វ៉ាស៊ីនតោន — 

នៅក្នុង​វិធានការ​មួយដែលគេ​បាន​រំពឹង​ទុក​ជា​យូរ​មក​ហើយ តុលាការកំពូល​សហរដ្ឋ​អាមេរិក​បានសម្រេចបញ្ចប់សេចក្តី​សម្រេចកន្លះ​សតវត្សរ៍​មក​ហើយ​របស់​ខ្លួន ដែល​បង្កើត​សិទ្ធិ​តាម​រដ្ឋធម្មនុញ្ញ​អនុញ្ញាត​ឱ្យ​មាន​ការរំលូត​កូន ដោយវិធានការ​នៅ​ថ្ងៃ​សុក្រ​នេះ​នឹង​ទុក​ឱ្យ​បណ្តា​រដ្ឋ​នានា​របស់​អាមេរិក​ជា​អ្នក​សម្រេច​រៀងៗ​ខ្លួន​ ថាតើ​អនុញ្ញាត​ឬ​មិន​អនុញ្ញាត​ឱ្យ​មាន​ការពន្លូត​កូន។​

សេចក្តី​សម្រេច​កាល​ពី​ថ្ងៃ​សុក្រ ទី២៤មិថុនា ឆ្នាំ​២០២២ ដោយ​ចៅក្រុម​អភិរក្សនិយម​ភាគ​ច្រើននៃ​តុលាការ​កំពូល​របស់​អាមេរិក កើត​មានឡើងមិន​ដល់ពីរ​ខែ​ផង ក្រោយពេល​មាន​សេចក្តី​ព្រាង​មុន​មួយ​នៃ​សេចក្តី​សម្រេច​នេះត្រូវ​បាន​គេលួច​ទម្លាយ​បញ្ចេញ​ទៅ​ឱ្យអង្គការព័ត៌មាន​មួយ​ ដែល​ការ​បែកធ្លាយ​រឿង​នេះ បាន​បណ្តាល​ឱ្យ​មាន​បាតុកម្ម​នៅទូទាំង​ប្រទេស​ដោយ​ក្រុម​សកម្មជន​ការពារ​សិទ្ធិរំលូត​កូន។

ខណៈ​ដែល​វិធានការ​ប្រែក្រឡះ​ដោយ​តុលាការ​កំពូលចំពោះសេចក្តីសម្រេច​របស់​ខ្លួនកាល​ពី​ឆ្នាំ​១៩៧៣​ក្នុង​រឿងក្តី Roe v. Wade និង​ក្នុងរឿងក្តី​ដាច់ដោយ​ឡែក​មួយទៀតហៅ​ថា Planned Parenthood v. Casey មិន​បាន​ដាក់ឱ្យ​មាន​ការ​ហាមប្រាមការ​រំលូតកូន​ក៏​ដោយ ក៏​ផល​ប៉ះពាល់​ខាងផ្លូវ​ច្បាដប់របស់​វានៅ​ទូទាំង​ប្រទេសមាន​សឹង​តែ​ភ្លាមៗ។​

វិទ្យាស្ថាន​ Guttmacher ដែល​ជា​ក្រុម​ស្រាវជ្រាវមួយ​ខាងអ្នក​គាំទ្រ​សិទ្ធិរំលូត​កូន បាន​ប៉ាន់ប្រមាណថាមាន​រដ្ឋ​ចំនួន​២៦ ដែល​ភាគ​ច្រើន​ក្នុង​ភាគ​ខាង​ត្បូងនិង​ភាគ​កណ្តាល​ (Mid-West) ​ប្រទេស​អាមេរិកនឹង​ហាម​ប្រាម​ការ​ពន្លូត​កូននៅ​ក្រោយ​ការ​ប្រែ​ក្រឡះ Roe v. Wade។​ ការណ៍​នេះ​អាចបង្ខំស្ត្រីនៅ​ក្នុង​រដ្ឋ​ទាំង​នោះ ​ត្រូវ​ឱ្យ​ស្វះស្វែងទៅ​រក​កន្លែង​រំលូតកូន ដោយ​ធ្វើ​ដំណើរទៅ​កាន់​រដ្ឋទាំង​ឡាយ​ណា​ដែល​សិទ្ធិ​ពន្លូត​កូន​ត្រូវ​បាន​ការពារ។