រូប​ឯកសារ៖ ស្ត្រី​អាហ្វហ្គានីស្ថាន​រង់ចាំ​ទទួល​កញ្ចប់​អាហារ​ដែល​ត្រូវ​ចែក​ដោយ​អង្គការ​មនុស្សធម៌​អារ៉ាប៊ីសាអូឌីត​នៅ​កន្លែង​ចែកចាយ​មួយ​ក្នុង​រដ្ឋធានី​កាប៊ុល កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០២២។

អង្គការ​សហប្រជាជាតិ — 

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​សម្តែង​នូវ​សមានចិត្ត​ដល់​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​បន្ទាប់​ពី​ការរញ្ជួយ​ដី​ដ៏​ប្រល័យ​ ខណៈដែល​ក្រុម​ប្រឹក្សា​នេះ​បាន​បន្ត​ដាក់​ការគាប​សង្កត់​លើ​ពួក​អាជ្ញាធរ​តាលីបង់​ឱ្យ​ប្រែក្រឡាស់​ការ​រឹតត្បិត​លើ​ស្ត្រី​និង​ធ្វើ​ឱ្យ​ប្រទេស​មាន​ស្ថិរភាព។

ឯកអគ្គរដ្ឋទូត​អាល់បានី​លោក Ferit Hoxha ដែល​តំណាង​ឱ្យ​សមាជិក​៩​ប្រទេស​នៃ​សមាជិក​ទាំង​អស់​ចំនួន១៥​ប្រទេស​នៅ​ក្នុង​ក្រុម​ប្រឹក្សា​នោះ​បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​ថា៖ «យើង​ជំរុញ​ឱ្យ​ក្រុម​តាលីបង់​ប្រែក្រឡាស់​ជា​បន្ទាន់​នូវ​នយោបាយ​និង​ការអនុវត្ត​ដែល​នៅពេល​បច្ចុប្បន្ន​នេះ​កំពុង​រឹតត្បិតសិទ្ធិ​មនុស្ស​និង​សេរីភាព​ដ៏​សំខាន់​របស់​ស្ត្រី​និង​ក្មេង​ស្រី​អាហ្វហ្គានីស្ថាន ហើយ​ដែល​បន្តធ្វើ​ឱ្យ​កាន់តែ​អាក្រក់​ឡើង​ដល់​មនុស្ស​ជាតិ ​សេដ្ឋកិច្ច ​សិទ្ធិ​មនុស្ស​និង​វិបត្តិ​សង្គម ​និង​ធ្វើ​ឱ្យ​អន្តរាយ​ដល់​គោលដៅ​នៃ​សន្តិភាព​ប្រកប​ដោយ​ចីរភាព​និង​ស្ថិរភាព​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន»។

កាលពី​ថ្ងៃ​ទី២៣ ខែ​មិនា ​ពួកអាជ្ញាធរ​តាលីបង់​បាន​ប្រកាស​ពី​ការបន្ត​បិទ​សាលា​មធ្យម​សិក្សា​សម្រាប់​ក្មេង​ស្រី។ អង្គការ​សហប្រជាជាតិ​និយាយ​ថា ក្មេង​ស្រី១,១​លាន​នាក់​បាន​រង​ផល​ប៉ះពាល់​ពី​ការបិទ​សាលា​រៀន​នេះ។ ប្រធាន​ផ្នែក​មនុស្សធម៌​របស់​អង្គការ​សហប្រជាជាតិ​លោក Martin Griffiths បាន​ប្រាប់​សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ថា៖ «គ្មាន​ប្រទេស​ណា​នៅ​ក្នុង​ពិភពលោក​ដែល​រដ្ឋាភិបាល​បាន​ហាមឃាត់​ក្មេង​ស្រី​មិន​ឱ្យ​ទៅ​រៀន​នៅ​សាលា​មធ្យម​សិក្សា​នោះ​ទេ»។ ក្រឹត្យ​នោះ​ក៏​បាន​រឹតត្បិត​ការដើរហើរ​របស់​ស្ត្រី​ដោយ​មិន​មាន​សាច់ញាតិ​ប្រុស​ហើយ​បាន​ស្វះស្វែង​កំណត់​មុខ​ជំនាញ​ដែល​ពួក​ស្ត្រី​អាច​ធ្វើការ​បាន។ កាលពី​ថ្ងៃ​ទី៧ ខែឧសភា ពួក​តាលីបង់​បាន​បញ្ជា​ឱ្យ​ស្ត្រី​ទាំង​អស់គ្រប​ក្បាល​និង​មុខ​របស់​ពួកគេ​នៅ​កន្លែង​សាធារណៈ​ហើយ​បាន​ជំរុញ​ឱ្យ​ពួកគេ​ស្ថិត​នៅ​ក្នុង​ផ្ទះ។

ទីប្រឹក្សា​ខាង​នយោបាយ​ស្តីទី​របស់​សហរដ្ឋ​អាមេរិក​លោក​ស្រី Trina Saha បាន​និយាយ​ថា «ប្រសិនបើ ក្រុម​តាលីបង់​ចង់​ឱ្យ​មាន​ទំនាក់​ទំនង​ជា​ប្រក្រតីភាព​ឡើង​វិញ​ជាមួយ​សហគមន៍​អន្តរជាតិ ខ្លួន​ត្រូវតែ​ប្រែក្រឡាស់​ជា​បន្ទាន់​នូវ​វិធានការ​នានា​ដែល​ខ្លួន​បាន​អនុវត្ត​ដែល​បាន​ផាត់ចោល​ស្ត្រី​ពី​សកម្មភាព​សង្គម នយោបាយ​និង​សេដ្ឋកិច្ច»។

មិន​មាន​ប្រទេស​ណា​បាន​ទទួលស្គាល់​ពួក​អាជ្ញាធរ​តាលីបង់​ដែល​បាន​រឹបអូស​យក​អំណាច​កាលពី​ខែ​សីហា​នៅ​ពេល​ដែល​កងទ័ពសហរដ្ឋ​អាមេរិក​និង​អង្គការ​អូតង់​បាន​ដក​ចេញ​ពី​ប្រទេស​នោះ។ ខណៈដែល​ស្ថានភាព​សិទ្ធិ​មនុស្ស​កាន់តែ​យ៉ាប់យ៉ឺន​ឡើងៗ ស្ថានភាព​សន្តិសុខ​កំពុង​ក្លាយ​ជា​ការមិនអាច​ទស្សន៍ទាយ​បាន។ កាលពីដំបូង ​ការបញ្ចប់​ជម្លោះ​បន្ទាប់ពី​ការកាន់​កាប់​អំណាច​របស់​ពួក​តាលីបង់​បាន​នាំឱ្យ​មាន​ការធ្លាក់​ចុះ​ការស្លាប់​ជន​ស៊ីវិល ក៏ប៉ុន្តែ អំពើ​ហិង្សា​បាន​កើន​ឡើង​ជា​ថ្មី​ម្តង​ទៀត៕