
សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ហ៊ែនក្រាហ្វធីត ឃែស៊ូណាត់ ស្ទឹងត្រែង( Handcrafted Cashew Nuts Stung Treng) មានទីតាំងស្ថិតនៅស្រុកសៀមបូក ស្ទឹងត្រែង គ្រោងដាក់ឲ្យដំណើរការរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅចុងខែកក្កដា ឆ្នាំ២០២២ ដើម្បីបំពេញតម្រូវការនាំចេញទៅទីផ្សារអន្តរជាតិ។

កញ្ញា សឿន សុទ្ធនីតា អ្នកគ្រប់គ្រងអភិវឌ្ឍន៍អាជីវកម្មនៃសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីស្ទឹងត្រែង ប្រាប់ខ្មែរណាស់នៅថ្ងៃចន្ទនេះថា រោងចក្រនេះមានសមត្ថភាពផលិតបាន១៥ តោនក្នុង១ខែដោយដំណើរការសាងសង់សម្រេចបានប្រមាណ ៩០% ដែលនឹងដំណើរការនៅចុងខែកក្កដា ខាងមុខនេះ។
កញ្ញា សុទ្ធនីតា ថ្លែងដូច្នេះថា៖«នៅពេលរោងចក្រនេះរួចរាល់ យើងអាចនាំចេញជាលើកដំបូងចំនួន ១កុងតឺន័រទៅកាន់ទីផ្សារអន្តរជាតិ។ប្រសិនបើមានតម្រូវការច្រើន ដូច្នេះយើងនឹងបង្កើនការនាំចេញកាន់តែច្រើនទៅតាមតម្រូវការទីផ្សារ។
កញ្ញា បានឲ្យដឹងថា សព្វថ្ងៃ សិប្បកម្មនេះបាននាំចេញទៅទីផ្សារអាមេរិកលើកដំបូងក្នុងបរិមាណតិចតួចនៅឡើយតាមរយៈដៃគូនៅទីនោះ។
កញ្ញា ថ្លែងទៀតថា៖«យើងបានផ្ញើផលិតគំរូទៅកាន់ទីផ្សារប្រទេសជាច្រើន ដូចជា កូរ៉េខាងត្បូង អាល្លឺម៉ង់ អង់គ្លេង តួគី អាមេរិក ប៉ទុយហ្គាល សិង្ហបុរី និងជប៉ុន ជាដើម។ គេកំពុងរងចាំយើងដំឡើងរោងចក្រដែលមានម៉ាស៊ីនកែច្នៃគ្រាប់ស្វាយចន្ទីធំរួចរាល់សិន ព្រោះឥឡូវយើងនៅប្រើប្រាស់ម៉ាស៊ីនតូចនៅឡើយ»។
ផលិតផលស្វាយចន្ទី៥ រសជាតិ មានដូចជារសជាតិឈើអែម រសជាតិ Milk Cream រសជាតិហិរ រសជាតិអំបិល និងរសជាតិតុងយ៉ាំ។

កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២២ សិប្បកម្មនេះ បានចូលរួមតាំងពិព៌រណ៍ផលិតផលនៅក្នុងកម្មវិធីសម្ពោធម៉ាកសមូហភាពអង្ករក្រអូប០១ និងអង្ករដំណើបស្បៃមង្គល នៅរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយពីផលិតផលរបស់យើងទៅកាន់សាធារណជន។
កម្មវិធីនេះ ប្រព្រឹតិ្តទៅក្រោមអធីបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។
កញ្ញាថា៖«ឯកឧត្តម រដ្ឋមន្រ្តីបានភ្លក់គ្រាប់ស្វាយចន្ទីរបស់ខ្ញុំដោយបានសរសើរថាមានរសជាតិឆ្ងាញ់ប្លែកខុសពីគ្រាប់ស្វាយចន្ទីគេផ្សេងៗដូចជា រស់ជាតិ ឈើអែម ហើយគាត់ថាគ្រាប់ស្វាយចន្ទីយើងធំល្អ។ គាត់លើកចិត្តឲ្យខិតខំប្រឹងប្រែងបន្តទៀតព្រោះរសជាតិគ្រាប់ស្វាយចន្ទីនឹងអាចដើរទៅមុខបានល្អ»។
នៅកម្ពុជាមានក្រុមហ៊ុន រោងចក្រ សហគ្រាស សិប្បកម្មកែច្នៃស្វាយចន្ទីចំនួន១៧កន្លែង ក្នុងនោះមានរោងចក្រខ្នាតធំចំនួន៤នៅខេត្តព្រះវិហារ ខេត្តត្បូងឃ្មុំ ខេត្តរតនគិរី និងខេត្តសៀមរាប។នេះបើតាម លោក អួន ស៊ីឡត ប្រធានសមាគមស្វាយចន្ទីកម្ពុជា។
យោងតាមរបាយការណ៍ពីក្រសួងកសិកម្ម បង្ហាញថា ក្នុងឆ្នាំ២០២១ ផលិតកម្មដំណាំកសិកម្មនៅទូទាំងប្រទេសទទួលបានសរុបជាង ៣៥ លានតោន ក្នុងនោះ ស្វាយចន្ទីផលិតបានចំនួន ៤៧២ ៦៣៦ តោន៕
- ARDBចុះកិច្ចព្រមព្រៀងកម្ចីជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ៣ដើម្បីផ្តល់កម្ចីដល់កសិករខ្នាតតូច - នៅថ្ងៃទី 15/08/2022
- សណ្ឋាគារ SUN & MOON Riverside ជ្រើសរើសផ្លេតហ្វម INTELITY ដើម្បីរួមបញ្ចូលបច្ចេកវិទ្យាសម្រាប់គាំទ្រភ្ញៀវ - នៅថ្ងៃទី 15/08/2022
- បញ្ចប់កម្មវិធី CAVAC៖ ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជាប្រគល់ជំនួយរថយន្ត៤គ្រឿងដល់ក្រសួងកសិកម្ម - នៅថ្ងៃទី 13/08/2022