លោក ប៉ាន សូរសក្តិ ដើរមើល​ស្តង់ពិព័រណ៌​ផលិតផល​ខ្មែរ​ ក្នុង​ឱកាស​សម្ពោធ​ម៉ាកសមូហភាព​អង្ករ​ កាលពី​ថ្ងៃ​ទី​២៣ មិថុនា ឆ្នាំ​២០២២ នៅទីក្រុង​ភ្នំពេញ។រូបភាព៖ ធូ វិរៈ

ក្រុមហ៊ុន ប៊ីយ៉ន់ រីថេលប៊ីស្សនេស​ (ខេមបូឌា)​ ឯ.ក(Beyon Retial Business Cambodia- BRB)ដែល​មាន​ការិយាល័យ​កណ្តាលនៅខេត្ត​សៀមរាប​កំពុង​ជួយ​លើកម្ពស់​ផលិត​ផល​ធ្វើ​ដោយ​ដៃ​របស់​ផលិតផលករ​ខ្មែរ​ជាង​២០០នាក់ ដើម្បី​នាំ​យកទៅ​កាន់ក្នុងស្រុក​និង​អន្តរជាតិ​។​

កញ្ញា Anne Laure BARTENAY នាយិកា​​ក្រុមហ៊ុន BRB (ឆ្វេង) និងលោក កៅ កោសល អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម(កណ្តាល) ព្រមទាំងលោក Pierre-André ROMANO ដៃគូ​ស្ថាបនិក ក្រុមហ៊ុន BRB(ស្តាំ)បាន​ចុះ​ហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា កាលពី​ថ្ងៃទី១៧ ខែមិថុនា នៅខេត្តសៀមរាប​។រូបភាព៖​ ក្រុមហ៊ុន BRB

អគ្គនាយិកា ក្រុមហ៊ុន BRB កញ្ញា Anne Laure BARTENAY ប្រាប់​ខ្មែរ​ណាស់​តាម​សារអេឡិចត្រូនិក​នៅ​ថ្ងៃសៅរ៍ថា ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក និងលើឆាកអន្តរជាតិ ក្រុមហ៊ុន​​បាន​ផ្តោត​លើ​កិច្ច​ការ​សំខាន់ៗមួយចំនួន​​ រួមមាន ក្រុមហ៊ុនជា​អ្នកឯកទេសផ្គត់ផ្គង់សម្រាប់​អ្នកលក់រាយក្នុងស្រុក និងអន្តរជាតិជាច្រើនទាំង​នៅ​លើប្រពន្ធ័អនឡាញ និងនៅទីកន្លែងផ្ទាល់។ ​ប្រភពផលិតផលក្នុងស្រុកទាំងអស់​គឺផលិត​ដោយ​​ផលិតករខ្មែរ​ជាង២០០នាក់គ្របដណ្ដប់នៅក្នុងប្រទេសកម្ពុជា។​

កញ្ញា​ Anne ថ្លែងទៀតថា​ ក្រុមហ៊ុន​នឹង​រៀបចំកម្មវិធីនៅក្នុងស្រុក និងថ្នាក់អន្តរជាតិ ដូចជា ពិព័រណ៍ផលិតផលខ្មែរ ជាមួយ ផ្សារទំនើប​ ជីបម៉ុង និង Pop-up Asia នៅតៃវ៉ាន់និងកាលពី​ថ្មី​ៗនេះក្រុមហ៊ុនបានចូលរួម​ការ​ពិព័រណ៍ពាណិជ្ជកម្មពិភពលោកសហភាពអារ៉ាប់រួម ជាមួយ​នឹង​ក្រសួង​ពាណិជ្ជកម្មក្នុងពន្លាជាតិកម្ពុជានៅទីក្រុង​ឌូបៃ។

Pop Up Asia គឺជាបណ្តាញច្នៃប្រឌិតដ៏ធំទូលាយបំផុតដែលរៀបចំសម្រាប់សហគ្រិន សិប្បកម្ម អ្នករចនា អ្នកវិនិយោគ និងបណ្តាញលក់នៅអាស៊ី។

កញ្ញា​ថ្លែងដូច្នេះថា៖«យើងខ្ញុំកំពុងផ្ដល់ជូន ផលិតផលតាមតម្រូវការ ជាពិសេសគ្រឿងការតុបតែងសំរាប់ខនដូរ អូតែល និងធ្វើការផ្ទាល់ជាមួយនឹងសិប្បករ។​យើងខ្ញុំលើកកម្ពស់ផលិតខ្មែរតាមរយៈការផ្សព្វផ្សាយ: ប្រព័ន្ធផ្សព្វផ្សាយដែលសហការជាមួយកាសែត ទស្សនាវត្តី សារព័ត៍មានក្នុងស្រុក​​ និងអន្តរជាតិ»។

កាលពី​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ​២០២២ ក្រុមហ៊ុន BRB បាន​ចុះអនុស្សរណយោគយល់គ្នា​ជាមួយ​អគ្គនាយក​ដ្ឋាន​ជំរុញពាណិជ្ជកម្ម​នៃក្រសួង​ពាណិជ្ជកម្ម​។​

ព្រឹត្តិការណ៍ពិព័រណ៍ខ្មែរ បន្លែ និងផ្លែឈើធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៩ ខែមិថុនា ឆ្នាំ២០២២នាក្រុងសៀមរាបនេះ។រូបភាព៖​ក្រសួង​ពាណិជ្ជកម្ម​

អនុស្សរណយោគយល់គ្នា​នេះត្រូវ​បានធ្វើ​ឡើង​ក្នុង​គោលបំណង ដើម្បីពង្រឹង​និងពង្រីកការសហការណ៍ជា​មួយគ្នាជាផ្លូវការណ៍ក្នុងការផ្សព្វផ្សាយវិស័យពិព័រណ៍ផលិតផលធ្វើដោយដៃ ហើយ​ដើម្បីបើកការអនុវត្តគម្រោង​មួយប្រកបដោយប្រសិទ្ធភាព និងមានបំណងលើកកម្ពស់ភាពជាដៃគូអាជីវកម្មបន្ថែម និង​តភ្ជាប់រវាងអ្នកផលិត ផលិតផលក្នុងស្រុកធ្វើ​ដោយដៃនៅក្នុងស្រុកទៅ​កាន់​ទីផ្សារក្នុងតំបន់ និងទីផ្សារអន្តរជាតិ។

កញ្ញា​ មានប្រសាសន៍ថា៖«យើងខ្ញុំនឹងពង្រឹងការសហការជាមួយនឹងមន្ទីពាណិជ្ជកម្ម ដូច្នេះហើយយើងនឹងធ្វើការលើគម្រោងថ្មីដូចជា កម្មវិធី ស្រុកមួយផលិតផលមួយដែលនឹងដំណើរការដោយមន្ទីពាណិជ្ជកម្ម»។​

កញ្ញា បន្ថែម​ទៀតថា ក្រុមហ៊ុន​នឹង​អនុវត្ត​គម្រោងសាកល្បងដំបូងនៅចុងឆ្នាំ២០២២នេះដែលមានទីតាំងនៅក្នុងខេត្តកំពុងឆ្នាំង។

កញ្ញា​និយាយថា៖«យើងខ្ញុំក៏មានការសហការរៀបចំបន្ថែមលើព្រឹត្តិការណ៍កម្មវិធីក្នុងស្រុក និងអន្តរជាតិដូចជា ពិព័រណ៍ផលិតផលខ្មែរ និងពិព័រណ៍ពិភពលោកជាបន្តបន្ទាប់។ ដូច្នេះផលិតករដែលក្រុមហ៊ុនយើងខ្ញុំកំពុងធ្វើការជាមួយផងដែរនោះ នឹងមើលឃើញកាន់តែច្បាស់ និងឱកាសលក់ផលិតផលរបស់ពួកគេកាន់តែច្រើន»។​

សព្វថ្ងៃ ក្រុមហ៊ុននេះបានលើកកម្ពស់ផលិតករក្នុងស្រុកជាង២០០នាក់ ប៉ុន្តែមិនបាន​កត់ចូលក្នុងបញ្ជីទាំងអស់បានទេដោយ​ក្រុមហ៊ុន​នឹងធ្វើការជ្រើសរើសតាមលក្ខណៈវិនិច្ឆ័យ៣យ៉ាងនោះគឺ: ដើមកំណើត​ផលិតផលត្រូវតែជាផលិតដែលផលិតនៅប្រទេសកម្ពុជា គុណភាពផលិតផល និងក្រមសីលធម៍របស់ក្រុមហ៊ុន។

កញ្ញា បាន​ឲ្យដឹងថា៖«កាលពី​ថ្មីៗនេះយើងខ្ញុំកំពុងតែធ្វើការជាមួយផលិតករដើម្បីគ្របដណ្ដប់លើផលិតផលដែលផលិតនៅក្នុងប្រទេសកម្ពុជាដែលមានគ្រប់ប្រភេទដូចជា: ម្ហូបអាហារ គ្រឿងក្រអូប ផលិតផលធ្វើពីដៃ វាយនភណ្ឌ ការតុបតែងផ្ទះ សំលៀកបំពាក់ និងគ្រឿងអលង្ការ ជាដើម»៕