រូប​ឯកសារ៖ ស្ត្រី​ម្នាក់​បើក​ហាង​នៅ​ក្នុង​សង្កាត់​ពាណិជ្ជកម្ម​ក្នុង​រាជធានី​ម៉ាឌ្រីដ​ ប្រទេស​អេស្ប៉ាញ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០២១។

រាជធានី​ម៉ាឌ្រីដ​ ប្រទេស​អេស្ប៉ាញ — 

ពណ៌​ក្រហម​នៅ​លើ​ស្លាក​សញ្ញា​ពណ៌​ត្នោត​ខ្ចី​នៅ​ខាង​ក្រៅ​ហាង La Torre ផ្សព្វផ្សាយ​ប្រភេទ​សម្លៀក​បំពាក់​ខាង​ក្នុង​ដែល​មនុស្ស​ជំនាន់​មុន​ប្រហែល​បាន​ពាក់ ភាគច្រើន​គឺ​ជា​ខោ​ទ្រនាប់ និង​ក្រវាត់​ចង្កេះ។

ហាង​នេះ ត្រូវ​បាន​គេ​ស្គាល់​ជា​ភាសា​អង់គ្លេស​ថា The Tower ហើយ​បាន​ក្លាយ​ជា​ហាង​ស្តង់ដា​មួយ​នៅ​ក្នុង​ទីក្រុង Barcelona អស់​រយៈពេល​ជាង​១២០ ឆ្នាំ​កន្លង​មក​ហើយ ដែល​អាច​រក្សា​បាន​នូវ​រូបភាព​អតីត​កាល​របស់​ទីក្រុង។

ហាង La Torre បាន​ទប់​ទល់​នឹង​ការ​ប្រកួត​ឥត​ឈប់ឈរ​របស់​ហាង Starbucks, McDonald’s និង​បណ្តាញ​សាជីវកម្ម​អន្តរជាតិ​ផ្សេង​ទៀត ដែល​អ្នក​រិះគន់​បាន​និយាយ​ថា បាន​បំផ្លាញ​ព្រលឹង​នៃ​ទី​ប្រជុំជន។

ហាង រោងកុន ឬ​បណ្ណាល័យ​ដែល​បាន​បើក​អំឡុង​ពេល​ផ្សេង​ទៀត មិន​មាន​ភ័ព្វ​សំណាង​ខ្លាំង​នោះ​ទេ ហើយ​ថែម​ទាំង​ត្រូវ​បាន​បង្ខំ​ចិត្ត​បិទ​ទ្វារ​ទៀត​ផង។

អ្នក​ធ្វើ​យុទ្ធនាការ​នៅ​ប្រទេស​អេស្ប៉ាញ​ប្តេជ្ញា​ការពារ​ទម្រង់​បេតិកភណ្ឌ​មួយ​ដែល​ពួកគេ​និយាយ​ថា​កំពុង​ស្ថិត​នៅ​ក្រោម​ការ​គំរាមកំហែង​កាន់​តែ​ខ្លាំង​ឡើង។ នោះ​គឺ ស្លាក​យីហោ​ហាង​ដែល​ផ្សាយ​ពាណិជ្ជកម្ម​អាជីវកម្ម​ខ្នាត​តូច​ដែល​ជា​រឿយៗ​បើក​ជា​លក្ខណៈ​គ្រួសារ។

ដោយ​ត្រូវ​បាន​ពណ៌នា​ដោយកាសែត ABC របស់​អេស្ប៉ាញ ថា​ជា​«តួ ​Indiana Jones នៃ​ស្លាក​យីហោ​ហាង​ដែល​បាន​បាត់​បង់» ស្លាក​យីហោ​ទាំង​នេះ​តំណាង​ឱ្យ​អ្វីៗ​គ្រប់​យ៉ាងរាប់​ចាប់​ពី​ស្លាក​សញ្ញា​រោងកុន Art Deco​ ស្លាក​សញ្ញា Buy Easy ដែល​ចាំង​ពន្លឺ​ភ្លឹបភ្លែត​បែប​បុរាណ និង​ស្លាក​សញ្ញា​ហាង​ស្បែក​ជើង​ពណ៌មាស​ជាដើម។

អ្នក​ស្ម័គ្រ​ចិត្ត​មក​ពី​បណ្តាញ Iberian ការ​ពារ​មរតក​ក្រាហ្វិក ដែល​ជា​សមូហភាព​នៃ​គម្រោង​ប្រហែល ៥០ នៅ​ទូទាំង​ប្រទេស​អេស្ប៉ាញ​បាន​និយាយ​ថា ស្លាក​សញ្ញា​ពាណិជ្ជកម្ម​នៅ​ខាង​ក្រៅ​ហាង​ដែល​បាន​កំណត់​អត្តសញ្ញាណ​ទីក្រុង ទី​ប្រជុំជន និង​ភូមិ​នានា​ជា​យូរ​មក​ហើយ​គឺជា​ផ្នែក​មួយ​នៃ​អតីតកាល​របស់​យើង ។