​ផ្សេង​ទៀត​នឹង​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ការនាំ​មាស​ចូល​ពី​រុស្ស៊ី​ ដែល​នេះ​គឺ​ជា​ទណ្ឌកម្ម​ចុង​ក្រោយ​លើ​ប្រទេស​រុស្ស៊ី ​ក្នុង​ការ​ឆ្លើយតប​ចំពោះ​ការ​ឈ្លានពាន​អ៊ុយក្រែន​រយៈ​ពេល​៥​ខែនេះ៕