
ប្រទេសស្រីលង្កាបានប្រកាសនៅថ្ងៃអាទិត្យម្សិលមិញថា នឹងបញ្ជូនក្រុមរដ្ឋមន្ត្រីទៅប្រទេសរុស្ស៊ីនិងកាតានៅថ្ងៃចន្ទនេះ ដើម្បីព្យាយាមចរចាទិញប្រេងក្នុងតម្លៃថោក ដើម្បីដោះស្រាយបញ្ហាគ្មានប្រេងប្រើប្រាស់។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលបានបន្តបិទស្ថាប័នរដ្ឋមិនសំខាន់រយៈពេលពីរសប្តាហ៍ទៀត រហូតដល់មានការជូនដំណឹងបន្ថែម ដើម្បីសន្សំសំចៃការប្រើប្រាស់ប្រេង ដោយរក្សាតែបុគ្គលិកគ្រោងឆ្អឹងប៉ុណ្ណោះ ដើម្បីផ្តល់សេវាកម្មដល់ពលរដ្ឋ។
រដ្ឋមន្ត្រីថាមពលលោក Kanchana Wijesekera បាននិយាយថា រដ្ឋមន្ត្រីពីររូបនឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីនៅថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីការទិញប្រេងបន្ថែមទៀត បន្ទាប់ពីការទិញប្រេងឆៅស៊ីបេរីពីរុស្ស៊ីបានចំនួន៩តោនកាលពីខែមុន។
ការដឹកជញ្ជូននោះ ត្រូវបានរៀបចំតាមរយៈ Coral Energy ដែលជាអន្តរការីដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ ប៉ុន្តែអ្នកនយោបាយស្រីលង្កា បានជំរុញឱ្យអាជ្ញាធរស្រីលង្កា ធ្វើការចរចាដោយផ្ទាល់ជាមួយរដ្ឋាភិបាលរុស្សីរបស់លោកប្រធានាធិបតី វ្លាឌីមៀ ពូទីន ។
លោក Wijesekera បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Colombo ថា រដ្ឋមន្ត្រីពីរនាក់ទៅប្រទេសរុស្ស៊ី ហើយលោកនឹងទៅប្រទេសកាតា។ លោកក៏បានប្រកាសកាលពីថ្ងៃសៅរ៍ថា ប្រទេសស្រីលង្កាស្ទើរតែអស់សាំង និងម៉ាស៊ូត បន្ទាប់ពីការដឹកជញ្ជូនតាមកាលវិភាគជាច្រើនត្រូវបានពន្យារពេលដោយគ្មានកំណត់ដោយសារហេតុផលធនាគារ។
លោកបាននិយាយសុំទោសសម្រាប់ស្ថានភាពនេះ និងបញ្ជាក់ថា ទុនបម្រុងប្រេងឥន្ធនៈ គឺគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការបានតិចជាងពីរថ្ងៃ ហើយទុកសម្រាប់បម្រើសេវាកម្មសំខាន់ៗប៉ុណ្ណោះ។
ចាប់តាំងពីដើមឆ្នាំ២០២២ តម្លៃប្រេងម៉ាស៊ូតនៅប្រទេសស្រីលង្កា បានឡើងថ្លៃជិតបួនដង ហើយសាំងឡើងថ្លៃជិតបីដង។ ស្របពេលកំពុងធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ អង្គការសហប្រជាជាតិបានអះអាងថា ពលរដ្ឋស្រីលង្កាចំនួន១លាន៧សែននាក់ កំពុងត្រូវការជំនួយសង្គ្រោះជីវិត។
អង្គការនេះបន្តថា មនុស្សបួននាក់ក្នុងចំណោមប្រាំនាក់នៅក្នុងប្រទេសស្រីលង្កាដែលមានប្រជាជន២២លាននាក់ បានកាត់បន្ថយការទទួលទានអាហាររបស់ពួកគេដោយសារតែកង្វះខាតយ៉ាងធ្ងន់ធ្ងរ និងតម្លៃដែលហក់ឡើងខ្ពស់។ ចំណែកនាយករដ្ឋមន្ត្រីស្រីលង្កាលោក Ranil Wickremesinghe បានព្រមានសភាកាលពីថ្ងៃពុធថា ភាពលំបាកកាន់តែច្រើនកំពុងកើតមាន៕
- រដ្ឋមន្ត្រីហាមរថយន្តសង្គ្រោះឯកជន ទៅដឹកអ្នករបួសតាមដងផ្លូវ ព្រោះធ្វើឱ្យប៉ះពាល់ភាពថ្លៃថ្នូរគ្រូពេទ្យ - នៅថ្ងៃទី 15/08/2022
- មិនទាន់មានភស្ដុតាងថា ជំងឺថ្មី ឡានយ៉ា អាចចម្លងពីមនុស្សទៅមនុស្សឡើយ - នៅថ្ងៃទី 15/08/2022
- មន្រ្តី៖ កង្វះទឹកស្អាតប្រើប្រាស់របស់ពលរដ្ឋ ដោយសារការអភិវឌ្ឍរបស់ប្រទេសជាតិលឿនពេក ប៉ុន្តែរដ្ឋាភិបាលនឹងឆ្លើយតបឲ្យបាន១០០% នៅឆ្នាំ២០៣០ - នៅថ្ងៃទី 15/08/2022