កុមារកំពុងងូតទឹកនៅតាមតំបន់ជនបទ។ រូបភាព៖UNICEF Cambodia/2019/Fani Llaurado

មន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា ការអនុវត្តផែនការសកម្មភាពជាតិលើកទី២ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៅមានប្រឈមបញ្ហាមួយចំនួន ដូចជា ការផ្តល់សេវាកម្មទឹកស្អាត អនាម័យ មិនទាន់មានភាពស្មើរគ្នា និងចំណេះដឹងមន្ត្រីថ្នាក់ក្រោមជាតិ នៅមានកម្រិតទាក់ទងនឹងទឹកស្អាត និងអនាម័យ។

ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងនៅក្នងវគ្គបណ្តុះបណ្តាលស្តីពីការយល់ដឹងអំពីសមភាពយេនឌ័រ និងទឹកស្អាតនិងអនាម័យ ប្រកបដោយបរិយាប័ន្ន ក្នុងប្រព័ន្ធផ្សព្វផ្សាយទឹកស្អាត និងអនាម័យដែល​មាន​រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ ថ្ងៃទី២៦ ខែមិថុនា។

លោក ខុន លីដូ អនុប្រធាននាយកដ្ឋានថែទាំសុខភាពជនបទនៃក្រសួងអភិវឌ្ឍជនបទ មានប្រសាសន៍ថា ផែនការសកម្មភាពជាតិលើកទី២ ស្តីពីការផ្គត់ផ្គង់ទឹកសម្អាត និងអនាម័យជនបទ ដែលមានរយៈពេល៥ឆ្នាំ(២០១៩ – ២០២៣)បានបង្កើតក្រុមការងារបច្ចេកទេសស្តីពីទឹកស្អាត និងអនាម័យ ដើម្បីជំរុញការអនុវត្តផែនការនេះឱ្យមានប្រសិទ្ធភាព និងឆ្លើយតបបញ្ហាប្រឈមក្នុងវិស័យទឹកស្អាត និងអនាម័យ។

លោកបន្តថា គោលដៅយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលបានកំណត់ថា ការអនុវត្តផែនសកម្មភាពជាតិលើកទី២នេះ ត្រូវអនុវត្តប្រកបដោយបរិយាប័ន្ន និងនិរន្តភាព។

លោកថ្លែងដូច្នេះថា៖«បរិយាប័ន្នហ្នឹងមានន័យថា គ្រប់ប្រជាជនគ្រប់រូប មានន័យថា ទាំងអ្នកល្អ អ្នកពិការដៃ ពិការជើង ស្ត្រីមេម៉ាយ ចាស់ជរា កូនក្មេងតូចក៏យើងគិតដែរ ត្រូវធ្វើម៉េចឱ្យអនាម័យទៅដល់ពួកគាត់។ មានន័យថា យើងឱ្យគាត់ទទួលបានសេវាទឹកស្អាត និងអនាម័យហ្នឹង វាជាអទិភាពមួយសម្រាប់ការផ្សព្វផ្សាយនៅទីជនបទដែរ ព្រោះនៅទីក្រុងយើងឃើញមានបង្គន់គ្រប់កន្លែង នៅខេត្តអត់ច្រើន»។

លោកបន្ថែមថា ការអនុវត្តផែនការលើកទី២នេះ វិស័យទឹកស្អាត និងអនាម័យ មានការរីកច្រើនខ្លាំង ព្រោះប្រជាពលរដ្ឋមួយចំនួនយល់ដឹងពីបញ្ហាទឹកស្អាត និងអនាម័យ ប៉ុន្តែក្នុងនោះក៏មានបញ្ហាប្រឈមផងដែរ ដូចជាការផ្តល់សេវាកម្មអនាម័យ និងទឹកស្អាត មិនទាន់មានភាពស្មើគ្នា។

លោកថ្លែងដូច្នេះថា៖«ដូចលើកឡើងខាងលើ បរិយាប័ន្នមានន័យថា ត្រូវគិតត្រូវគិតទាំងអស់គ្នា(ផ្តល់ទឹកស្អាត និងអនាម័យ) ប៉ុន្តែជាក់ស្តែងមិនបានដូចនិយាយ មានន័យថា អ្នកពិការត្រូវទុកមួយឡែកសិន មិនទាន់ដោះស្រាយត្រូវទុកចោលសិន ដូច្នេះចំណុចនេះជា បញ្ហា»។

លោក ខុន លីដូ អនុប្រធាននាយកដ្ឋានថែទាំសុខភាពជនបទនៃក្រសួងអភិវឌ្ឍជនបទ ។ រូបភាព៖ សឹម សល់ម៉ា

ចំណែកបញ្ហាមួយទៀត លោកថា ការពង្រឹងសមត្ថភាពរបស់ស្ថាប័នថ្នាក់ក្រោមជាតិក្នុងការធ្វើផែនការទឹកស្អាត និងអនាម័យ នៅមានកម្រិត ព្រោះមន្ត្រីថ្នាក់ក្រោមជាតិនៅខ្វះចំណេះដឹងទាក់ទងនឹងការសរសេរផែនការទឹកស្អាត និងអនាម័យ។

ជាមួយគ្នានេះដែរ លោក លីដូ បានបញ្ជាក់ថា ការចូលរួមលើកកម្ពស់អនាម័យ ទឹកស្អាតប្រកប ដោយបរិយាប័ន្នទាមទារឱ្យមានការចូលរួមពីអ្នកពាក់ព័ន្ធផ្សេងទៀត ពិសេសការចូលរួមផ្សព្វផ្សាយអ្នកសារព័ត៌មាន ដើម្បីសម្រេចបានតាមផែនការសកម្មភាពជាតិលើកទី២ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ (២០១៩ – ២០២៣) ដែលពលរដ្ឋគ្រប់រូបត្រូវទទួលបានសេវាទឹកស្អាត  និងអនាម័យ ។

លោកស្រី ផេង ប៉ារូហ្សីន ប្រធានគម្រោងនៃអង្គការ WaterAid កម្ពុជា បានលើកឡើងថា ការគិតគូរដល់សមធម៌ និងបរិយាប័ន្ននៅក្នុងវិស័យទឹក ស្អាត និងអនាម័យ ត្រូវគិតដល់ក្រុមគោល​ដៅមួយចំនួន ដូចជា ជនមានពិការភាព ចាស់ជរា ជនជាតិដើមភាគតិច អ្នកជំងឺរ៉ាំរៃ អ្នករស់នៅតំបន់ដាច់ស្រយាល អ្នករស់នៅសំណង់អាណាធិបតេយ្យ កម្មកររោងចក្រ កម្មករឡឥដ្ឋ កម្មករសំណង់ និងក្រុមកម្មករការងារប្រព័ន្ធលូជាដើម ។

លោកស្រី ថ្លែងដូច្នេះថា៖«សមធម៌ និងបរិយាប័ន្ននៅក្នុងវិស័យទឹកស្អាត និងអនាម័យ ជាចំណែកមួយជំរុញឱ្យប្រជាជនគ្រប់រូបមានលទ្ធភាពទទួលបានទឹកស្អាត និងអនាម័យស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព» ។

លោកស្រី ផេង ប៉ារូហ្សីន ប្រធានគម្រោងនៃអង្គការ WaterAid ឡើងធ្វើបទបង្ហាញពីបរិយាប័ន្ន ក្នុងវិស័យទឹកស្អាត និងអនាម័យ។ រូបភាព៖ សឹម សល់ម៉ា

វគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃនេះ មានការគាំទ្រ ដោយក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការ Water Aid កម្ពុជា ក្នុងគោលបំណងឱ្យអ្នកសារព័ត៌មាន ទទួលបានការយល់ដឹងកាន់តែច្បាស់ពីមូលដ្ឋានគ្រឹះនៃទឹកស្អាត និងអនាម័យ ស្វែងយល់ពីបញ្ហាយេនឌ័រក្នុងវិស័យទឹកស្អាត និងអនាម័យ។

យោងតាមការអង្កេតប្រជាសាស្ត្រ និងសុខភាពក្នុងប្រទេសកម្ពុជា២០១៥ បានឲ្យដឹងថា សមាជិកគ្រួសារចាប់ពីអាយុ៥ឆ្នាំឡើង ចំនួន១០% មានពិការភាព យ៉ាងហោចណាស់ចំនួន១ប្រភេទ ហើយ ជំរឿនឆ្នាំ២០០៨ បានឱ្យដឹងថា ពលរដ្ឋកម្ពុជាចំនួន ៦.៣៤%មានអាយុច្រើនជាង៦០ឆ្នាំ ដោយក្រុមប្រជាជននេះកំពុងមានការកើនឡើង ហើយគេរំពឹងថានឹងមានចំនួនច្រើនជាងនេះស្ទើរតែ៣ដងនៅក្នុង រយះពេលប៉ុន្មានទសវត្សរ៍ខាងមុខ ។

ជនពិការ និងមនុស្សចាស់ជាច្រើនប្រឈមនឹងឧបសគ្គគួរឱ្យកត់សម្គាល់ នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ចំពោះការទទួលបានទឹកមានសុវត្ថិភាព និងអនាម័យមូលដ្ឋាន។

គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាមានគោលបំណងសម្រេចឲ្យបាននូវការទទួលបានទឹកស្អាត និងអនាម័យជាសកលត្រឹមឆ្នាំ២០២៥៕

រូបភាព៖ សឹម សល់ម៉ា