លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញបានថ្លែងនៅក្នុងពិធីដុតបំផ្លាញគ្រឿងញៀននៅកោះពេជ្រកាលពីថ្ងៃទី២៦មិថុនាម្សិលមិញថា មានបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន សារធាតុគីមីផ្សំជាគ្រឿងញៀន និងសារធាតុគីមីផ្សេងទៀតចំនួន៥៥រឿង ត្រូវបានបង្ក្រាប ក្នុងនោះមានគ្រឿនញៀននិងសាធារគីមីផ្សំគ្រឿងញៀនជាង៩០តោន ប៉ុន្តែលោកប​ញ្ជាក់ថា​ តាមលក្ខណៈបច្ចេកទេស និងសុវត្ថិភាពក្នុងការបំផ្លាញចោលនេះ គណៈកម្មាការដុតបំផ្លាញគ្រឿងញៀន និងមន្ទីរពិសោធន៍ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសម្រេចបំផ្លាញគ្រឿងញៀននៅចំពោះមុខ ដោយវិធីសាស្ត្រដុតនូវសារធាតុញៀន និងសារធាតុគីមីជាង៦តោនប៉ុណ្ណោះ។

លោកបន្តថា រីឯសារធាតុញៀន សារធាតុគីមី និងសារធាតុគីមីផ្សំនៅសល់ទម្ងន់ជាង៨៣តោនទៀត ដែលជាសារធាតុរំលាយ អាស៊ីត និងគីមីពុលឆាបឆេះខ្លាំង មិនអាចធ្វើការបំផ្លាញតាមវិធីសាស្ត្រដុតបានទេ គឺ សម្រេចប្រគល់ជូនអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីបន្សាប និងបំផ្លាញចោលតាមលក្ខណៈបច្ចេកទេស នាពេលក្រោយទៀត៕