នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅឯគេហដ្ឋានផ្លូវការរបស់នាយករដ្ឋមន្ត្រីកាលពីថ្ងៃទី២៥កុម្ភៈ ឆ្នាំ២០២២ នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។ រូបភាព៖ Reuters

រុស្ស៊ី​បាន​សន្យា​នៅ​ថ្ងៃ​ចន្ទនេះ ថានឹង​វាយបកទៅប្រទេស​ជប៉ុនវិញ ​តាមរយៈ​វិធានការ​តបត ​ចំពោះការរ​ដាក់​ទណ្ឌកម្ម​របស់​ក្រុង​តូក្យូ​ប្រឆាំង​នឹង​ក្រុង​ម៉ូស្គូ​ ដែលចូល​ឈ្លានពាន​អ៊ុយក្រែន។

ប្រទេសជប៉ុនបានចូលរួមជាមួយប្រទេសលោកខាងលិច ក្នុងការឆ្លើយតបទៅរុស្ស៊ី តាមរយៈកញ្ចប់ទណ្ឌកម្មថ្មីដែលមិនធ្លាប់មានពីមុនមកក្នុងរយៈពេល៤ខែ ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន។

នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានប្រកាសពីវិធានការចុងក្រោយរបស់ទីក្រុងតូក្យូនេះ នៅដើមថ្ងៃចន្ទនេះ ក្នុងនោះរួមមានការហាមប្រាមការនាំចូលមាសរបស់រុស្ស៊ី ការបង្កកទ្រព្យសម្បត្តិថ្មី និងការហាមឃាត់ការនាំចេញ សម្រាប់បុគ្គល និងក្រុមហ៊ុនរុស្ស៊ីមួយចំនួន។

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសជប៉ុនបានថ្កោលទោសចំពោះការដាក់ទណ្ឌកម្មនេះ ហើយបានស្ដីបន្ទោសទីក្រុងតូក្យូ ថាបានបំផ្លាញទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Mikhail Galuzin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ស្ថានទូតថា ទណ្ឌកម្មនេះគឺមើលឃើញខ្លី និងធ្វើឱ្យប៉ះពាល់ដល់ប្រទេសជប៉ុនផ្ទាល់ ជាពិសេសសហគមន៍អាជីវកម្ម” ។

លោកបានបន្ថែមថា ការធ្វើសកម្មភាពបែបនេះនៅក្នុងគោលនយោបាយអរិភាពប្រឆាំងរុស្ស៊ី នឹងត្រូវបានយកមកពិចារណាដោយរុស្ស៊ីក្នុងវិធីសាស្រ្តនាពេលអនាគតរបស់រុស្ស៊ីចំពោះប្រទេសជប៉ុន ហើយនឹងមិនទទួលបានចម្លើយទេ។

ប្រទេសរុស្ស៊ីបានឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មដ៏ខ្លាំងក្លារបស់ក្រុមបស្ចិមប្រទេសរួចហើយ រួមទាំងការហាមប្រាមអ្នកសារព័ត៌មាន អ្នកនយោបាយ និងឥស្សរជនពាណិជ្ជកម្មមកពីសហរដ្ឋអាមេរិក អង់គ្លេស និងកាណាដា ចូលទៅក្នុងទឹកដីរបស់ខ្លួន៕