
ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជាបានប្រកាសនៅថ្ងៃទី ២៧ មិថុនាថា ខ្លួនទើបតែទទួលបានវិញ្ញាបនបត្រទទួលស្គាល់ស្តង់ដារសុវត្ថិភាពទិន្នន័យ PCI-DSS កម្រិត ៣-២-១ និងវិញ្ញាបនបត្រទទួលស្គាល់លេខអត្តសញ្ញាណផ្ទាល់ខ្លួន PCI-PIN កម្រិត ៣.១ ពីក្រុមហ៊ុន Control Case សហរដ្ឋអាមេរិកដែលធ្វើឱ្យធនាគារ ស្ថាបនា ក្លាយជាធនាគារដែលមានសុវត្ថិភាពខ្ពស់ និងគួរឱ្យទុកចិត្តជាងគេនៅកម្ពុជា។
នៅខែមេសា ឆ្នាំ២០២២ ធនាគារ ស្ថាបនា ទទួលបានវិញ្ញាបនបត្រ PCI-DSS ក្រោយពីបានបំពេញតាមលក្ខខណ្ឌនៃស្តង់ដារសុវត្ថិភាពទិន្នន័យ PCI-DSS កម្រិត ៣-២-១។
នៅក្នុងខែឧសភា ឆ្នាំ២០២២ ធនាគារ ស្ថាបនា ទទួលវិញ្ញាបនបត្រមួយទៀត PCI PIN ក្រោយពីបានបំពេញតាមលក្ខខណ្ឌស្ដង់ដារសុវត្ថិភាពនៃលេខអត្តសញ្ញាណផ្ទាល់ខ្លួន PCI PIN កម្រិត៣.១។
លោក Fung Kai Jin ប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា ថ្លែងថា ក្នុងនាមជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា យើងចាត់ទុកសុវត្ថិភាព គឺជាចំនុចដ៏សំខាន់បំផុត។ ការវាយតម្លៃទទួលស្គាល់នេះមានសារៈសំខាន់ណាស់សម្រាប់យើងក្នុងការពង្រឹងសុវត្ថិភាពធនាគារ និងការពារអតិថិជនរបស់យើង។
លោកថ្លែងដូច្នេះថា៖«យើងមានមោទនភាពជាខ្លាំង ដែលទទួលបានវិញ្ញាបនបត្រទទួលស្គាល់ដោយស្ថាប័នអន្តរជាតិ ដែលបញ្ជាក់យ៉ាងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងពង្រឹងសុវត្ថិភាពទិន្នន័យអ្នកកាន់ប័ណ្ណ ការពារលេខកូដសម្ងាត់របស់អតិថិជន និងកសាងទំនុកចិត្តអតិថិជន»។
លោកបានបន្ថែមថា៖ «សមិទ្ធផលនេះ គឺមិនអាចកើតមានឡើង ប្រសិនបើគ្មានការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងយ៉ាងមុតមាំរបស់បុគ្គលិកទាំងអស់ ជាពិសេសបុគ្គលិកផ្នែកសន្តិសុខព័ត៌មានវិទ្យា ដែលបានខិតខំបំពេញតាមលក្ខខណ្ឌចាំបាច់ដើម្បីធ្វើឱ្យសេវាទូទាត់កាតរបស់យើងកាន់តែល្អប្រសើរឡើង និងទទួលបានទំនុកចិត្តខ្ពស់ពីសំណាក់អតិថិជន និងសាធារណជន»។
លោក Suresh Dadlani នាយកក្រុមហ៊ុន Control Case International Pvt. Ltd បានឲ្យដឹងថា ControlCase មានមោទនភាពយ៉ាងខ្លាំងដែលបានសហការ និងបានជូនដល់ធនាគារ ស្ថាបនា នូវវិញ្ញាបនបត្រ PCI-DSS កម្រិត ៣-២-១ ក្នុងរយៈពេលក្រោម៨ខែ និងវិញ្ញាបនបត្រ PCI PIN កម្រិត ៣.១ ក្នុងរយៈពេលប្រមាណជា៩ខែ។
លោកបានបន្ថែមថា៖«កិច្ចការនេះអាចធ្វើទៅបាន ដោយសារតែមានការប្តេជ្ញាចិត្តនិងការសម្រេចចិត្តទាន់ពេលវេលាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដោយមានការគាំទ្រពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមយ៉ាងសកម្មជាមួយការអនុវត្តគម្រោងទាំងពីរនេះ»។
PCI-DSS កម្រិត១ គឺជាលក្ខខណ្ឌតម្រូវដែលបានរចនាឡើង ដើម្បីធានាបាននូវកម្រិតសុវត្ថិភាពខ្ពស់បំផុតសម្រាប់អាជីវកម្ម ដែលរក្សាទុក បញ្ជូន ឬដំណើរការទិន្នន័យកាតឥណទាន។ វាជាកាតព្វកិច្ចសម្រាប់ក្រុមហ៊ុនទាំងអស់ ដែលត្រូវរក្សាទុកទិន្នន័យកាតនៅក្នុងប្រព័ន្ធរបស់ពួកគេ និងក្រុមហ៊ុនទាំងអស់ដែលផ្តល់សេវាកម្មដល់ក្រុមហ៊ុនផ្សេងទៀតក្នុងនាមជាអ្នកផ្តល់សេវា។
PCI-PIN កម្រិត ៣.១ គឺជាតម្រូវការផ្នែកសុវត្ថិភាព និងការវាយតម្លៃចំពោះពាណិជ្ជករ ដែលទទួលយក ដំណើរការ ឬបញ្ជូនលេខអត្តសញ្ញាណប័ណ្ណទូទាត់ផ្ទាល់ខ្លួន (PIN)។
ស្ដង់ដារសុវត្ថិភាព PCI DSS និង PCI-PINត្រូវបានបង្កើតឡើង ជាមួយនឹងវិធានការសុវត្ថិភាពដែលបានព្រមព្រៀងជាសាកល ដោយធានាបាននូវសុវត្ថិភាពទិន្នន័យ និងទំនុកចិត្តរបស់ម្ចាស់ប័ណ្ណ។ វាផ្ដល់នូវខ្សែបន្ទាត់មូលដ្ឋាន មិនត្រឹមតែធានាបាននូវតម្រូវការបច្ចេកទេស និងប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធនាបាននូវស្ថានីយដំណើរការ និងសម្ភារៈបរិក្ខារសម្រាប់ដំណើរការកាតបង់ប្រាក់ផងដែរ។
ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២,៤ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង ៤ ០០០នាក់។
ធនាគារ ស្ថាបនា មានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាជាង ១៧០សាខា ស្ថាបនា ព្រីមារណ៍ចំនួន ៣ និងម៉ាស៊ីនអេធីអឹមជាង ២៥០៕
- ARDBចុះកិច្ចព្រមព្រៀងកម្ចីជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ៣ដើម្បីផ្តល់កម្ចីដល់កសិករខ្នាតតូច - នៅថ្ងៃទី 15/08/2022
- សណ្ឋាគារ SUN & MOON Riverside ជ្រើសរើសផ្លេតហ្វម INTELITY ដើម្បីរួមបញ្ចូលបច្ចេកវិទ្យាសម្រាប់គាំទ្រភ្ញៀវ - នៅថ្ងៃទី 15/08/2022
- បញ្ចប់កម្មវិធី CAVAC៖ ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជាប្រគល់ជំនួយរថយន្ត៤គ្រឿងដល់ក្រសួងកសិកម្ម - នៅថ្ងៃទី 13/08/2022