បុរសម្នាក់កំពុងដេកលើចិញ្ចើមផ្លូវ ដើម្បីរង់ចាំទៅទិញប្រេងពីស្ថានីយ៍ នៅថ្ងៃទី១១មិថុនា ឆ្នាំ២០២២។ រូបភាព៖ Reuters

រដ្ឋាភិបាលស្រីលង្កាបានអំពាវនាវឱ្យមន្រ្តីរាជការ ធ្វើការពីផ្ទះ និងបានសម្រេចឱ្យសាលារៀននៅរដ្ឋធានីកូឡាំបូ(Colombo) និងតំបន់នៅជុំវិញរដ្ឋធានីនេះ ត្រូវបិទទ្វារមួយសប្ដាហ៍ ខណៈនៅថ្ងៃចន្ទនេះ កងទ័ពស្រីលង្កាបានចែកសញ្ញាសម្គាល់សម្រាប់ចូលទៅទិញប្រេងសាំងតាមលេខរៀង ទៅដល់ពលរដ្ឋដែលបន្តតម្រង់ជួរគ្នានៅតាមស្ថានីយ៍ប្រេងឥន្ធនៈ ចំពេលមានការខ្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរ។

ពលរដ្ឋខ្លះដែលទទួលបានលេខសម្គាល់ចូលទៅទិញប្រេងសាំងនៅតាមស្ថានីយ៍ប្រេងឥន្ធនៈបានលើកឡើងថា ពួកគាត់ត្រូវរង់ចាំរហូត៤ថ្ងៃទម្រាំទទួលបានប្រេងឥន្ធនៈ ហើយក្នុងអំឡុងពេលរង់ចាំនោះ ពុំបានដេកឬទទួលទានអាហារបានត្រឹមត្រូវឡើយ និងថែមទាំងខាតពេលចេញទៅរកប្រាក់សម្រាប់ផ្គត់ផ្គង់គ្រួសារ។

ការតម្រង់ជួរគ្នានៅតាមស្ថានីយ៍ប្រេងឥន្ធនៈដើម្បីរង់ចាំទិញប្រេងសាំង គឺបានកើនឡើងយ៉ាងឆាប់រហ័សចាប់តាំងពីសប្តាហ៍មុន នៅក្នុងប្រទេសស្រីលង្កា។ គែ​មិន​ទាន់​ដឹង​ច្បាស់​ថា តើ​រដ្ឋាភិបាលស្រីលង្កា ​អាចមានប្រេងស្ដុកទុក ប្រើប្រាស់​​ដល់​កម្រិត​ណា​នោះ​ទេ។

រដ្ឋមន្ត្រីក្រសួងថាមពល លោក Kanchana Wijesekera បាននិយាយកាលពីថ្ងៃអាទិត្យថា ឃ្លាំងស្តុកទុកប្រេងម៉ាស៊ូតមានប្រហែល៩ពាន់តោន និងប្រេងឥន្ធនៈ៦ពាន់តោន ប៉ុន្តែមិនមានការដឹកជញ្ជូនថ្មីបានមកដល់តាមពេលកំណត់នោះទេ។ ប្រេងឥន្ធនៈដែលស្ដុកទុកនេះ គឺសម្រាប់បែងចែកជាអាទិភាព សម្រាប់ការដឹកជញ្ជូនសាធារណៈ ការផលិតថាមពល និងសេវាវេជ្ជសាស្រ្ដ រួមទាំងមួយចំណែកសម្រាប់បែងចែកទៅកំពង់ផែនិងព្រលានយន្តហោះ។

ដើម្បីដោះស្រាយបញ្ហាខ្វះប្រេងឥន្ធនៈនេះ ស្រីលង្កាបានបញ្ជូនក្រុមរដ្ឋមន្រ្តី ទៅប្រទេសរុស្ស៊ីនិងប្រទេសកាតា ដើម្បីសុំចរចាទិញប្រេងក្នុងតម្លៃថោក យកមកប្រើប្រាស់៕