រដ្ឋមន្រ្តី​ការពារ​ជាតិ​ជប៉ុន លោក Nobuo Kishi ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​កាពារជាតិ​អាស៊ាន-ជប៉ុន នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០២២។ (Facebook/General Tea Banh)

ភ្នំពេញ — 

នៅ​ក្នុង​ជំនួប​មួយ​ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​កម្ពុជា ភាគី​ជប៉ុន​បាន​ប្រាប់​កម្ពុជា​ដែល​ជា​ប្រធាន​សមាគម​អាស៊ាន​ជា​មុន​ថា ​ជប៉ុន​មិន​ចង់​ឃើញ​វត្តមាន​របស់​រុស្ស៊ី​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការពារ​ជាតិ ដែល​ធ្វើ​ឡើង​ក្នុង​ប្រទេស​កម្ពុជា នា​ខែ​វិច្ឆិកា​ឡើយ។

ការ​លើក​ឡើង​របស់​រដ្ឋមន្រ្តី​ការពារ​ជាតិ​ជប៉ុន លោក Nobuo Kishi ធ្វើ​ឡើង​ក្នុង​ជំនួប​ដោយ​ផ្ទាល់​ជាមួយ​រដ្ឋមន្រ្តី​ការពារ​ជាតិ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០២២ នៅ​មុន​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាស៊ាន ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា។

សារ​ព័ត៌​មាន ​Kyodo​ ចុះ​ផ្សាយ​ថា ​លោក Kishi បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​នៃ​លទ្ធភាព​ដែល​រុស្ស៊ី​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាស៊ាន​បូក​៨​ប្រទេស នៅ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​នេះ ដែល​រួមមាន​ជប៉ុន អាមេរិក រុស្ស៊ី និង​ប្រទេស​ផ្សេង​ទៀត។ សារ​ព័ត៌មាន ​Kyodo ចុះ​ផ្សាយ​បែប​នេះ ​ដោយ​យោង​ទៅ​តាម​ប្រភព​ដែល​ខ្លួន​ទទួល​បាន ប៉ុន្តែ​មិន​បាន​បញ្ជាក់​ឈ្មោះ​របស់​ប្រភព​ឡើយ។

លោក Kishi ថ្លែង​នៅ​ចំពោះ​មុខ​រដ្ឋមន្រ្តី​ការពារ​ជាតិ​កម្ពុជា​ថា​ ប្រសិន​បើ​រុស្ស៊ី​ដែល​ឈ្លាន​ពាន​អ៊ុយក្រែន​ត្រូវ​បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ ភាគី​ជប៉ុន​នឹង​ពិចារណា​ឡើង​វិញ​ថា ​តើ​នឹង​ចូលរួម ឬ​យ៉ាងណា។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ជប៉ុន Kyodo ដដែល រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់​ បាន​ឆ្លើយ​តប​ថា​ វា​ដូច​ជា​ឆាប់​ពេក​ក្នុង​ការ​លើក​ឡើង​អំពី​ការ​ព្រួយ​បារម្ភ​នៃ​ការ​ចូលរួម​របស់​រុស្ស៊ី។ លោក​លើក​ឡើង​ថា ​ស្ថានភាព​ក្នុង​ប្រទេស​អ៊ុយ​ក្រែន​អាច​ប្រែ​ប្រួល​នៅ​ពេល​នោះ។

កិច្ច​ប្រជុំ​ដែល​ធ្វើ​ឡើង​នៅ​ខែ​វិច្ឆិកា​ខាង​មុខ មាន​សមាជិក​អាស៊ាន​ទាំង​១០​ប្រទេស បូក​នឹង​៨​ប្រទេស ដែល​រួម​មាន​អូស្រ្តាលី ចិន ឥណ្ឌា ណូវែល​សេឡង់ កូរ៉េខាង​ត្បូង ជប៉ុន អាមេរិក និង​រុស្ស៊ី។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក ទៀ បាញ់ និង​លោក ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ បាន​នៅ​ឡើយ។

អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល លោក ផៃ ស៊ីផាន ​សុំ​មិន​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ ដោយ​ស្នើ​សាក​សួរ​ក្រសួង​ការពារ​ជាតិ​វិញ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ២០២២ លោក ទៀ បាញ់ បាន​ថ្លែង​ថា​ការ​ដាក់​ទណ្ឌកម្ម​មិន​គួរ​កើត​ឡើង​ឡើយ ដោយ​សារ​វា​ប៉ះពាល់​គ្រប់​ភាគី។ លោក​ថ្លែង​បែប​នេះ​នៅ​ពេល​មាន​សំណួរ​របស់​អ្នក​សារព័ត៌មាន សាក​សួរ​អំពី​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​រុស្ស៊ី ក្នុង​សង្រ្គាម​អ៊ុយ​ក្រែន។

លោក​រដ្ឋមន្រ្តី​ថ្លែង​ថា៖ «ពេល​ដែល​ដាក់​ទៅ​លើ​គេ​ហ្នឹង​ហើយ គឺ​ច្បាស់​ណាស់ ទោស​ទាំង​នោះ​គឺ​វា​មិន​រង​តែ​អ្នក​ដែល​មាន​ទោស​ទណ្ឌកម្ម​ទេ អ្នក​ដែល​ដាក់​លើ​គេ​ហ្នឹង ក៏​រង​ដែរ»។

គួរ​បញ្ជាក់​ថា​នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការពារ​ជាតិ​របស់​អាស៊ាន​ដែល​បាន​បញ្ចប់​កាល​ពី​កន្លង​ទៅ ភាគី​កម្ពុជា​បាន​អញ្ជើញ​រដ្ឋមន្រ្តី​មីយ៉ាន់ម៉ា​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នេះ បើ​ទោះ​មាន​ការ​អំពាវនាវ​កុំ​ឲ្យ​អញ្ជើញ​ក៏​ដោយ។ រដ្ឋមន្រ្តី​ការពារ​ជាតិ លោក ទៀ បាញ់ បាន​លើក​ឡើងថា​កម្ពុជា​មិន​ទុក​រដ្ឋមន្រ្តី​ការពារ​ជាតិ​របស់​សមាជិក​សមាគម​អាស៊ាន​ណា​មួយ​ចោល​ឡើយ ហើយ​កម្ពុជាត្រូវ​បំពេញ​តួនាទី​ពេញ​លេញ​របស់​ខ្លួន​ជា​ប្រធាន​អាស៊ាន​ដែល​មាន​សមា​ជិក​ទាំង​១០​ប្រទេស៕