រូបភាព៖ កោះសន្តិភាព

ខេត្តស្វាយរៀង៖ អ្នកស្វាយរៀង នាំគ្នាមកលេងចម្ការទុរេន ដែលកសិករម្នាក់ បានដាំ លើផ្ទៃដី៤ហិកតា ហើយក៏ជាចំការទុរេន​ដំបូងគេ នៅខេត្តស្វាយរៀង ដែលពេលនេះ ចាប់ផ្តើមប្រមូលផលបណ្តើរៗហើយ។ ចំការទុរេននេះ ធ្វើឲ្យអ្នកស្រុករមាសហែក ក៏ដូចអ្នកខេត្តស្វាយរៀងដែរ បាននាំគ្នាមកកំសាន្ត ដោយមានទាំង​ចំការទុរេន ចំការក្រូច ចំការសាវម៉ៅ ចំការដូងក្រអូប ចំការត្រង៉ែន នៅក្បែរគ្នានេះ។ ចម្ការទុរេននេះ ស្ថិតនៅក្នុងភូមិបិទមាស ឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង។

លោក កុសល ដែលជាអ្នកគ្រប់គ្រងចម្ការ បានឱ្យដឹងថា ចម្ការទុរេនរបស់លោក មានផ្ទៃដីចំនួន ៤ហិកតា ដែលមាន​ដាំពូជដំណាំទុរេនពីរប្រភេទ គឺម៉ាន់ថង និងការ៉េប្រាំមួយ ( ឱខាក)។

លោក កុសល បានឱ្យដឹងទៀតថា ដំណាំទុរេន ចាប់តាំងពីដាំ រហូតមកដល់ពេលនេះ មានរយៈពេល ៦ឆ្នាំហើយ។

រូបភាព៖ កោះសន្តិភាព

លោកថា ឆ្នាំនេះ គឺជាឆ្នាំដំបូង ដែលទុរេនរបស់លោក បានចេញ​ផ្កាផ្លែ និងចាប់ផ្តើមទទួលផល​។ ​ដំណាំទុរេន គឺចាប់ផ្តើមចេញផ្កា នៅអំឡុងខែ​ធ្នូ និងអាចប្រមូល​ផល នៅខែ​មិថុនា រហូតដល់ចុងខែ​កក្កដា។ ចំពោះទំហំនៃការប្រមូលផល លោក កុសល មិនទាន់អាចវាយតម្លៃបាននៅឡើយទេ ព្រោះជាឆ្នាំដំបូង។ ប៉ុន្តែម្ចាស់​ចម្ការរូបនេះ បានលើកឡើងថា គិតមកដល់ពេលនេះ លោកអាចទទួលបានថវិកាប្រមាណ ២០លាន ទៅ ៣០លានរៀលហើយ។

ពលរដ្ឋនៅក្នុងស្រុករមាសហែកជាច្រើន កំពុងចាប់អារម្មណ៍ទៅកម្សាន្តលេងនៅចម្ការលោក កុសល ដើម្បីភ្លក់រសជាតិទុរេន និងផ្លែឈើផ្សេងៗទៀត។

លោក កុសល បានបញ្ជាក់ថា ទុរេន ទើបទទួលផលនៅចម្ការលោក មានរសជាតិឆ្ងាញ់ និងមានការកម្មង់ទិញច្រើន ពីពលរដ្ឋនៅក្នុងតំបន់។ ចំពោះតម្លៃ ក្នុងមួយគីឡូសាច់ លោកលក់តម្លៃ ៦ម៉ឺនរៀល។

លោក និយាយថា តម្លៃនេះ មិនថ្លៃនោះទេ បើប្រៀបធៀប​ទៅទុរេន ខេត្តកំពង់ចាម គេលក់ទាំងសំបក ក្នុង ១គីឡូ ២ម៉ឺនរៀល បើទុរេនខេត្តកំពតវិញ ទាំងសំបក ១គីឡូ ៣ម៉ឺនរៀល បើសាច់ ១គីឡូ ១០ម៉ឺនរៀល ទៅ ១២ម៉ឺនរៀល ហើយបើគិតជាមួយការចំណាយពេលដាំ និងមើលថែ គឺមិនសូវចំណេញទេ ដោយត្រូវចំណាយដើមទុនច្រើន។

រូបភាព៖កោះសន្តិភាព

លោកថា ដំណាំទុរេនមិនងាយស្រួលដាំ ដូចដំណាំផ្សេងនោះទេ ព្រោះវាត្រូវការទឹកសើម​(រៀបចំប្រព័ន្ធទឹក) តែបើមានទឹកដក់ច្រើននោះ ធ្វើឱ្យដើមទុរេនរលួយគល់ ខូចដើមជាក់ជាពុំខាន។ ដំណាំប្រភេទនេះ ដាំរើសដីណាស់ ចំណែកការដាក់ជី ក្នុងមួយឆ្នាំ ៣ដង ហើយត្រូវការថែទាំដិតដល់ខ្លាំង ចាប់តាំងពីយកកូនមកដាំ រហូតទទួលផល។

ក្រៅពីដំណាំទុរេន លោក កុសល ក៏មានដាំដំណាំ ដូចជា ក្រូចពោធិ៍សាត់, ត្របែក, ក្រូចថ្លុង, ដូងក្រអូប  សាវម៉ៅ និងតាង៉ែន ជាដើម ហើយក៏មានដាំដំណាំកៅស៊ូ ផងដែរ លើផ្ទៃដីសរុប ៨០ហិកតា។ ខេត្តស្វាយរៀង គឺជាខេត្តមួយ មានសក្តានុពលលើវិស័យកសិកម្ម និងកសិឧស្សាហកម្មផងដែរ៕